ភ្នំពេញៈ ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពី​ក្រសួង​មហាផ្ទៃ​បាន​និង​កំពុង​តែ​ចូលរួម​ផ្តល់​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​​ប្រឈម​​ថ្មី​ដែល​កំពុង​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​នោះ​មាន​​បទល្មើស​គ្រឿង​ញៀន ​​និង​បទល្មើស​ប្លន់​តាម​​សម្លាប់​រួម​ទាំង​បញ្ហា​បរិស្ថាន ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ជនជាតិ​ចិន​ដែល​មាន​កំណើន​កាន់តែ​ច្រើន​ឡើង​តែងតែ​បង្ក​បទល្មើស​ផ្សេងៗ​ធ្វើឲ្យ​​មាន​ការ​ព្រួយបារម្ភ​នៅ​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។


លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទី ៤ នៃ​រដ្ឋសភា គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​ថា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​ដែល​ទើប​តែ​បញ្ជូន​ទៅ បាន​និង​កំពុង​ជួយ​ផ្តល់​យោបល់​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ជា​រឿង​ថ្មី​ដែល​កម្ពុជា​មិន​ធ្លាប់​ជួបប្រទះ​ពី​មុន​មក​ប៉ុន្ដែ​បញ្ហា​នេះ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​គ្រប់គ្រង​បាន។

ក្រសួង​មហាផ្ទៃ​បាន​បង្កើត​ក្រុមការងារ​មួយ​បញ្ជូន​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស បន្ទាប់ពី​លេចឡើង​នូវ​សកម្មភាព​មិន​ប្រក្រតី និង​បទល្មើស​ជាច្រើន ហើយ​ក្រុម​ការងារ​នេះ​មាន​សមាសភាព​​ចូលរួម​ពី​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​អ្នក​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ​។

លោក ស ខេង បញ្ជាក់​ថា៖ ​«គាត់​ (ក្រុម​ការងារ) ដោះស្រាយ​ហើយ​បើ​គាត់​​ដោះ​មិន​បាន​រាយការណ៍​មក​ក្រសួង​ (មហាផ្ទៃ) ក្រសួង​ដោះស្រាយ​ហើយ​បើ​ក្រសួង​ដោះស្រាយ​មិន​បាន​រាយការណ៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​។ ដោយសារ​តែ​បញ្ហា​នេះ​ជា​បញ្ហា​ប្រឈម​ថ្មី​ដែល​ពី​មុន​មក​មិន​ធ្លាប់​ជួបប្រទះ​អ៊ីចឹង​ហើយ​យើង​ម្ចាស់ការ​ពី​ដើមទី»។


លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «ប៉ុន្ដែ​មក​ដល់​ពេល​នេះ​សភាពការណ៍​ដែល​ថា Control លែង​បាន​នោះ​វា​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ ​ប៉ុន្តែ​យើង​ម្ចាស់​ការ​កុំ​ឲ្យ​មាន​បញ្ហា​ថា​នៅពេល​ដែល control លែង​បាន​ហើយ​បាន​យើង​ទៅ​វា​អាច​យឺត​ពេល។ ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ​មិន​​មាន​បញ្ហា​អី​ធំ​ដុំ​​ដែល​ដោះ​មិន​ចេញ​នោះ​ទេ»។


លោក ស ខេង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​បញ្ហា​ដែល​ប្រឈម​នៅ​ខេត្ត​ព្រះសីហនុ គឺ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន បទល្មើស​ប្លន់​ការ​តាម​សម្លាប់​គ្នា និង​បញ្ហា​បរិស្ថាន​អនាម័យ ប៉ុន្ដែ​វា​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។​ លោក​បន្ត​ថា​ដោយសារ​តែ​មាន​ការវិនិយោគ​ច្រើន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​រឿង​ដីធ្លី​កើត​ឡើង​ច្រើន។

លោក​បញ្ជាក់​ថា​៖ ​«យើង​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ហ្នឹង ​ហើយ​អាជ្ញាធរ​ក៏​​គាត់​មាន​លទ្ធភាព​ដោះស្រាយ​ហើយ​នេះ​គ្រាន់​តែ​ជា​ការ​ចូលរួម​ផ្តល់​យោបល់។ ​ដោយសារ​តែ​រឿង​នេះ​ (ប្រជាជន​លែង​ចង់​ទៅ​លេង​ខេត្ត​ និង​ព្រួយ​​បារម្ភ) ហើយ​បាន​យើង​រៀបចំ​ក្រុម​ការងារ​ទៅ​ដើម្បី​​ជួយ​​ផ្នែក​​ទាំងអស់​មាន​ប្រជាជន​មួយ​ចំនួន​បារម្ភ ​តែ​ប្រជាជន​ភាគច្រើន​មិន​ទាន់​អី​ទេ»។

