ភ្នំពេញៈ ក្រុម​ជំនាញ​ការ​ជលផល​ និង​បរិស្ថាន​ជាតិ ​និង​ អន្តរ​ជាតិ បាន​បញ្ចប់​កិច្ច​ពិភាក្សា​អំពី​ការគ្រប់​គ្រង​និង​អភិរក្ស​ប្រភេទ​ត្រី​បំផ្លាស់​ទី​នៅ​កម្ពុជា​ កាល​ពី​ម្សិល​មិញ ដោយ​​បាន​ឯកភាព​គ្នា លើ​សូចនាករ​សំខាន់ៗ​ចំនួន ៤ ដែល​នឹង​ធ្វើឲ្យ​មាន​និរន្តរ​ភាព​ធន​ធាន​ត្រី​ទឹកសាប​នៅ​កម្ពុជា​។


បរិស្ថាន​វិទូ នៅ​ឯសាកល​វិទ្យា​ល័យ Nevada, Reno លោក​បណ្ឌិត Zeb Hogan បាន​ថ្លែង​ថា ​នៅ​កម្ពុជា ទន្លេ​មេគង្គ​ បាន​តភ្ជាប់​​​​បឹង​ទន្លេសាប ​ដែលជា​ជ​ង្រុក​ជីវ​ចម្រុះដ៏​សំបូរ​បែប​ និង​ជាជម្រក​ដ៏រឹងមាំ​ សម្រាប់​ការរស់​នៅ​និង​ធំធាត់​របស់​សត្វព្រៃ (សត្វ​ចតុ​បាត សត្វ​ស្លាប​ទឹក និង ​សត្វល្មូន) ពិសេស​ត្រី​មានរាប់​រយ​ប្រភេទ​ ដែល​ក្នុង​នោះ ​មាន​ទាំង​ប្រភេទ​ត្រី​បំផ្លាស់ទី ដោយ​កម្រ​ និង​ជិត​ផុត​ពូជផង​ដែរ។ ​ត្រី​មាន​តួនាទី​សំខាន់​បំផុត ​នៅក្នុង​​ជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​នេះ ​ដែល​ទាម​ទារឲ្យ​មាន​កិច្ច​ការ​ពារ អភិរ​ក្ស និង​អភិវឌ្ឍ​ន៍ ដើម្បី​ធានា​នូវ​និរន្តរ​ភាព​សន្តិសុខ​ស្បៀង។

លោក​បាន​ថ្លែង​ថា៖ «ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ សំណង់​វារី​អគ្គិសនី​តាម​ដង​ទន្លេ ​និង​ការប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ពិសេស​ រនាំង​លូស្បៃ​មុង នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប នឹង​ ទន្លេបី ​(ទន្លេ​ស្រែ​ពក​ ទន្លេ​សេសាន និង​ទន្លេ​សេកុង​) បាន​រាំង​ខ្ទប់​ដល់​ចលនា​បំផ្លាស់​ទី​របស់​ត្រី។ ចំណែក​ ការប​ម្រែ​បម្រួល​អាកាស​ធាតុ បា​ន​ធ្វើ​ឲ្យ​របបទឹក​ក្នុង​ទន្លេ​មាន​ភាព​ប្រែប្រួលមិ​នទៀង​ទាត់ ការកាប់​រាន​ដីព្រៃ​លិច​ទឹក​ ដែល​ជាជង្រុក​ត្រីពង​កូន​ និង​ការ​នេសាទ​ច្រើន​ហួស​ប្រមាណ បាន​ក្លាយ​ជា​ឧបសគ្គ​បន្ថែម​ទៀត ដល់​ការរស់​រាន​របស់​ត្រី ដែល​ចាំបាច់​ត្រូវ​តែ​បង្កើត​នូវ​ចក្ខុ​វិស័យ​ឲ្យបាន​សមស្រប​ ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​ អភិ​រក្ស និង​អភិវឌ្ឍន៍​ត្រី ឲ្យ​មាន​និរន្តរ​ភាព​សម្រាប់​អនា​គត»។

ប៉ុន្តែ​ការ​បង្កើត​នូវ​ចក្ខុ​វិស័យ​ដ៏ត្រឹម​ត្រូវ សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ធនធាន​ជល​ផល​ ចាំបាច់​ត្រូវ​ប្រមូល​នូវ​រាល់​មតិ​យោបល់​ពី​គ្រប់​ភាគីពាក់​ព័ន្ធ​មក​ធ្វើ​ជាកា​រវិភាគ​នឹង​ថ្លឹង​ថ្លែង​ឲ្យ​បាន​ហ្មត់​ចត់​។


