ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ស្ដីពី​ការអនុវត្ដ​អត្រាពន្ធ​លើ​ប្រាក់បៀវត្សរ៍​សម្រាប់​សហគ្រាស​ដែលជា​អ្នក​ជាប់ពន្ធ​ដែល​មាន​កាតព្វកិច្ច​កាត់ទុក និង​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ត្រូវ​អនុវត្ដ​អត្រាកំណើន​ថ្មី​ចំពោះ​ប្រាក់បៀវត្សរ៍ ដែល​បើក​ជូន​និយោជិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ តរៀង​ទៅ និង​ត្រូវដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​នីមួយៗ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​ ២០ នៃ​ខែ​បន្ទាប់​។


សេចក្ដី​ណែនាំ​ដែល​ចេញ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៣ ខែ​មីនា ស្ដីពី​ការ​អនុវត្ដ​អត្រាពន្ធ​លើ​ប្រាក់បៀវត្សរ៍​ថ្មី​នេះ​បាន​អនុលោម​តាម​មាត្រា​ ៥ នៃ​អនុក្រឹត្យ​លេខ​ ៩ ចុះ​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​ស្ដីពី​តារាង​ភាគ​នៃ​ប្រាក់ចំណូល​ជាប់ពន្ធ​ប្រចាំឆ្នាំ​ និង​តារាង​ភាគ​នៃ​ប្រាក់បៀវត្សរ៍​ជាប់ពន្ធ​ប្រចាំខែ​របស់​រាជរដ្ឋាភិបាល​។

សេចក្ដី​ណែនាំ​នេះ​បានបញ្ជាក់​រយៈពេល​អនុវត្ដ​ និង​អត្រាកំណើន​តាម​ថ្នាក់​ថ្មី​ថា​៖ «​គ្រប់​សហគ្រាស​ដែលជា​អ្នក​ជាប់ពន្ធ​និវាសនជន ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែល​មាន​កាតព្វកិច្ច​កាត់ទុក​ និង​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ត្រូវ​អនុវត្ដ​អត្រាកំណើន​តាម​ថ្នាក់​ថ្មី​ចំពោះ​ប្រាក់បៀវត្សរ៍​ដែល​បើក​ជូន​និយោជិត​ចាប់ពី​ខែកុម្ភៈ​ ឆ្នាំ​ ២០២០ ​តរៀង​ទៅ​ដែល​នឹង​ត្រូវដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​ប្រចាំខែ​នីមួយៗ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​ ២០ នៃ​ខែ​បន្ទាប់​»​។

សេចក្ដី​ណែនាំ​នេះ​បាន​បង្ហាញ​តារាង​អត្រា​កំណត់​តាម​ថ្នាក់​ថ្មី​មាន​ដូចជា​ភាគ​បៀវត្សរ៍​ជាប់ពន្ធ​ប្រចាំខែ​ចាប់ពី ០ រៀល ដល់ ១ ៣០០ ០០០ ​រៀល​អត្រាពន្ធ ០ ភាគរយ​។ ចាប់ពី ១ ៣០០ ០០១ រៀល​ដល់​ ២ ០០០ ០០០ ​រៀល អត្រាពន្ធ ៥ ​ភាគរយ​។ ចាប់ពី ២ ០០០ ០០១ រៀល ដល់ ៨ ៥០០ ០០០ រៀល អត្រាពន្ធ ១០ ​ភាគរយ​។ ចាប់ពី ៨ ៥០០ ០០០ រៀល ដល់ ១២ ៥០០ ០០០ រៀល អត្រាពន្ធ ១៥ ​ភាគរយ និង​លើសពី ១២ ៥០០ ០០០ រៀល អត្រាពន្ធ ២០ ​ភាគរយ​។