បើ​តាម​លោក ស ខេង ក្រុម​ការងារ​ដែល​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​មិនមែន​ដើរតួនាទី​ជំនួស​ឱ្យ​អាជ្ញាធរ​ខេត្ត​នោះ​ទេ គ្រាន់តែ​ជា​អ្នក​ចូលរួម​​ផ្តល់​យោបល់​ប៉ុណ្ណោះ ចំណែក​សិទ្ធិ​សម្រេច​កិច្ចការ​ទាំងឡាយ​គឺជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​​ខេត្ត​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​ក្រុម​ការងារ​ដែល​ដឹកនាំ​ដោយ​អនុរដ្ឋលេខាធិការ​ ១ រូប និង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​មួយ​​ចំនួន​ផ្សេង​ទៀត​នោះ​​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ ៣-៤ សប្តាហ៍​មុន​ដើម្បី​ជួយ​ផ្តល់​កម្លាំង ​និង​ផ្តល់​​យោបល់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ​ហើយ​នៅពេល​ដែល​សភាពការណ៍​ល្អ​ប្រសើ​ឡើង​វិញ​ហើយ​ក្រុម​ការងារ​នេះ​នឹង​ត្រឡប់​មក​វិញ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ទៅ​បន្ថែម​កម្លាំង​ និង​ពិភាក្សា​គ្នា​ជួយ​កម្លាំង​គ្នា​ដោយសារ​ការងារ​វា​ធំ​ពេក...យើង​ជួយ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ឲ្យ​ល្អ​វិញ»​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា​អាជ្ញាធរខេត្ត​ និង​ក្រុម​ការងារ​នឹង​ពិបាក​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ ​ប្រសិន​បើ​ក្រសួង​ និង​ស្ថាប័ន​​​ពាក់ព័ន្ធ​មិន​ព្រម​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​ និង​ច្បាប់​ផ្សេងៗ​ទៀត​ដើម្បី​ទប់ស្កាត់​ការហូរចូល​​នៃ​ជនជាតិ​ចិន​ដ៏ច្រើន​លើសលប់។

លោក​បញ្ជាក់​ថា​៖ ​«ដរាប​ណា​យើង​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​​ជនជាតិ​​ចិន​ហូរចូល​ដោយ​លើសលប់​បែប​នេះ​ពេក​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​​កាន់តែ​លំបាក​ក្នុង​ការ​ដោះស្រាយ​ដោយសារ​តែ​ឥរិយាបថ​ជនជាតិ​​ចិន​​មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ដោយ​ច្បាប់​ប្រទេស​កម្ពុជា...។ ប្រទេស​យើង​មាន​ច្បាប់​ធូររលុង ​វា​រឹត​តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ជនជាតិ​ចិន​ទាំងអស់​នោះ​បន្ត​ប្រព្រឹត្ត​បទល្មើស»។

មាន​ការ​ប៉ាន់​ប្រមាណ​ថា​នា​ពេល​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ជនជាតិ​ចិន​​​កំពុង​រស់នៅ​ប្រមាណ​ជាង ៧ ម៉ឺន​នាក់​ដែល​នេះ​ជា​ចំនួន​ដ៏ច្រើន​លើសលប់​បើ​ប្រៀបធៀប​ទៅ​នឹង​ជនបរទេស​មកពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

លោក សែនករុណា បន្ថែម​ថា​ក្រសួង​ពាក់ព័ន្ធ​គួរ​​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នូវ​ការ​ហូរចូល​យ៉ាងច្រើន​នៃ​ជនជាតិ​ចិន​មក​កម្ពុជា​ ដើម្បី​ឲ្យ​អាជ្ញាធ​ដឹង​ថា ជនជាតិ​ចិន​ទាំង​នោះ​មាន​ប្រវតិ្ត​រូប​បែប​ណា​ហើយ​ថា​ តើ​​ពួកគាត់​ធ្លាប់​មាន​ប្រព្រឹត្ត​បទល្មើស​ពី​មុន​​មក​ដែរ​អត់ ​ខណៈ​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​បាន​​ប្រព្រឹត្ត​បទល្មើស​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​​ដល់​​ប្រជាពលរដ្ឋ​កម្ពុជា​៕