ភ្នំពេញៈ ក្រុមសមាជិកសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រីកំពុងបន្តធ្វើយុទ្ធនាការទៅលើ «នារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ Girl2Leader Cambodia» ដើម្បីចែករំលែកបទពិសោធ ចំណេះដឹង និងបណ្តុះគំនិត ភាពជាអ្នកដឹកនាំ អ្នកសម្រេចចិត្ត និងស្ដ្រីជាអ្នកដឹកនាំក្នុងវិស័យ នយោបាយដល់យុវតីវ័យក្មេងនៅតាមបណ្ដារាជធានី-ខេត្ដ។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងជាអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្ត្រីថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ១១ ខែមករា ថា យុទ្ធនាការនេះបានធ្វើចំនួន ៤ លើកហើយ កាលពីអំឡុងឆ្នាំ ២០២០ ក្នុងនោះធ្វើនៅរាជធានីភ្នំពេញចំនួន ៣ លើកនៅខេត្ដកណ្ដល ១ លើក និងឆ្នាំនេះ ១ លើកធ្វើនៅខេត្ដក្រចេះកាលពីថ្ងៃទី ១០ ខែមករា។
លោកស្រីថ្លែងថា៖ «គោលដៅសំខាន់នៃយុទ្ធនាការនេះយើងសំដៅទៅយុវតីដែលកំពុងរៀននៅថ្នាក់វិទ្យាល័យដើម្បីត្រួសត្រាយផ្លូវពួកគេលើការបណ្ដុះគំនិត ក្ដីសុបិន ជ្រើសរើសមុខរបរ អាជីព ទៅថ្ងៃអនាគត។ យើងបំផុសគំនិតដល់ពួកគេឱ្យមានសេចក្ដីក្លាហានក្លាយខ្លួនជាអ្នកដឹកនាំដូចជាបុរសៗដែរ»។
បើតាមលោកស្រី ឡោក ខេង វត្ដមានស្ដ្រីនៅក្នុងការដឹកនាំទាំងក្នុងស្ថាប័នជាតិ និងវិស័យឯកជនគឺមានសារៈសំខាន់ណាស់ពិសេសការដឹកនាំក្នុងវិស័យនយោបាយ និងគោលនយោបាយជាតិ ព្រោះស្ដ្រីអាចជួយដោះស្រាយបញ្ហាប្រឈមដែលកើតមានចំពោះស្ដ្រីបានល្អ។
លោកស្ត្រីថ្លែងថា៖ «តាមផែនការគឺយើងធ្វើយុទ្ធនាការនេះនៅគ្រប់ខេត្ដទាំងអស់ ដូច្នេះនៅអំឡុងខែមីនា ឆ្នាំ ២០២១ នេះយើងនឹងទៅធ្វើនៅខេត្ដតាកែវ។ ពេលធ្វើយុទ្ធនាការនេះម្ដងៗ មានយុវតីវ័យក្មេង ជាសិស្សវិទ្យាល័យចូលរួមប្រមាណពី ២០០ ទៅ ២៥០ នាក់»។
តាមរយៈយុទ្ធនាការនេះ សមាជិកសភាស្ត្រី និងតំណាងស្ថាប័នពាក់ព័ន្ធបានលើកពីប្រធានបទផ្សេងៗគ្នាចែករំលែកពីបទពិសោធការងារផ្ទាល់ខ្លួនកន្លងមករហូតបានក្លាយជាសមាជិការដ្ឋសភា ព្រឹទ្ធសភា និងក្លាយជាអ្នកធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមក្នុងភាពជាអ្នកដឹកនាំជាដើម។
យុទ្ធនាការនេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី សហការរៀបចំដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា យុទ្ធនាការនេះគឺជាគំនិតផ្គួចផ្ដើមមួយអាចចូលរួមចំណែកក្នុងការជ្រោមជ្រែងលើកកម្ពស់សកម្មភាពផ្នែកយេនឌ័រ ជាពិសេសការលើកកម្ពស់ផ្នែកតំណាងភាពជាអ្នកដឹកនាំរបស់ស្ដ្រីក្នុងសង្គមកម្ពុជា។
លោកស្រីថា៖ «កិច្ចការទាំងអស់នេះជាផ្នែកមួយដែលកន្លងមក ទាំងស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិលយើងបានបន្តក្នុងការធ្វើការងារនេះ។ ប៉ុន្ដែអ្វីដែលចាំបាច់បន្ថែមទៀតនោះ គឺការធានាឱ្យបាននូវគោលនយោបាយមួយជាពិសេសនីតិវិធីច្បាប់ដែលធានានូវសមភាពយេនឌ័រពិតប្រាកដ»។
លោកស្រី ចក់ សុភាព បានលើកឧទាហរណ៍ករណី ១ កាលពីឆ្នាំកន្លងមក ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សាធារណៈដែលមានមាត្រាមួយបានលើកឡើងជាច្រើន ដោយកំហិតទៅលើសេរីភាពស្វ័យសម្រេចរបស់ស្ដ្រី។ «ដូច្នេះគឺទាមទារនូវគោលនយោបាយនីតិវិធីច្បាប់ ដែលធានានូវសមភាពយេនឌ័រ និងសេរីភាពរបស់ស្ត្រីក្នុងការធ្វើការសម្រេចចិត្ដ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាកត់សម្គាល់ឃើញយុទ្ធនាការនេះល្អ ដែលអាចផ្ដល់បទពិសោធ ជំនាញ ចំណេះដឹង និងលើកកម្ពស់ការចាប់អារម្មណ៍ពីស្ដ្រីវ័យក្មេងកម្ពុជាក្នុងការចូលរួមសកម្មភាព សេដ្ឋកិច្ច សង្គម និងនយោបាយ។ លោកថ្លែងថា៖ «សកម្មភាពនេះអាចឱ្យស្ដ្រី វ័យក្មេងកម្ពុជាក្លាយជាអ្នកដឹកនាំស្ដ្រី និងបង្កើនចំនួនស្ដ្រីជាអ្នកដឹកនាំនៅក្នុងសង្គមកម្ពុជាដែលបច្ចុប្បន្នកំពុងតែមានការខ្វះខាត»៕