ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ការផ្តល់​ជំនួយ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ចិន​កំពុង​រៀបចំ​បង្កើត​បណ្ណាល័យ​ឌីជីថល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ពង្រីក​ការផ្សព្វផ្សាយ​អំពី​បញ្ហា​គ្រឿងញៀន​ឱ្យបាន​ទូលំទូលាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដល់​សិស្សានុសិស្ស និង​យុវជន​កម្ពុជា​។


លោក​ លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពីថ្ងៃ​ទី​ ២៧ តុលា ថា ការបង្កើត​បណ្ណាល័យ​ឌីជីថល​នេះ​ធ្វើ​ឡើង​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ចិន​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​យើង ភាគី​ចិន​បាន​ឯកភាព​ជួយផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​បណ្ណាល័យ​ឌីជីថល​ដ៏​មាន​សារ:សំខាន់​នេះ​ជា​ថវិកា​ប្រមាណ​ជា ៥ ​ម៉ឺន​ដុល្លារ​។ យើង​ក៏បាន​ស្នើ​ឲ្យ​មានការ​ផ្ដល់ជំនួយ​គាំទ្រ​ទៅលើ​បច្ចេកទេស​ដូចជា​ការប្រតិបត្ដិការ​លើ​បណ្ណាល័យ​ឌីជីថល​នេះ​ពី​ភាគី​ចិន​ផងដែរ​»​។

បើតាម​លោក​ លឹម តុងហួត តួនាទី​សំខាន់​នៃ​បណ្ណាល័យ​ឌីជីថល​នេះ​គឺ​ផ្ទុក​ឯកសារ និង​ព័ត៌មាន​ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដើម្បីឱ្យ​សិស្សានុសិស្ស និង​សាធារណជន​អាច​ចូលទៅ​ទាញយក​ឯកសារ និង​អាន ស្វែងយល់​ពី​បញ្ហា​គ្រឿងញៀន​បាន​។


លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​សម្ភារ​ឧបទេស​សម្រាប់​ការអប់រំ បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតាម​គ្រឹះស្ថានសិក្សា​ថ្លែង​ពីថ្ងៃ​ទី​ ២៧ តុលា ដែរ​ថា បណ្ណាល័យ​ឌីជីថល​នេះ​ក្នុង​ជំហាន​ដំបូង​នឹង​ធ្វើ​នៅ​ទីតាំង​បណ្ដាល័យ​សម្ដេច​ ហ៊ុន សែន នៅ​វិទ្យាល័យ​បឹងត្របែក​។


ដំណាក់កាល​បន្តបន្ទាប់​ទៀត​នឹង​ធ្វើការ​ពង្រីក​បណ្ណាល័យ​ឌីជីថល​នេះ​ឱ្យមាន​ទីតាំង​នៅតាម​ខេត្ដ​គោលដៅ​ចំនួន​ ៩ ​ទៀត​។ បើតាម​គម្រោង បណ្ណាល័យ​ឌីជីថល​នៅតាម​ខេត្ដ គឺ​ធ្វើ​នៅ​តាម​វិទ្យាល័យ​ធនធាន ដែល​ក្រសួង​អប់រំ​បានកំណត់​។

លោកស្រី​ថ្លែងថា​៖ «​ជំហាន​ដំបូង​នេះ​យើង​ធ្វើ​នៅ​បណ្ណាល័យ​សម្ដេច ហ៊ុន សែន នៅ​វិទ្យាល័យ​បឹងត្របែក​ជា​គម្រោង​ទី​ ១ ​សិន ដើម្បី​យក​លទ្ធផល​មក​ធ្វើការ​សិក្សា​ទើប​ឈានទៅ​បន្ត​ពង្រីក​បន្ថែមទៀត​នៅតាម​បណ្ដា​ខេត្ដ​គោលដៅ​»​។

បើតាម​លោកស្រី សឿ សុជាតា ភាគី​ចិន​ផ្ដល់ជំនួយ​ថវិកា​ ៥ ​ម៉ឺន​ដុល្លារ​ក្នុង​ការរៀបចំ​បង្កើត​បណ្ណាល័យ​នេះ​។ ប៉ុន្ដែ​នឹង​មាន​ការឧបត្ថម្ភ​បន្ថែម​សម្រាប់​ការរៀបចំ​ផ្នែក​ប្រព័ន្ធ​បច្ចេកទេស​នៃ​ការដំណើរការ​បណ្ណាល័យ​ឌីជីថល​នៅលើ​វេបសាយ​បន្ថែមទៀត​។ ក្នុងនោះ​ភាគី​ចិន​នឹង​ផ្ដល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​ក្នុង​ ១ ​ខែ​ប្រមាណ​ជិត​ ១ ​ពាន់​ដុល្លារ​លើ​ការងារ​នេះ​។

លោកស្រី​ថា បណ្ណាល័យ​នេះ​មិន​ត្រឹម​តែមាន​វេបសាយ​សម្រាប់​សិស្សានុសិស្ស​អាច​ចូលទៅ​មើល និង​ទាញយក​ឯកសារ​បានទេ ប៉ុន្ដែ​ក៏​មាន​ការបង្កើត​បន្ទប់​នៅតាម​វិទ្យាល័យ​ធនធាន​បន្ថែម​ទៀត​ដើម្បីឱ្យ​សិស្ស និង​យុវជន​ចូល​ទៅ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ផងដែរ​។

បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​ ២៦ តុលា លោកស្រី​ សឿ សុជាតា និង​លោក​ លឹម តុងហួត បាន​ជួបពិភាក្សា​ជាមួយ​តំណាង​របស់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ផងដែរ​។ ក្នុងជំនួប​នោះ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​បន្តការងារ​បច្ចេកទេស​ដើម្បី​បង្កើត​បណ្ណាល័យ​ឌីជីថល​នេះ​៕