សេចក្ដីណែនាំ​នេះ​បញ្ជាក់​ទៀត​ថា ផ្អែកលើ​ការបង្ហាញ​ភ័ស្ថុតាង​នៃ​ស្ថានភាព​គ្រួសារ មន្ដ្រីរាជការ​គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករនិយោជិត​ដែល​មាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ​ត្រូវ​បាន​អនុញ្ញាតឱ្យ​កាត់បន្ថយ​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ចំពោះ​កូន​ក្នុងបន្ទុក​ និង​សហព័ន្ធ​ជា​មេផ្ទះ​ក្នុង​ម្នាក់ៗ ១៥០ ០០០ រៀល​ក្នុង ​១ ​ខែ​។ ការកាត់បន្ថយ​នេះ​ធ្វើឱ្យ​មូលដ្ឋាន​គិត​ពន្ធលើ​ប្រាក់​បៀវត្សរ៍​កាន់តែ​ទាប​ដែលនាំឱ្យ​មន្ដ្រី​រាជការ​គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករនិយោជិត ដែល​មាន​បន្ទុក​ចិញ្ចឹម​កូន​ប្ដី​ ឬ​​ប្រពន្ធ និង​ដែលមាន​ប្រាក់បៀវត្សរ៍​ក្នុង​រង្វង់​ពី​ ១ ៣០០ ០០១ រៀល​ដល់​ ២ ០០០ ០០០ ​រៀល​ (​ប្រមាណ​ពី​ ៣២៥ ទៅ ៥០០ ដុល្លារ​អាមេរិក​) អាច​នឹង​រួច​ផុតពី​ការបង់​ពន្ធលើ​ប្រាក់​បៀវត្សរ៍​។


យោងតាម​មាត្រា​ ៤២ ថ្មី​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ​ពាក្យ «​ប្រាក់បៀវត្សរ៍​» ​សំដៅ​ដល់​បៀវត្សរ៍​លាភការ ប្រាក់​បំណាច់​បុព្វលាភ​ប្រាក់​ម៉ោង​បន្ថែម​ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថប្រយោជន៍​បន្ថែម​ដែល​បាន​ទូទាត់​ឱ្យដល់​និយោជិត​ ឬ​ដែល​បាន​ទូទាត់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត​ចំពោះ​ការបំពេញ​សកម្មភាព​ការងារ​។

លោក​ គឹម សុភៈ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ម្សិលមិញ​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​សេចក្ដី​ណែនាំ​នេះ​ដោយ​ប្រាប់​ឱ្យ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ទៅ​មន្ដ្រី​ជំនាញ​លោក រាម រដ្ឋា ប្រធាន​នាយកដ្ឋាន​កិច្ចការងារ​ទូទៅ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​នៃ​ក្រសួង​សេដ្ឋកិច្ច​។ ប៉ុន្ដែ​ទូរស័ព្ទ​លោក រដ្ឋា ពុំ​មាន​អ្នកទទួល​ឡើយ​។

ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​ ២០១៨ បានចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការអនុវត្ដ​អត្រាពន្ធ​លើ​ប្រាក់​បៀវត្សរ៍​នេះដែរ​ដោយ​កាលនោះ​ក្រសួង​បាន​ឱ្យ​គ្រប់​សហគ្រាស​ដែល​ជា​អ្នក​ជាប់ពន្ធ​និវាសនជន​ស្ថាប័នរដ្ឋ និង​អង្គការ​នានា​ដែល​មាន​កាតព្វកិច្ច​កាត់ទុក និង​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍ ត្រូវ​អនុវត្ដ​អត្រាកំណើន​តាម​ថ្នាក់​ថ្មី​ចំពោះ​ប្រាក់បៀវត្សរ៍ ដែល​បើក​ជូន​និយោជិត​ចាប់ពី​ខែ​មករា ឆ្នាំ ២០១៨ ​តរៀង​ទៅ​នឹង​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​ប្រចាំខែ​នីមួយៗ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី ២០ ​នៃ​ខែ​បន្ទាប់​ដូចគ្នា​។

ប៉ុន្ដែ​សេចក្ដីណែនាំ​កាលពី​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​តារាង​អត្រា​កំណត់​តាម​ថ្នាក់​​ថ្មី ប្រាក់បៀវត្សរ៍​ជាប់ពន្ធ​ប្រចាំខែ​ដែល​ចាប់ពី​ ០ ​រៀល​រហូត​​ដល់ ១ ២០០ ០០០ រៀល អត្រាពន្ធ​ ០ ​ភាគរយ​។ ចាប់ពី ១ ២០០ ០០១ រៀល​ដល់ ២ ០០០ ០០០ ​រៀល​អត្រាពន្ធ​ចំនួន ៥ ​ភាគរយ​។ ចាប់ពី ២ ០០០ ០០១ រៀល​ដល់ ៨ ៥០០ ០០០ រៀល​អត្រាពន្ធ ១០ ​ភាគរយ​។ ចាប់ពី ៨ ៥០០ ០០០ រៀល​ដល់ ១២ ៥០០ ០០០ រៀល អត្រាពន្ធ ១៥ ភាគរយ និង​លើសពី ១២ ៥០០ ០០០ រៀល អត្រា​ពន្ធ ២០ ​ភាគរយ​៕