ភ្នំពេញៈ ក្រុម​អ្នក​ត្រួត​ពិនិត្យ​ការ​ពិត​ល្បីៗ​នៅ​សហរដ្ឋ​អាមេរិក​ បាន​នឹង​កំពុងតែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សម្តី​អ្នក​នយោបាយ​អាមេរិក​ហើយ​បាន​អះអាង​ថា សម្តី​ឬការ​ថ្លែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់​ ត្រាំ ​គឺ​មិន​ពិត​ភាគច្រើន។


ដើម្បី​តាម​ដាន​និង​ជៀស​វាង​ការ​ផ្តល់​ព័ត៌មាន​ភូត​កុហក​ ឬ ​ព័ត៌មាន​ក្លែងក្លាយ​ដល់​សាធារណ​ជន​នោះ​ស្ថាប័ន​ឯករាជ្យ​ដែល​រួម​មាន​កាសែត​ល្បីៗ​ផង​បាន​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ (Fact Checking) នូវ​សម្តី​និង​ការ​ថ្លែង​សន្ទរកថា​របស់​លោក​ ដូណាល់​ ត្រាំ,​ អ្នក​នយោបាយ,​ មន្រ្តី​ជាន់​ខ្ពស់ ​ឬ បុគ្គល​សំខាន់ៗ​ ហើយ​ធ្វើ​ការ​ចេញ​ផ្សាយ​លទ្ធផល​ជា​សាធារ​ណ។​ ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត​ទាំង​នោះ​រួម​កាសែត Washington Post, គម្រោង PolitiFact, Fact Check​ និង Checkology ជាដើម។

អ្នកសារព័ត៌មាន​កម្ពុជា​ និង ​អ្នកកាសែត​មក​ពី​ ២៣ ​ប្រទេស​ផ្សេង​ទៀត​បាន​ជួប​និង​ធ្វើ​ការ​ស្វែង​យល់​ពី​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​នេះ ដើម្បី​ទទួល​ការចែក​រំលែក​ចំណេះ​ដឹង និង​យុទ្ធសាស្រ្ត​របស់​ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ កាល​ពី​ពេល​ថ្មី​ៗនេះ​នៅទី​ក្រុង New York, Washingtong DC និង Philadelphia។

លោក​ Salvador Rizzo ដែល​ជា​អ្នក​សារព័ត៌​មាន​ផ្នែក​ត្រួត​ពិនិត្យ​ការ​ពិត​របស់​កាសែត​ Washington Post បាន​ថ្លែង​ថា វិធីសាស្រ្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​ពិត​ គឺជា​អ្វីមួយ​ដែល​កាសែត​ Wasthington Post មាន​ការ​ជឿជាក់​ហើយ​ពួក​គេ​គិត​ថា ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​និង​ការងារ​នេះ​ជួយ​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​ល្អ​សម្រាប់​អ្នក​អាន។

លោក​សង្កេត​ឃើញ​ថា នាពេល​បច្ចុប្ប​នេះ​មាន​បញ្ហា​ជា​ច្រើន​កំពុង​តែ​កើតមាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក។


លោក​បញ្ជាក់​ថា៖ «ការ​អប់រំ​មនុស្ស​ឲ្យចេះ​បែង​ចែក​ព័ត៌មាន​ពិត ​និង​ព័ត៌មាន​បែប​ឃោសនា​ គឺជា​រឿង​សំ​ខាន់»។

បន្ទាប់​ពី​សម្រេច​ថា យក​រឿង​អ្វី​មួយ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ហើយ​នោះ​ ក្រុម​ការងារ​លោក​ត្រូវ​ធ្វើ​ការ​ស្វែង​រក​ទិន្នន័យ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​សហការ ដើម្បី​រក​វត្ថុតាង​មក​បញ្ជាក់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ជឿ​ទុក​ចិត្ត​ថា សម្តី​ ឬ ​ការ​ថ្លែង​នោះ​ពិតជា​មិន​ពិត​មែន។

លោក​លើក​ឡើង​ថា​ ការ​ស្វែង​រក​ទិន្នន័យ​មក​បញ្ជាក់​ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន ​ដោយ​មិន​ចេះ​តែ​យក​ប្រភព​ដែល​រក​បាន​នៅ​តាម​ Google ​នោះ​ទេ។

