ភ្នំពេញៈ ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​បាន​ព្រមាន​ថា​បាតុ​ភូត​ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់​នៅក្នុង​ឆ្នាំនេះ​ នឹង​កើត​មាន​ច្រើន​ជាង​ឆ្នាំ​មុនៗ និង​បាន​អំពាវ​នាវ​ឲ្យព​ល​រដ្ឋបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​បាតុ​ភូត​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើង​នៅ​មុន ​និង​​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់ ពិសេសភ្លៀង​កក់​ខែ​ក្នុង​រដូវ​ប្រាំង​នេះ ។​


តាម​សេចក្ដី​ជូន​ដំណឹង​ចុះថ្ងៃទី ​១៦​ ខែ​ មីនា ឆ្នាំ ​២០១៩​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ ក្រសួង​ធនធាន​ទឹក​ និ​ងឧតុ​និយម​បាន​បញ្ជាក់​ថា​ ភ្លៀង​កក់​ខែ​នឹង​ចាប់​ផ្ដើម​ធ្លាក់​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​ពី​ថ្ងៃ​ទី​ ២១​ ដល់​ថ្ងៃទី​ ២៤ ខែ​មីនា ខាង​មុខនេះ ហើយ​វា​នឹង​នាំ​មក​ជា​មួយ​នូវបាតុ​ភូត​ផ្គរ​រន្ទះ និងខ្យល់​កន្ត្រាក់​ផង​ដែរ។

ជា​មួយ​គ្នានេះ​ សីតុ​ណ្ហ​ភាព​នឹង​ថយ​ចុះ​បន្តិច​ដោយ​ខេត្ត​មួយ​ចំនួ​ននៅ​ភាគ​ខាង​កើត​ ខាង​ត្បូង​នៃ​ប្រទេស​ កម្ពុជា ​រួម​ទាំង​តំបន់មាត់​​សមុទ្រ​ផង​ ​សីតុណ្ហភាព​អតិ​បរមា​នឹង​ធ្លាក់​មក​នៅ​ចន្លោះ​ពី​ ៣០-៣២​ អង្សា​សេ ​ខណៈ​រាជ​ធានី​ខេត្ត​ខ្លះ ​សីតុណ្ហ​ភាព​នឹង​ធ្លាក់​មក​នៅ​ក្នុង​រង្វង់ ​៣២-៣៥​ អង្សាសេ។

កាល​ពី​ដើម​សប្ដាហ៍​មុន​ សីតុ​ណ្ហ​ភាព​ទូទៅនៅក្នុងប្រទេសកម្ពុជា​បាន​ឡើង​ដល់រង្វង់​ពី ៣៦-៣៨ ​អង្សា​សេ​គឺ​ខ្ពស់​ជាង​មធ្យម​ភាគ​ជាច្រើន​ឆ្នាំ ​និង​ខ្ពស់​ជាង​សីតុណ្ហភាពកាលពីឆ្នាំ​ ២០១៨។


ប៉ុន្តែ​កាល​ពី​ថ្មីៗ​នេះ ​ក្រសួង​ក៏​បាន​ព្រមាន​ផង​ដែរ​ពី​ការ​កើន​កម្ដៅពី​ ១ ​ទៅ​ ២ ​អង្សាសេ​បន្ថែម​ទៀត បើ​ធៀប​នឹង​មធ្យម​ភាគ​នៃ​បណ្ដា​ឆ្នាំ​មុនៗ​ជាពិសេស​ចាប់​ពី​ខែ​មេសា​រហូតដល់​ចុង​ខែ​ឧសភាខាង​មុខ​នេះ​ដែល​សីតុណ្ហភា​ពនឹង​ឡើង​ដល់​រង្វ​ង់ពី​ ៤០-៤២ ​អង្សាសេ។​


អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធានទឹក និងឧតុ​និយម​ លោក​ ចាន់​ យុត្ថា ក៏​បាន​បញ្ជាក់​ដែរថា៖​ «ក្នុង​ចន្លោះ​ពេល​ពីខែ​មេ​សា ​ ដល់​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ​ភ្លៀង​កក់​ខែ​នឹង​កើត​មាន​តិចតួច​ និង​មានដោយ​កន្លែង​ ប៉ុន្តែ​បាតុ​ភូត​ផ្គរ​រន្ទះ​​ និង​ខ្យល់​កន្ត្រាក់​​​នឹង​កើត​ឡើង​ច្រើន​ ដូច្នេះ​សូម​បង្កើន​កា​រប្រុង​ប្រយ័ត្ន​ឲ្យបានខ្ពស់​ចំពោះ​បាតុ​ភូត​ទាំង​នេះ​ដែល​អាច​​មានក្នុង​អំឡុង​ពេល​មេឃ​រក​កល់​ភ្លៀង»។

យោងតាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយ​រៀង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ​បាន​បញ្ជាក់​ថា​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​ មីនា​ ឆ្នាំ​ ២០១៩​ មាន​ផ្ទះ​​ពលរដ្ឋ​យ៉ាង​តិច​ ៣ ​ខ្នង​នៅ​ភូមិ​រំដេង ​និង​ភូ​មិ​ស្រះ ឃុំ​ជ្រៃ​ធំត្រូវ​បាន​ដួលរលំ​ ខណៈ​មួយ​ចំនួន​ទៀត​​ខូចខាត​ដោយបានប៉ើ​ងរបើ​កដំ​បូល​ប​ន្ទាប់​ពី​មាន​ភ្លៀង​កក់​ខែ​លាយឡំ​​នឹង​ខ្យល់​កន្ត្រាក់​។ ប៉ុន្តែ​ពុំមាន​​អ្នក​ស្លា​ប់​ឬ​របួ​ស​ក្នុង​ហេតុ​ការណ៍​នោះ​ទេ។​

កាល​ពីដើ​មខែ ​មីនា ​នេះ លោក កែវ វី អ្នកនាំ​ពាក្យគណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ២ នាក់​បាន​រង​របួស ​និង​លំនៅ​ឋាន​ពល​រដ្ឋ​ជិត​ ២៥០ ​ខ្នង​ព្រម​ទាំង​សា​លា​​រៀន​ចំនួន​ ៤ ​ខ្នង​ ទៀត​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​តែបាតុ​ភូត​ភ្លៀងលា​យឡំ​ជាមួយ​នឹង​​ខ្យល់កន្ត្រាក់​បានកើតឡើង ហើយ​ខេត្ត​មួយចំនួនដែលបាន​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ គឺខេត្ត​បាត់​ដំបង ​ពោធិ៍​សាត់​ និង​ខេត្ត​រតនគិរី៕