លោក​បណ្ឌិត Zeb Hogan បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​រយៈ​ពេល​​ពី​រថ្ងៃ​កន្លង​មក​នេះ ក្រុម​ជំនាញ​ការ​ជល​ផល និង ​បរិស្ថាន​បាន​លើក​ឡើង​នូវ​សូចនា​ករ​សំខាន់ៗ​ចំនួន ៤​ចំណុច​ ដែល​រួម​មាន​ ការ​រៀបចំ​ផ្លូវ​បំផ្លាស់​ទី​របស់​ត្រី (Swimways) ឲ្យ​បាន​សម​ស្រប នៅ​ពេល​មាន​ការ​អភិវឌ្ឍទំនប់​វារី​អគ្គិស​នីតាម​ដង​ទន្លេ​ ព្រោះ​ត្រី​ត្រូវការ​ហែល​ទឹកបំផ្លាស់​ទី។ ពង្រឹង​និង​បង្កើន​ការ​អនុវត្តន៍​​​ច្បាប់​ទប់​ស្កាត់​​បទ​ល្មើស​ជល​ផល​ និង​ធនធាន​ធម្មជាតិ​ ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ ការ​ចាប់​ត្រី​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​​នេសាទ​ខុស​ច្បាប់ ដែល​រួម​មាន លូ​ឬ​អួន​ស្បៃ​មុង ឧបករណ៍​ឆក់​ និង​ថ្នាំ​បំពុល​ជា​ដើម។


លោក​បញ្ជាក់​ថា លើស​ពី​នេះ ត្រូវ​បង្កើត​តំបន់​ការពារ​និង​អភិរក្ស​ធន​ធាន​ជល​ផល និង​ពង្រីក​ការ​ងារ​អភិវឌ្ឍន៍​វារីវប្បកម្ម​ ដោយ​ត្រូវ​រៀបចំ​ពិនិត្យ​អំពី​ទីតាំង​អន្លង់​ត្រី និង​តំបន់​ព្រៃ​លិច​ទឹក​សំខាន់ៗ​ ដើម្បី​ដាក់​ជាតំបន់​ដែន​អភិរក្ស​ធនធាន​ជល​ផល និង​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ប្រជា​នេសាទ ឲ្យ​ចូលរួម​ការពារ​និង​អភិរក្សត្រី​ពូជ ដោយ​បង្កើត​ក្រុមល្បាត​ដើ​ម្បី​ចុះល្បាត​ក្នុង​តំបន់​ដែន​អភិរក្ស​ធនធាន​ជល​ផល និង​ផ្ដល់​នូវ​បច្ចេក​ទេស​ នៃការ​ចិញ្ចឹមត្រី​ ដល់​ប្រជា​សហគមន៍​នេសាទ ដើម្បី​ពង្រីក​វារីវប្បកម្ម សម្រាប់​ផ្គត់​ផ្គង់​តាម​តម្រូវ​ការរបស់​ប្រជា​ជន។ លើស​ពី​នេះ ​ត្រូវ​បង្កើន​ការត្រួត​ពិនិត្យ​តាម​ដាន​នូវការ​បម្រែ​បម្រួល​ផល​ស្តុក ដោយ​បង្កើត​នូវ​ផែន​កា​រយុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​រយៈ​ពេល​វែង និង មធ្យម ១០ឆ្នាំ និង ៥ឆ្នាំ​ម្ដង។

លោក​អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ធន​ធាន​ជល​ផល នៃ​រដ្ឋបាល​ជល​ផល ដែល​បាន​ចូល​រួ​មនៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​ បាន​ថ្លែង​ថា សូច​នាករ​ទាំង​នេះ​ គឺជា​ផ្នែក​មួយ​ ដែល​អាច​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ធន​ធាន​ជល​ផល​យក​ទៅ​អនុវត្តន៍​ ដើម្បី​ធ្វើ​ឲ្យ​ធនធានត្រី​ទឹក​សាប​នៅ​កម្ពុជា ពិសេស​​​ប្រភេទ​ត្រី​បំផ្លាស់​ទី ដោយ​កម្រ និង ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​នេះ នឹង​បន្ត​នៅ​មាន​ស្ថិរភាព​ដល់​ថ្ងៃ​អនាគត​ដ៏វែង​ឆ្ងាយ​ខាង​មុខ​ទៀត​។

លោក បាន​បញ្ជាក់​ថា៖ «បច្ចុ​ប្បន្ន យើង​កំពុង​ធ្វើ​កិច្ច​ការទាំងនេះ ហើយ​យើង​ត្រូវ​ការ​ការចូលរួមពីគ្រប់​ភាគី​ពាក់​ព័ន្ធ ទាំង​គំនិត បច្ចេក​ទេស និង ធន​ធាន ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែមទៀត ​នៅ​ក្នុង​ដំណើរការ​អនុវត្ត​គោល​នយោ​បាយ​ជាយុទ្ធសាស្ត្រ​របស់​យើង ដើម្បី​ធានាឲ្យ​បាន​នូវនិរន្តរ​ភាព​ធន​ធាន​មច្ឆា​ជាតិ​របស់​យើង​នា​ពេល​អនា​គត​»៕​