ភ្នំពេញៈ ក្រសួងពាក់ព័ន្ធកំពុងពិនិត្យ និងពិចារណា ដាក់បញ្ចូលបញ្ហាប្រឈមរបស់កម្មករបម្រើការងារតាមផ្ទះទៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាដោយធ្វើយ៉ាងណា ឲ្យពួកគេទទួលបានអត្ថប្រយោជន៍ និងការការពារដូចកម្មករក្នុងវិស័យដទៃទៀត។ នេះបើតាមការថ្លែងរបស់ក្រុមមន្ត្រី។
កម្មករបម្រើការងារតាមផ្ទះ ដែលភាគច្រើនជាស្ត្រី មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល ប្រមាណជិត ៣០០ នាក់ បានចូលរួមប្រារព្ធទិវាកម្មករការងារតាមផ្ទះអន្តរជាតិខួបលើកទី ៨ កាលពីថ្ងៃអាទិត្យ ក្រោមប្រធានបទស្តីពី «កិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះនៅកម្ពុជា»។
សន្និសីទនៃអង្គការពលកម្មអន្តរជាតិ (ILO) បានអនុម័ត អនុសញ្ញាស្តីពីការងារសមរម្យ សម្រាប់កម្មករការងារផ្ទះ ដែលគេហៅថា អនុសញ្ញាកម្មករការងារតាមផ្ទះ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១១។ អនុសញ្ញានេះមានគោលដៅទទួលស្គាល់ការងារតាមផ្ទះ ដូចជាការងារដទៃ ហើយកម្មករ ដែលបម្រើការងារតាមផ្ទះ ក៏មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ ដូចជាកម្មករដទៃទៀតដែរដែលវាបានក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់កម្មករការងារតាមផ្ទះនៅជុំវិញពិភពលោក ក៏ដូចជាកម្ពុជា។
លោកស្រី សុទ្ធ ស៊ីថុន អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងពិធីកាលពីថ្ងៃអាទិត្យថា ស្ត្រីជាងពាក់កណ្តាលបានធ្វើការងារដែលគេចាត់ទុកថា ជាការងារងាយរង គ្រោះ ដូចជាការងារធ្វើដោយគ្មានប្រាក់កម្រៃ ជាមួយនឹងមុខរបរក្នុងក្រុមគ្រួសារ និងការងារដែលស្ត្រីរកស៊ីដោយខ្លួនឯង មានន័យថា ធ្វើការរកស៊ីតែម្នាក់ឯង ដោយគ្មានការចូលរួមពីអ្នកដទៃ។
ដោយសារតែស្ត្រី ត្រូវបានគេមើលឃើញពីភាពងាយរងគ្រោះបែបនេះ លោកស្រី ស៊ីថុន បញ្ជាក់ថា គ្រប់គ្នា គួរតែស្វែងយល់ពីវិស័យបម្រើការងារតាមផ្ទះ ដែលភាគច្រើនជាស្ត្រី និងរួមគ្នាដោះស្រាយបញ្ហាដែលមានជារួម ខណៈលោកស្រីអះអាងថា ក្រសួងកិច្ចការនារីគាំទ្រ និងបានទទួលយកនូវបញ្ហាប្រឈមរបស់ស្ត្រីធ្វើការងារតាមផ្ទះ ដើម្បីដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន។
លោកស្រីបញ្ជាក់ថា៖ «តំណាងឲ្យក្រសួងកិច្ចការនារី ខ្ញុំសូមឲ្យវិស័យការងារផ្ទះត្រូវបានយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ។ ខ្ញុំនឹងស្វែងយល់ និងទទួលយកនូវកង្វល់របស់បងប្អូនដាក់បញ្ចូលក្នុងផ្នែកណានៃផែនការយុទ្ធសាស្ត្រជាតិដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដំណាក់កាលថ្មី។ ខ្ញុំក៏ចង់ឲ្យកម្មករការងារផ្ទះ ស្ថិតក្នុងប្រព័ន្ធ និងទទួលបានកិច្ចគាំពារសង្គម កិច្ចការពារឲ្យដូចកម្មករដទៃទៀតដែរ»។
មិនខុសគ្នានេះដែរ លោក ប៉ុល ចាន់ដារ៉ា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងដែរថា ក្រសួងបានយកចិត្តទុកដាក់ និងបានបន្តការងាររបស់ខ្លួន ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដោយធ្វើយ៉ាងណារៀបចំផែនការសម្រាប់គាំទ្រកម្មករការងារតាមផ្ទះ ឲ្យទទួលបានលក្ខខណ្ឌត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ ILO ក្រសួងបានរៀបចំកិច្ចពិភាក្សា និងសិក្ខាសាលាជាច្រើនលើក ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ចូលរួមចំណែកអនុវត្តលើអនុសញ្ញាលេខ ១៨៩ ស្តីពីកម្មករការងារផ្ទះ។ ក្រសួងក៏បានសហការជាមួយអង្គការនានាជាបន្តបន្ទាប់ ដើម្បីប្រមូលជាអនុសាសន៍ និងធាតុចូលទៅសេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ»។
