ភ្នំពេញៈ ក្រសួង​បរិស្ថាន​ជូន​ដំណឹង​ពី​ការ​ផ្សព្វ​ផ្សាយ​ឯកសារ​សម្រាប់​គ្រប់​គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​នៃ​ការ​អនុវត្ដ​គម្រោង​ «និរន្ដរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ»​ ក្នុង​ខេត្ដ​ចំនួន ៧ ជាមួយ​ទំហំទឹកប្រាក់​ជាង ៥០ ​លាន​ដុល្លារ​​អាមេរិក​​ក្នុង​រយៈពេល​ ៥ ឆ្នាំ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ​នៃ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។


សេច​ក្ដី​ជូន​ដំណឹង​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពីថ្ងៃ​ទី ១៣ ​ខែ​កុម្ភៈ​បាន​បង្ហាញ​ថា ​ក្រុមការ​​ងារ​រៀប​ចំ​គម្រោង ​នៃ​ក្រសួង​​បរិស្ថាន​ សហការ​ជា​មួយ​ធនាគារ​ពិ​ភពលោក ​បាន​និង​កំពុង​រៀប​ចំ​គម្រោង ​«និរន្ដរភាព​តំបន់​ទេសភាព និង​ទេស​ចរណ៍​ធម្មជាតិ​»​ ដែល​ជាគម្រោង​កម្ចី​ពី​ធនាគារ​ពិភពលោក​មាន​គោល​ដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ ​ជំរុញ​ទេស​ចរណ៍​ធម្មជាតិ ​និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃ​ឈើ​ក្នុង​ខេត្ដ​គោលដៅ​ចំនួន ៧​ ស្ថិត​នៅ​ជួរភ្នំ​ក្រវាញ ​និង​តំបន់​បឹង​ទន្លេ​សាប​។ ក្រសួង​បរិស្ថាន នឹង​អនុវត្ដ​គម្រោង​នេះ​ទៅលើ​ខេត្ដ​ចំនួន​ ៧ នោះ ​រួមមាន ខេត្ដ​កំពង់​ស្ពឺ ​កោះកុង​ ពោធិ៍សាត់ បាត់​ដំបង ​កំពង់​ឆ្នាំង ​កំពង់ធំ​ និង​ខេត្ដ​​ សៀមរាប។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ថា ​គម្រោង​នេះ​មាន​សមាស​ភាគ ចំនួន ​៣ សំខាន់​គឺការវិនិ​យោគ​លើ​ការ​ពិនិត្យ​តាម​ដាន និង​ការ​រៀប​ចំផែន​ការតំបន់​ទេស​ភាព​ប្រកប​ដោយ​និរន្ដ​រភាព ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​សម្រួល​ដល់​ទេស​ចរណ៍​ធម្មជាតិ ​និង​ចង្វាក់​តម្លៃ​អ​នុ​ផល​ព្រៃ​ឈើ ​និង​ការ​គ្រប់​គ្រង​ការ​ពិនិត្យ​តាម ដាន​ និង​ការ​វាយ​តម្លៃ​គម្រោង។

ក្រសួង​បាន​ដាក់​ចេញ​នូវ​ឯកសារ​សំខាន់ៗ​ចំនួន ៤ ​គឺ ១.ឯក​​សារ​ក្រប​ខ័ណ្ឌ​គ្រប់​គ្រង​ដំណើរការ​សុវត្ថិភាព​សង្គម ២.ឯកសារ​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ស្ដី​ពី​ការ​ប្ដូរ​ទី​តាំង​លំនៅ​ឋាន​ ៣.ឯកសារ​ក្រប​ខ័ណ្ឌ​រៀប​ចំ​ធ្វើ​ផែន​ការ​របស់​ជន​ជាតិ​ដើម​ភាគតិច​ និង ​៤.ឯកសារ​ក្រប​ខ័ណ្ឌ​សម្រាប់​គ្រប់​គ្រង​សុវត្ថិភាព​បរិស្ថាន។


លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ថ្លែងថា ​គម្រោង​នេះ​មានទឹកប្រាក់​ប្រមាណ ៥៣ លាន​ដុល្លារ​អាមេរិក​ ​ដែល​ ៥០ ​លាន​ដុល្លារ​នឹងបាន​មកពីប្រាក់កម្ចី​ធនាគារ​ពិភព​លោក ​និង ៣ ​លាន​ដុល្លារទៀត​បានមកពី​មូលនិធិ​បរិស្ថាន​សកល។


លោក​បញ្ជាក់ថា​៖ «តាមរយៈ​គម្រោងនេះ ​យើង​ជឿជាក់ថា​ធនធាន​ធម្មជាតិ​របស់​យើង​នឹង​ត្រូវបាន​ការពារ​បាន​យ៉ាងល្អ ​និង​អាច​ទប់ស្កាត់​បទល្មើស ​និង​ការកាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដោយ​ខុសច្បាប់​ ហើយ​បទល្មើស​ព្រៃឈើ ​និងការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​នឹង​បន្ត​ថយ​ចុះ។​ ពលរដ្ឋ​រស់នៅ​តំបន់​អនុវត្ត​គម្រោង​ នឹង​ទទួលបាន​ផល​ប្រយោជន៍​ច្រើន​ពី​ទេសចរណ៍​ធម្មជាតិ»៕