ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប.) ​កាល​ពី​ថ្ងៃទី ១៣ ​ខែកុម្ភៈ ​ បាន​​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​​បង្ហាញ​ពី​ឯកសារនិងចំនួន​សមា​ជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត ​និង​សមាជិក​​ក្រុមប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សរុប​ក្រុម​ប្រឹក្សា​ទាំងអស់​មាន​ចំនួន​ជាង​ ៤០០០ រូប​ សម្រាប់​ការបោះ​ឆ្នោត​​ជ្រើស​រើស​ក្រុមប្រឹក្សា​អាណត្ដិ​ទី ៣ ​ឆ្នាំ​នេះ។


សេចក្ដី​ប្រកាស​របស់​ គ.ជ.ប. បាន​បង្ហាញ​ថា​ ឯកសារ​ទាំង​ ៤ ​ប្រភេទ​នេះ​ មាន​ការ​ទាក់ទង​ទៅ​នឹង​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុម​ប្រឹក្សា​ក្រុង ​ក្រុមប្រឹក្សា​ស្រុក​ និង​ក្រុមប្រឹក្សា​ខណ្ឌ ​ដែលមាន​រហូត​​ដល់ ៤១១៤ រូប ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ អាណត្ដិ​ទី​៣ ឆ្នាំ ២០១៩។ សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ​មានចំនួន​ ៥៥៩ រូប ​និង​សមា​ជិក​ក្រុមប្រឹក្សា​ក្រុង ​ស្រុក​ ខណ្ឌ ​មានចំនួន​ ៣ ៥៥៥ រូប។

បើ​តាម​ គ.ជ.ប. ​ឯកសារ​ដែលត្រូវ​បានផ្សព្វផ្សាយ​ទាំងនោះ​រួមមាន​

១៖ ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុម​ប្រឹក្សា​ស្រុក ​ក្រុម​ប្រឹក្សា​ខណ្ឌ ​តាមរយៈ​តំណភ្ជាប់​ www.necelect.org.kh/khmer/content/3729។


២៖ តារាង​ ចំនួន​សមាជិក​ក្រុមប្រឹក្សា ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-​ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ​ ឆ្នាំ​ ២០១៩ ​តាមរយៈ​ តំណភ្ជាប់​ www.necelect.org.kh/khmer/content/3730។


៣៖ តារាង​ចំនួន​សមាជិក​ក្រុម​​ប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុមប្រឹក្សា​ក្រុង ​ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ខណ្ឌ ​ចំនួន​អ្នក​បោះឆ្នោត​និង​ការិ​យាល័យ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ឆ្នាំ ២០១៩ ​តាមរយៈ​តំណភ្ជាប់​ www.necelect.org.kh/khmer/content /3731។

៤៖ តារាង​ចំនួន​ការិយាល័យ​បោះឆ្នោត ​ចំនួន​អ្នក​បោះ​ឆ្នោត ​និងចំនួន​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ​ ឆ្នាំ ​២០១៩​ តាមរយៈ​តំណ​ភ្ជាប់​ www.necelect.org.kh /khmer/content/3732 ។

ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្ដិ​ទី៣ នេះ ​និង​ឆ្លើយ​តប​ទៅ​នឹងជន​មួយ​ចំនួន​ដែល​ធ្លាប់​លើក​ឡើងថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​មាន​តម្លាភាព​នោះ ​លោក​ ហង្ស ពុទ្ធា ​សមាជិក ​និង​ជាអ្នក​នាំពាក្យ​ គ.ជ.ប. ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញថា​៖ «គ្មាន​ការ​ងារ​ណា​ល្អ​ឥត​ខ្ចោះ​​ ១០០ ភាគរយ​នោះ​ទេ»។

លោកថា​ មនុស្ស​កើត​មក​មាន​មុខ​មាត់​ខុស​គ្នា មាន​យោបល់​ខុស​គ្នា​ ប៉ុន្ដែ​ដើម្បី​ឲ្យ​មាន​ការ​ព្រម​ព្រៀង​គ្នា​រដ្ឋទាំង​មូល ​សកល​​លោក​ទាំង​មូលបាន​បង្កើត​ច្បាប់ ​ដែល​ច្បាប់​នេះ​ជា​រង្វាស់​រង្វាល់។

លោក​​បញ្ជាក់ថា​៖ «ក្នុង​នាម ​គ.ជ.ប. ​គឺ​យើង​អនុវត្ដ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ រាល់​មតិ​ទាំង​ឡាយ​ណា​ដែល​មិន​យក​ច្បាប់​មក​ឆ្លុះបញ្ចាំង​ នោះ​គឺ​ជាមតិ​ដែល​មិន​គួរ​មាន​យោបល់​ដើម្បី​បំផ្លាញនិង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណើរការ​​បោះ​ឆ្នោត​របស់​ស្ថាប័ន​ គ.ជ.ប​ និង​ដំណើរ​ការ​អនុវត្ដ​ច្បាប់»។

លោក​ថា​៖ «ក្នុង​នាម គ.ជ.ប. ​មាន​ការ​ប្ដេជ្ញាថា​ គោរព​​ម៉ឺងម៉ាត់​នូវ​ច្បាប់​ បទបញ្ជា ​និង​នីតិវិធី​នៃ​ការ​​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ»។

លោក​ សម គន្ធាមី ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​និកហ្វិច ​ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​បាន​មើល​ឃើញថា ​ការ​បោះ​ឆ្នោត​កន្លង​មកនៅ​មិនទាន់​មាន​​បក្ស​ប្រឆាំង​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​នឹង​បក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ។

លោក​បន្ដ​ថា​៖ «មាន​គណបក្ស​ ២០ មែន​កន្លងមក ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ ប៉ុន្ដែ​គណបក្ស​ហ្នឹង​ជាគណបក្ស​ដែល​មិន​មាន​ប្រជា​ប្រិយ​ភាព​ដូច​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ទេ​។ ដូច្នេះ​យើង​ចង់​ឲ្យ​មាន​វត្ដ​មាន​គណបក្ស​ប្រឆាំង​ដូច​គ្នា​បក្ស​សង្គ្រោះ​ជាតិ​នេះ​ចូល​រួម ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែល​យើង​អាច​ទទួល​យក​បាន»។

លោក​ថា​ ទោះបីជា​មាន​គណបក្ស​ ប៉ុន្តែគ្រាន់​តែ​ជាការ​បង្កើតឲ្យ​មាន​ជា​ពហុបក្ស​ក្នុង​​ការចូលរួម​ប៉ុណ្ណោះ។

បើតាម​ គ.ជ.ប. ​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ​នឹងប្រព្រឹត្ត​ទៅ​​ថ្ងៃទី ២៦ ឧសភា ​ឆ្នាំ​ ២០១៩​។ មាន​អ្នក​បោះ​ឆ្នោត​​សរុប ​​១១ ៥៧២ ​​រូប​ និងការិយាល័យ​បោះឆ្នោតមាន​​ ២០៣ ​ការិយាល័យ៕