លោក​ថា ការ​ត្រួត​ពិនិត្យ​ការ​ពិត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ សំខាន់​ ដែល​វា​ជា​ផ្នែក​មួយ​នៃ​សារព័ត៌មាន និង​ជា​តម្រូវ​ការ​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ បើក​ទោះ​បី​ជាការ​ងារ​នេះ​ធ្វើ​ពាក់​ព័ន្ធ​នឹង​អ្នក​នយោបាយ ក៏ដូច​ជា​ប្រធានាធិបតី​ ក៏​ដោយ​ ក៏​លោក​ Salvador ​បាន​អះអាង​ថា ពួក​លោក​មិន​ដែល​ទទួល​ «ការ​គំរាម​កំហែង» ណា​មួយ​នោះ​ទេ។

ក្រៅពី​អ្នក​នយោបាយ​កាសែត Washington Post ក៏​មាន​ទទួល​យក​មតិ​យោបល់ ​ក៏ដូច​ជា​សំណូម​ពរ​ និង​ដំណឹង​ពី​សាធារណជន ​ដើម្បី​យក​មក​ស្រាវជ្រាវ​រក​ការ​ពិត​ផង​ដែរ។

លោក​ Salvador បាន​ធ្វើ​បទ​បង្ហាញ​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​រយៈពេល​ ៦០១ ​ថ្ងៃ ​លោក​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ បាន​ធ្វើ​ការ​អះ​អាង​មិន​ពិត​ និង​មាន​កំហុស​ចំនួន​ ៥០០១។

ដោយ​ឡែក​ លោក John Greenberg អ្នក​សរសេរព័ត៌​មាន​នៅ​គម្រោង​ត្រួត​ពិនិត្យ​ការ​ពិត​មួយ​ឈ្មោះ​ PolitiFact របស់​វិទ្យាសា្ថន Poynter ក៏​បាន​ថ្លែង​ផង​ដែរ​ថា ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​លោក​ក៏​បាន​រក​ឃើញ​ផងដែរ​ថា សម្តី​លោក​ ត្រាំ គឺ​មិន​ពិត​ភាគ​ច្រើន​ផងដែរ។

លោក​បញ្ជាក់​ថា​៖ «លោក​ ត្រាំ ​គឺ​ខុស​ពី​ធម្មតា​ជា​អ្នក​នយោបាយ​ម្នាក់​។ ជាទូទៅ​ប្រហែល​ ៦៨ ​ទៅ​ ៧០ ​ភាគរយ​នៃ​ការ​ថ្លែង​របស់​លោក​ គឺ​ភាគ​ច្រើន​មិន​ពិត»។

លោក​បន្ត​ថា ​តាម​រយៈ​ភាព​ប្រាដក​និយម​របស់​គម្រោង​ត្រួត​ពិនិត្យ​ការ​ពិត​របស់​លោក​ការ​ថ្លែង​មិន​ពិត​របស់​លោក​ ត្រាំ ​គឺ​ប្រហែល​ជា​មាន​ទ្វេ​ដង ​ច្រើន​ជាង​អ្នក​នយោបាយ​សំខាន់ៗ​ដទៃ​ទៀត។

លោក​ John ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​មួយ​ខែ​ពួក​លោក​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​ការ​ពិត​ប្រមាណ​ជា​ ៤០ ។ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១ ​មក​ គឺ​មាន​ជាង​ ១៥,០០០ ​ហើយ​រាល់​លទ្ធផល​រក​ឃើញ​ទាំង​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជាសាធារណ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​និង​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ផុស​ផុល​ផង​ដែរ។ ​

លោក​ John ​បាន​បន្ថែម​ថា ​មាន​ករណី​ខ្លះ​ដែល​ពួក​លោក​មិន​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​រក​ការ​ពិត​ឃើញ​ដូច​ជា​រឿង​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​យោធា ​ឬ CIA ​ជា​ដើម ​ព្រោះ​មិន​អាច​ស្វែង​រក​ទិន្នន័យ​មក​បញ្ជាក់​បាន​។

គម្រោង PolitiFact ធ្លាប់​បាន​ទទួល​ពាន់​រង្វាន់​ពី​ការ​ស្នាដៃ​ត្រួត​ពិនិត្យ​ការ​ពិត​នេះ​ផង​ដែរ។

សកម្មភាព​ការងារ​របស់​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មជ្ឈ​មណ្ឌល​ព័ត៌មាន​បរទេស​វ៉ាស៊ីនតោន (FPC) នៃ​ក្រ​សួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ផងដែរ៕