ភ្នំពេញៈ ក្រសួងអប់រំលើកពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ ដោយមិនបានកំណត់ពេលវេលានៃការចាប់ផ្ដើមវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។
ក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំកាលពីថ្ងៃពុធថា៖ «ក្នុងឆ្នាំសិក្សា ២០១៩-២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តកំណែទម្រង់ការប្រឡងគ្រប់ប្រភេទស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
តាមការគ្រោងទុកការរៀបចំការប្រឡងឌីប្លូមនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃ ៣ ដល់ទី ១០ ខែសីហា រីឯការរៀបចំការប្រឡងបាក់ឌុបវិញនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា។ ក្រសួងនឹងកំណត់ និងជូនដំណឹងពីកាលបរិច្ឆេទនៃសម័យប្រឡងទាំង ២ នេះនៅពេលក្រោយ។
ក្រសួងអប់រំបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះប្រឡង និងការផ្តល់សំណុំលិខិតចុះឈ្មោះប្រឡងបាក់ឌុបសម្រាប់បេក្ខជនគ្រប់ប្រភេទ ទាំង Hard copy និង Soft copy ត្រូវបញ្ជូនមកនាយកដ្ឋានកិច្ចការរបស់ក្រសួងអប់រំតាមកាលកំណត់ដើម្បីរៀបចំការប្រឡងនៅពេលក្រោយ។
ក្រសួងអប់រំបានបញ្ជាក់ទៀតថា សិស្សានុសិស្សទាំងអស់ត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-learning) ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំដែលមាន Youtube Facebook មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិក ប្រព័ន្ធ E-School Cambodia និង Wiki School។
កម្មវិធីរៀនទាំងនេះក៏មាននៅលើប្រព័ន្ធដំណើរការទូរស័ព្ទដៃ Androi និង iOS និងមានការចាក់ផ្សាយតាមទូរទស្សន៍ ដូចជាទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ ១១ ទូរទស្សន៍ OneTV ប៉ុស្តិ៍លេខ ៦ ទូរទស្សន៍ខ្សែកាប SkyOne ប៉ុស្តិ៍លេខ ៣៥ ទូរទស្សន៍ Wiki School TV ជាដើម និងពីប្រភពផ្សេងៗទៀត។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំមិនបានបញ្ជាក់បន្ថែមនោះទេកាលពីថ្ងៃពុធ តែលោកសុំឱ្យយោងតាមសេចក្តីណែនាំនេះ។
ក្រសួងអប់រំបានអនុញ្ញាតឱ្យបិទសាលារៀនចាប់ពីមតេ្តយ្យសិក្សាដល់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជនចាប់ពីថ្ងៃទី ១៦ ខែមីនារហូតដល់មានការជូនដំណឹងតាមក្រោយ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។
កាលពីថ្ងៃពុធនេះផងដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និង លោក ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងអប់រំបានបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃពុធថា ការផលិត និងផ្សព្វផ្សាយកម្មវិធីសិក្សានេះក៏ដើម្បីធានាឱ្យមានសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទអាចទទួលបានការអប់រំ ប្រកបដោយគុណភាពដូចសិស្សានុសិស្សនៅទីក្រុង។
ក្រសួងអប់រំបានដកស្រង់សម្ដីលោក ហង់ជួន ណារ៉ុន បង្ហោះក្នុងហ្វេសប៊ុកថា ក្រសួងទាំង ២ សហការគ្នានេះគឺដើម្បីរៀបចំជាប៉ុស្តិ៍ទូរទស្សន៍អប់រំមួយដើម្បីផ្សព្វផ្សាយពីការបង្រៀនតាមអនឡាញតាមកញ្ចក់ទូរទស្សន៍ ហើយសិស្សមានលទ្ធភាពរៀនបានទូទាំងប្រទេស។
ក្រសួងអប់រំបញ្ជាក់ថា លោករដ្ឋមន្ត្រីរូបនេះក៏បានណែនាំដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់រៀបចំឲ្យកូនៗមានកន្លែងរៀនសូត្រឲ្យបានត្រឹមត្រូវ និងសៀវភៅគោលសិក្សាជាដើម ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់ការសិក្សាតាមអនឡាញ។ នាពេលខាងមុខក្រសួងនឹងរៀបចំឲ្យមានប្រព័ន្ធសួរ-ឆ្លើយបន្ថែមទៀត ដើម្បីឲ្យកាន់តែមានភាពងាយស្រួលទៅដល់សិស្សដែលមានចម្ងល់ នៅពេលរៀនតាមអនឡាញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកាលពីថ្ងៃពុធ ក្រសួងព័ត៌មានបានស្នើសុំក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ ១ ប៉ុស្តិ៍ក្នុង ១ ខេត្តសម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចម្ងាយតាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប «តេជោធីវី» នូវកម្មវិធី «ទទក២» ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ក្រុមហ៊ុនខេមបូឌានឌីធីវី ណេតវើក លីមីធីត បានប្រគល់ឌីធីវីចំនួន ១០ ឈុតដល់ក្រសួងអប់រំ៕