កាលពីខែឧសភា ឆ្នាំ ២០១៨ ក្រសួងការងារ បានប្រកាសពីលក្ខខណ្ឌការងារសម្រាប់កម្មករធ្វើការតាមផ្ទះ និងកំណត់ឲ្យម្ចាស់ផ្ទះអនុវត្តឲ្យបានត្រឹមត្រូវ ដោយមានទាំងការដាក់ទោសទណ្ឌចំពោះម្ចាស់ផ្ទះណា ដែលល្មើស មិនអនុវត្តឲ្យបានល្អ តាមលក្ខខណ្ឌដែលក្រសួងបានកំណត់ផងដែរ។ ការចេញសេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាកដែលតម្រូវឲ្យម្ចាស់ផ្ទះផ្ដល់ការគោរព និងឲ្យតម្លៃ ជាពិសេសត្រូវមានគុណធម៌ចំពោះពួកគេ។
លោកស្រី វុន សម្ជស្ស ប្រធានបណ្ដាញកម្មករការងារផ្ទះកម្ពុជា នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានបញ្ជាក់ថា តាមរបាយការណ៍កាលពីឆ្នាំ ២០១២ មានកម្មករការងារផ្ទះប្រមាណ ២៥ ម៉ឺននាក់ កំពុងបម្រើការងារនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងតួលេខនេះចំនួនកម្មករការងារផ្ទះក្នុងពេលបច្ចុប្បន្ន កំពុងតែមានការកើនឡើងដែលទាមទារឲ្យក្រសួងពាក់ព័ន្ធគួរមានការសិក្សាឲ្យបានជាក់លាក់ជាមួយនឹងកំណើននេះ ព្រោះតែលោកស្រីសង្កេតឃើញថា កម្មករការងារផ្ទះ នៅតែប្រឈមនឹងបញ្ហា។
លោកស្រី សម្ជស្ស បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃអាទិត្យថា៖ «ហាក់មិនទាន់មានអ្វីប្រសើរឡើងនោះទេ (លក្ខខណ្ឌការងារ) នៅមានអ្នកមួយចំនួន គាត់មិនហ៊ាននិយាយ ជាពិសេសអ្នកធ្វើការងារផ្ទះដែលស្នាក់នៅជាមួយម្ចាស់ផ្ទះ ២៤ ម៉ោង លើ ២៤ ម៉ោងតែម្តង ព្រោះផ្ទះខ្លះបិទជិត មានកាមេរ៉ា និងមានសន្តិសុខ ឬទាហានយាមជាដើមព្រោះពួកគេធ្វើការទាល់តែម្ចាស់ផ្ទះបិទភ្នែក បានគាត់ បានសម្រាកដែរ។ មានអ្នកខ្លះទៀត ប្រឈមដល់ម្ចាស់ផ្ទះមកពីក្រៅអី នៅចាំបើកទ្វារ ដល់យប់ជ្រៅពេលខ្លះបានធ្វើឲ្យបាត់បង់ភាពផ្ទាល់ខ្លួនរបស់គាត់ ពេលសម្រាក និងការញ៉ាំមិនឆ្អែតដែលប្រឈមនឹងគ្រោះថ្នាក់ការងារ ប្រឈមនឹងជំងឺផ្សេងៗ»។
ប៉ុន្តែយ៉ាងណាក្តី លោកស្រី សម្ជស្ស សាទរចំពោះការលើកឡើងរបស់មន្ត្រីក្រសួងពាក់ព័ន្ធដែលប្រកាសពីការប្តេជ្ញាចិត្តក្នុងការដាក់បញ្ចូលបញ្ហារបស់កម្មករការងារតាមផ្ទះ ក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។
លោកស្រីបន្តថា៖ «កន្លងទៅ យើងទទួលបានប្រកាសថ្មីដែលចេញដោយក្រសួង ប៉ុន្តែយើងជាអ្នកធ្វើការតាមផ្ទះ ឃើញថា ប្រកាសហ្នឹងមិនទាន់មានប្រសិទ្ធភាពហើយរហូតមកដល់ឥឡូវ ម្ចាស់ផ្ទះមិនទាន់ទទួលស្គាល់នូវប្រកាសហ្នឹង ទេសូម្បីតែក្រសួងក៏ទទួលស្គាល់ ថាប្រកាសហ្នឹងមិនទាន់បានដំណើរការបានល្អទេដោយនៅ មានចំណុចមួយចំនួនត្រូវកែប្រែ ព្រោះវាអត់ជាក់លាក់ ដែលមិន អាចចង់ឲ្យអ្នកពាក់ព័ន្ធជាពិសេស ម្ចាស់ ផ្ទះឲ្យអនុវត្តតាម»។
អ្នកស្រី សៀង ម៉ៅ វ័យ ៣៩ ឆ្នាំ ដែលឆ្លងកាត់ជីវិតជាកម្មករការងារតាមផ្ទះតាំងពីឆ្នាំ ១៩៩៦ បាននិយាយថា ជារួមកម្មករការងារតាមផ្ទះប្រមាណ ៥០ % ដែលទទួលបានលក្ខខណ្ឌល្អពីម្ចាស់ផ្ទះរបស់ខ្លួន បើពួកគេ មាន ការយល់ដឹងអំពីច្បាប់ខណៈ ៥០% ទៀត ធ្វើការស្ថិតក្នុងស្ថានភាពលំបាក និងមិនមានការការពារ ដោយទទួលរងនូវការរំលោភបំពានផ្សេងៗ។ ក្នុងនាមជាកម្មករការងារតាមផ្ទះជាង ១០ ឆ្នាំ អ្នកស្រីចង់ឲ្យមានការការពារ និងផ្តល់សិទ្ធិឲ្យពួកខ្លួនទទួលបានលក្ខខណ្ឌការងារ ការការពារ និងអត្ថប្រយោជន៍នានា ដូចទៅនឹងកម្មករដទៃទៀតដែរ៕