ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV-2019) ដែលកំពុងបន្តរាតត្បាតនៅលើពិភពលោក និងបណ្តាលឲ្យមនុស្ស ៩ នាក់ស្លាប់ គិតត្រឹមថ្ងៃពុធ ទី ២២ ខែមករា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រកាសក្រើនរំឭកជូនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលអាចកើតមានជាយថាហេតុ។
លោកបានថ្លែងថា៖ «ដូច្នេះសូមក្រើនរំឭកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថា មានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចស្រាល់នៅទីកន្លែងដែលដឹងថា មានជំងឺដែលបាននិងកំពុងកើតមាន ឬកំពុងផ្ទុះរាតត្បាត»។
គិតត្រឹមថ្ងៃទី ២២ ខែមករា ជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ត្រូវបានរាយការណ៍ថា បានសម្លាប់មនុស្សចំនួន ៩ នាក់ និងអ្នកផ្ទុកវីរុសនេះចំនួន ៤៤០ នាក់ ភាគច្រើននៃអ្នកជំងឺគឺស្ថិតនៅប្រទេស ចិន។ នេះបើតាមសារព័ត៌មាន South China Morning Post។
ក្រោយពីផ្ទុះជំងឺនេះដំបូងកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុននៅទីក្រុង Wuhan ប្រទេស ចិន គណៈកម្មការជាតិសុខាភិបាលចិនក៏ដូចជា អង្គការសុខភាពពិភពលោកបានរាយការណ៍ថា វីរុសនេះបានរីកសាយភាយទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេស ចិន ដូចជា ប៉េកាំង សៀងហៃ ក្វាងចូវ និងហុងកុង។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេរកឃើញថា បានឆ្លងទៅកាន់ប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២១ មករា ស្តីពីបច្ចុប្បន្នភាពនៃជំងឺប្រភេទថ្មីនៅកម្ពុជាបានឲ្យដឹងថា វីរុសប្រភេទថ្មីនេះ ត្រូវបានទទួលស្គាល់ថា អាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត ដូច្នេះប្រជាពលរដ្ឋកម្ពុជា ត្រូវតែប្រុងប្រយ័ត្នក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើនេះជាពិសេសគឺនារដូវបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខែ្មរដែលកំពុងខិតជិតមកដល់។
ក្រសួងសុខាភិបាលបានបន្តថា «បើទោះជាបច្ចុប្បន្ននេះកម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀត និងពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនឯងដែរ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេស ចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុង ១៤ ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាល់មិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115»។
លោកស្រីបញ្ជាក់ថា៖ «ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី លោកអ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាលអំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ»។
ដើម្បីការពារការរាតត្បាតនៃជំងឺប្រភេទថ្មីនៅកម្ពុជា ក្រសួងសុខាភិបាលបានអះអាងថា ក្រសួងបានដាក់ម៉ាស៊ីនស្គែនកម្ដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័កនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាបត្រៀមសម្ភារបរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាល។
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលក៏បានត្រៀមមន្ទីរពិសោធន៍ជាតិរួចជាស្រេចផងដែរ ដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះដោយមានក្រុមជំនាញសុខាភិបាលជាង ២ ០០០ នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបនឹងជំងឺប្រភេទនេះ ប្រសិនបើកើតមានជាយថាហេតុ៕
វីដេអូ៖