ភ្នំពេញៈ ក្រុម​ការងារ ១០០ ​រាត្រី​ បាន​អះអាងថា ទំនិញ​ភាគច្រើន​ដែល​នាំចូល​ពី​ប្រទេស​ វៀតណាម​ មក​កម្ពុជា​ជា​ទំនិញ​អន់ អស់ជម្រើស គ្មាន​គុណភាព លួច​បន្លំ​ស្លាក និង​មាន​សារជាតិ​គីមី ក៏ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ទំនិញ​តាម​ច្រកព្រំដែន​បាន​ច្រានចោល​ការអះអាង​នេះ​។


ក្រុមការងារ ១០០ ​រាត្រី ​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​ដោយបាន​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៩ ខែ​ កញ្ញា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ចំណីអាហារ​មាន​សារធាតុ​គីមី​ជា​អ្នក​បំផ្លាញ​សុភមង្គល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​រយៈពេល​វែង​។ ភាគច្រើន​នៃ​ចំណីអាហារ​ក្នុង​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី ព្រោះ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ពី​សំណាក់​រាជរដ្ឋាភិបាល​»​។

បើ​តាម​របាយការណ៍​ក្រុម​ការងារ​ ១០០ ​រាត្រី​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រយៈពេល ១ ​ឆ្នាំ​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ផ្សារ​ដើម​គ និង​ពលរដ្ឋ​តាម​ដង​ទន្លេមេគង្គ ដើម្បី​សិក្សា​ស្វែងយល់​ពី​ចំណីអាហារ កត្តារួម​ផ្សំ​ដែល​ចូលរួម​ឲ្យ​មាន​ (​ត្រី សាច់ បន្លែបង្ការ និង​គ្រឿង​ឧបភោគបរិភោគ​) ដែល​មាន​សារជាតិ​គីមី​។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ក្រុមការងារ​ ១០០ ​រាត្រី​ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ដោយ​អង្កេត​ដោយផ្ទាល់​ទៅលើ​ស្ថានភាព​ដាំ​ដុះ​ក្នុង ស្រុក ការនាំ​ចូល​ (​ត្រី សាច់ បន្លែបង្ការ​និង គ្រឿងឧបភោគ​បរិភោគ​) ពី​ប្រទេស​វៀតណាម ថៃ ចិន និង​តម្រូវការ​ចម្បង​ដែល​រដ្ឋាភិបាល​គួរ​ដោះស្រាយ​ជា​អាទិភាព និង​ជាបន្ទាន់​។


របាយការណ៍​បញ្ជាក់ថា​៖ «​យើង​បារម្ភ​ថា បើ​ស្ថានភាព​នេះ​នៅតែ​បន្ត​មាន​តទៅ​ទៀត ពលរដ្ឋ​កម្ពុជា​ប្រាកដ​ជា​រស់ក្នុង​ភាព​ភ័យខ្លាច​ចំពោះ​អាហារ​ដែល​ខ្លួន​បរិភោគ ព្រោះ​សារធាតុ​គីមី​ទាំងនោះ​នឹង​នាំមក​នូវ​ជំងឺ​ជាច្រើន​ដល់​ពលរដ្ឋ​ដូចជា មហារីក ទឹកនោមផ្អែម​។​ល​។​»​។


លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​ការងារ​ ១០០ ​រាត្រី​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការសិក្សា​នេះ មិនមែន​មាន​ន័យ​ថា រាល់​ទំនិញ​ទាំងអស់​សុទ្ធតែ​មាន​សារធាតុគីមី​នោះទេ តែ​លោក​ចង់​សំដៅថា ភាគច្រើន​នៃ​ទំនិញ​មាន​សារធាតុ​គីមី​។

