ភ្នំពេញៈ ក្រោយពីចេញពីគុកលោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយបានអះអាងកាលពីម្សិលមិញថានឹងបន្តការងារលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យបានទ្វេដង បើទោះបីប្រឈមបញ្ហាចំពោះមុខក៏ដោយ។
លោក គឹម សុខ ត្រូវបានអនុវត្តទោស ១ ឆ្នាំ ៦ ខែពីបទញុះញង់ និងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក គី តិច តំណាងគណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ ត្រូវបានអនុរក្សពន្ធនាគារដោះលែងកាលពីថ្ងៃសុក្រក្រោយអនុវត្តទោសរយៈពេល ១ ឆ្នាំកន្លះ។ លោកត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពី CPP ប្ដឹងថាលោកបាននិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាតាមរយៈវិទ្យុអាស៊ីសេរីថា នៅពីក្រោយខ្នងការសម្លាប់អ្នកវិភាគនយោបាយលោក កែម ឡី។
ថ្លែងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ លោក គឹម សុខ បានឲ្យដឹងថា៖ «ខ្ញុំមិនឈប់ទេ គឺខ្ញុំធ្វើលើសដើមតាមការសន្យា ពីព្រោះនេះគឺជាការបម្រើជាតិជាអំពើល្អបម្រើពលរដ្ឋ ដូច្នេះការឈប់ធ្វើអំពើល្អមិនមែនជាការអប់រំសកលសម្រាប់មនុស្សជាតិទេ។ ការឈប់ធ្វើអំពើល្អនៅក្នុងសង្គមមួយគឺវាមានតែនាំសង្គមហ្នឹងទៅកាន់ភាពដុនដាបកាន់តែខ្លាំង ដូច្នេះមិនមែនតែខ្ញុំម្នាក់ទេដែលមិនត្រូវឈប់គឺគ្រប់គ្នាមិនត្រូវឈប់ ហើយត្រូវបន្តរួមគ្នាពង្រឹងស្មារតីប្រជាធិបតេយ្យឡើងវិញទាំងអស់គ្នា»។
លោក គឹម សុខ អះអាងថាលោកនៅតែមានការព្រួយបារម្ភពីការចាប់ខ្លួនសាជាថ្មីទៀត។
លោកថ្លែងថា៖ «បើខ្ញុំនិយាយថាមិនបារម្ភ អាហ្នឹងខ្ញុំកុហកគេហើយ បើខ្ញុំប្រាប់គេថា ខ្ញុំមិនខ្លាច អាហ្នឹងខ្ញុំបោកគេហើយ ពីព្រោះខ្ញុំជាមនុស្ស ខ្ញុំចេះបារម្ភ ខ្ញុំចេះខ្លាចដូចគេ ដូចឯងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាព្រមានថាអ្នកវិភាគរូបនេះនឹងប្រឈមបញ្ហាជាថ្មី បើលោកវិភាគមិនផ្សារភ្ជាប់នឹងការពិតនោះ។
លោកថ្លែងថា៖ «ការវិភាគយ៉ាងណាឲ្យគាត់វិភាគដើម្បីឲ្យវាផ្សារភ្ជាប់នឹងការពិតជាក់ស្ដែង បើវិភាគគ្រាន់តែមានចរិតនយោបាយដើម្បីវាយប្រហារមកលើគណបក្សកាន់អំណាច ឬមួយក៏រាជរដ្ឋាភិបាល អាហ្នឹងវាមានបញ្ហាតទៅទៀតហើយ»។
លោក គឹម សុខ ត្រូវបានតុលាការផ្តន្ទាទោស ២ ករណីផ្សេងគ្នាកាលពីខែសីហា ឆ្នាំ ២០១៧ ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដាក់ពន្ធនាគាររយៈពេល ១៨ ខែពិន័យ ៨ លានរៀល និងត្រូវសងសំណងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ចំនួន ៨០០ លានរៀល ឬប្រហាក់ប្រហែល ២០ ម៉ឺនដុល្លារ៕