ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានបើកឲ្យដំណើរការជាផ្លូវការនូវ «ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈ» ថ្មីមួយទៀតនៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ៣ ស្ថិតនៅមហាវិថីព្រះនរោត្តមក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន។
យោងតាមបទបង្ហាញរបស់លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៅក្នុងពិធីនោះ ការបើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ គឺដើម្បីជួយសម្រួល និងពន្លឿនការផ្តល់សេវាកម្មសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងគុណភាព។
លោកថ្លែងថា៖ «ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះថ្មីនេះជានីតិវិធីរួមគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន»។
នៅក្នុងឱកាសនោះដែរលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ការដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះថ្មីនេះគឺជាជំហានថ្មីមួយទៀតរបស់រដ្ឋបាលសាធារណៈដែលទាមទារការខិតខំប្រឹងប្រែង លះបង់ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចបានសមិទ្ធផលមួយនេះ។
សមិទ្ធផលនេះនឹងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាសាធារណៈ ហើយក៏ជាការផ្ដល់ឱកាសដល់ស្ថាប័នទាំង ២ គឺ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកដើម្បីគ្រប់គ្រងទិន្នន័យ និងការធ្វើបច្ចុប្បន្នភាពរបស់ម្ចាស់យានជំនិះទាំងអស់ ចៀសវាងការឆបោក ឬការក្លែងបន្លំណាមួយពីជនខិលខូចក្នុងន័យធានាបាននូវសុវត្ថិភាពសង្គម ។
លោកបានបញ្ជាក់ថា៖ «ការចូលរួមប្រើប្រាស់ប្រព័ន្ធថ្មីនេះដោយប្រជាពលរដ្ឋនឹងជាកាតាលីករដ៏សំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ការពង្រឹងនូវវប្បធម៌បង់ពន្ធ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈបង់ពន្ធជូនរដ្ឋ»។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ថ្លែងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះនេះនឹងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅកម្ពុជា និងការផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ ព្រមទាំងរួមចំណែកក្នុងការប្រមូលប្រាក់ពន្ធអាករធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងទប់ស្កាត់ការក្លែងបន្លំផ្សេងៗឲ្យមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព»។
ទន្ទឹមជាមួយគ្នានេះលោក ចាន់ថុល ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលទិញ-លក់យានយន្តបានចុះបញ្ជីរួច ប៉ុន្តែពុំទាន់បានធ្វើការផ្ទេរកម្មសិទ្ធិយានយន្តត្រូវប្រញាប់មកធ្វើការផ្ទេរកម្មសិទ្ធិយានយន្តនៅមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះដើម្បីកាន់កាប់យានយន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ និងរួចផុតពីកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់ដូចជាករណីរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ឬរថយន្តប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។
យោងតាមទិន្នន័យក្នុងវិស័យដឹកជញ្ជូនដែលត្រូវបានបង្ហាញនៅក្នុងពិធីកាលពីម្សិលមិញ ដោយលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ យានយន្តដែលបានចុះបញ្ជីតាំងពីឆ្នាំ ១៩៩០ រហូតដល់ខែសីហា ឆ្នាំ ២០២០ សរុបមានចំនួន ៥ ៧១៨ ៦៥០ គ្រឿង ក្នុងនោះទោចក្រយានយន្តមានចំនួន ៤ ៨៦៥ ៣៩៦ គ្រឿង រថយន្តធុនស្រាលមាន ៥៩៥ ៦៤០ គ្រឿង និងរថយន្តធុនធ្ងន់មានចំនួន ២៥៧ ៦១៤ គ្រឿង៕
វីដេអូ៖