ភ្នំពេញៈ មន្ត្រី​ក្រសួង​ធម្ម​ការ​ និង​សាស​នា ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្រសួង​ធម្មការ​ និង​សាស​នា​បាន​ចាត់​ជំ​នាញ​ឲ្យ​ចុះ​ស្រាវ​ជ្រាវ​ករ​ណី​មិន​ប្រក្រ​តី​គូស្នេហ៍​រវាង​សង្ ឃ​និង​ស្ត្រី​ម្នាក់ ​ក្រោយ​ពី​​ឃើញ​មាន​រូបភាព​​​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។


ថ្មី​ៗនេះ​មាន​រូប​ភាព​ព្រះ​សង្ឃមួយ​អង្គ​ និង​ស្រ្តីស្រស់​ស្អាត​ម្នាក់​ពាក់​អាវ​វាល​បញ្ចេញ​គល់​សុដន់ ភ្ជាប់​ជាមួយ​រូប​ថត​ព្រះ​សង្ឃដែល​មាន​រូបមួយ​លែង​ខ្លួន​ទទេ​ និង​រូប​ម្ខាង​ទៀត​គ្រង​ស្បង់ជីពរ។

លោក​ ​សេង​ ​សុមុ​នី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​សាស​នា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរ​ធម្ម​ការ​ ​និង​សាសនា ​រាជ​ធានី​ភ្នំពេញ ​បាន​ចុះ​ស្រាវ​ជ្រាវ​ទី​តាំង​វត្ត​ពោធិ៍​ចិន​តុង​ចប់​សព្វ​គ្រប់​ហើយ​ តែ​មិន​ទាន់​ទទួល​​បាន​របាយ​ការណ៍​ពី​មន្ទីរ​ធម្មការ​ និង​សាស​នា​ រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ ពី​​ព្រោះ​ មន្ទីរ​កំពុង​តែ​ធ្វើ​របាយ​ការណ៍​ដើ​ម្បី​រាយ​ការណ៍​ជូន​ក្រសួង។​

​លោក​ ​សេង​ ​សុមុ​នី​ ​បញ្ជាក់​ថា​៖ ​​«​អ៊ីចឹង​យើង​គ្រាន់​តែ​បាន​ដឹង​ថា ​យើង​រក​ឃើញ​ទី​តាំង​ហ្នឹង​ហើយ តែ​គ្រាន់​ថា​ ​ករណី​ហ្នឹង​មាន​ចំណុច​ខ្លះ​ វា​មិន​ទាន់​បាន​ទទួល ​(​ព័ត៌​មាន) ​អស់​ទេ»។


​លោក​ ​ទេព​ ​គង្គា​ ​ប្រធាន​មន្ទី​រ​ធម្មការ​ និង​សាស​នា​រាជ​ធានីភ្នំ​ពេញ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ជន​ខិល​ខូច​បាន​កាត់​ត​រូប​ចៅ​អធិការ​ ​ព្រះ​នា​ម​ វ៉ាន​ ​វន្នី​ ​និង​នារី​រង​គ្រោះ ​ឈ្មោះ ​លី​ម​ ធីតា​ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ព្រះអង្គ។​


​លោក​ ទេព​ គង្គា ​មិន​បាន​ដឹង​ថា​ តើ​ការ​ធ្វើ​ដូច្នេះ​មាន​ការពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​អ្វី​នោះ​ទេ។​ ​

លោក ​​ទេព ​គង្គា ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ នៅ​ក្នុង​សាលា​អនុ​គណ​ចៅ​អធិ​ការ​ត្រូវ​បា​ន​និមន្ត​ ហើយ​នារី​រង​គ្រោះ​ក៏​ត្រូវ​បាន​អញ្ជើញ​ដោយ​ឡែក​ពី​គ្នា​ដើម្បី​សួរ​នាំ​ជា​សក្ខី​កម្ម​ ហើយ​បាន​បដិ​សេធដូចៗ​គ្នា​ថា ​មិន​មាន​ទំនាក់​ទំនង​អ្វី​ខុស​ពី​ផ្លូវ​ព្រះ​ពុទ្ធ​សាស​នា​រវាង​ព្រះសង្ឃ​ ​និង​ពុទ្ធ​បរិស័ទ​នោះ​ទេ។​ ​​ ​

​លោក ​ទេព​ ​គង្គា ​បញ្ជាក់​ថា​៖​ ​«​យើង​បាន​និមន្ត​ព្រះ​អង្គ ​អនុ​គណ​មក​អស់​ហើយ​ ហើយ​ក៏​បាន​ទាក់ទង​ទៅ​នារី​ហ្នឹង​ដែរ។​ ​នារី​ម្នាក់​ហ្នឹង​បាន​បដិ​សេធថា​ រូប​ទាំង​អស់​ហ្នឹង​ជា​រូប​របស់​គាត់ ប៉ុន្តែ​វា​មិន​មាន​រូប​ភាព​បែប​ហ្នឹង។​ ​នេះ​គឺ​រូបភាព​ ​Edi​t​ ​(កា​ត់​ត)​ ព្រោះ​អី​គាត់​ និង​លោក (​ចៅ​អធិ​ការ​)​ ​មិន​ដែល​មាន​ទំនាក់​ទំនង​អី​ក្រៅ​ពី​ពុទ្ធបរិស័ទ​ ​ហើយ​និង​ព្រះសង្ឃ​ទេ»។​

លោក​ ​ទេព​ ​គង្គា​ ​បញ្ជាក់​ថា​ ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ចៅ​អធិការ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ព្រះ​ពុទ្ធ​សាស​នា​យ៉ាងខ្លាំង។​ ​លោក​ថា​ បើ​សិន​ជា​លោក​អាច​ស្រាវ​ជ្រាវ​រក​គណនី​ជន​ដែល​កាត់​ត​បង្ហោះ​រូប​ទាំង​នេះ​ លោក​ប្រហែល​ជា​អាច​ដាក់​​បណ្តឹង​បក​ទៅ​ជន​​នោះ​វិញ ​ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​ប្រទេស​ជាតិ​ទាំងមូល៕​ ​