លោកបញ្ជាក់​ថា ​ពេលវេលា​នៃ​ការត្រួតពិនិត្យ​ពី​មន្ត្រី​នៅ​ព្រំដែន​មិន​បាន​ធ្វើឡើង​ ២៤ ​ម៉ោង​នោះទេ ហើយ​ឧបករណ៍​ត្រួតពិនិត្យ​ក៏​មិនមាន​គ្រប់គ្រាន់​ដែរ​។ លោក សូនី បន្ថែមថា​៖ «​វៀតណាម​យើង​សិក្សា​ទៅ​ឃើញថា គឺ​គេ​បាញ់​ (​ថ្នាំ​) ​ហើយ​គេ​ដក​។ គេ​ដក​ហើយ គេ​ដាក់​ថ្នាំ​ត្រាំ​ទៀត​ដើម្បី​រក្សា​ (​គុណភាព​) ​ហើយ​យក​មក​ដល់​អាជីវករ​យើង​ដាក់​ទៀត​។ ដល់ពេល​ដាក់​ហើយ​ដែល​ចែក​ទៅ​តាម​ខេត្ត​ហ្នឹង អាជីវករ​យើង​ហ្នឹង​ដាក់​ទៀត​»​។

ប៉ុន្តែ​លោក លីវ សុផាណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អាទិត្យ​ថា គណៈកម្មាធិការ​របស់​លោក​គឺ​គណៈកម្មាធិការ​អន្តរក្រសួង​ដែល​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នៅក្នុង​ស្រុក​ហើយ​កិច្ចការ​នៅ​ខាង​ព្រំដែន​គឺ​មន្ត្រី​គយ និង​រដ្ឋាករ​ជា​អ្នក​ធ្វើការ​គ្រប់គ្រង​រាល់​ទំនិញ​នាំចូល​នៅតាម​ច្រកព្រំដែន​។

លោក​បន្ត​ថា រាល់​ទំនិញ​មកពី​វៀតណាម​គឺ​មិន​អាច​សន្និដ្ឋាន​ជាទូទៅ​ថា សុទ្ធ​តែ​មាន​សារធាតុ​គីមី​ និង​ជា​ទំនិញ​ក្លែងក្លាយ​បានទេ ព្រោះ​មន្ត្រី​ដែល​ធ្វើការ​នៅ​តាម​ព្រំដែន​ក៏​ខិតខំ​គ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ទំនិញ​នាំចូល​យ៉ាង​សកម្ម​ដែរ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ហើយ​នៅតាម​ព្រំដែន​ក៏​គេ​មាន​គណៈកម្មការ​ចម្រុះ​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំដែន​នីមួយៗ​ហ្នឹង​ក៏​គាត់​ធ្វើការ​រួមគ្នា​ទៀត​»​។

លោក មួង តារា ប្រធាន​ក្រុមការងារ​គយ​ចល័ត ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ក្នុង​ខេត្តកណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ការងារ​របស់​លោក​តែងតែ​ធ្វើ​ពិសោធន៍ និង​នៅតែ​ពិនិត្យមើល​រាល់​ការ​នាំចូល​បន្លែ និង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ប្រទេស​ វៀតណាម មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើការ​បង់ពន្ធ​ចូល​។ ក្រោយ​ពិនិត្យ​រួច ទំនិញ​ទាំងនេះ​មិន​ឃើញ​មាន​ជាតិគីមី​នោះទេ​។ ទាំង​ប្រជាជន​នៅ​ព្រំដែន និង​ប្រជាជន​នៅ​ភ្នំពេញ​ក៏​ទទួលទាន​បន្លែ និង​អាហារ​ទាំងនេះ​ដូចគ្នា​។

លោក មួង តារា ថ្លែង​ថា​៖ «​វា​មាន​យក​ដាក់​នៅ​​ព្រំដែន​មួយចំនួន​។ ពេល​បង់ពន្ធ​ចូល​ហើយ យើង​យក​មក​ញ៉ាំ​នៅ​ព្រំដែន​ដូចគ្នា ហើយ​យកទៅ​​ភ្នំពេញ​ដូចគ្នា​។ អ៊ីចឹង វា​អត់​មានអី​ជាតិគីមី​ទេ​»៕