គណៈកម្មការ​ផ្សារ និង​សាលា​រាជធានី​ភ្នំពេញ គ្រោង​ជួបប្រជុំគ្នា​នៅ​ថ្ងៃស្អែក​ ដើម្បី​ពិភាក្សា និង​ផ្តល់យោបល់​ក្នុង​ការត្រៀម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ

Content image - Phnom Penh Post
ផ្សារអូឡាំពិកចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគ​ មុនពេលចាប់ផ្តើមបើកផ្សារឡើងវិញនៅថ្ងៃទី ២៤ ឧសភា ខាងមុខ។ ហេង ជីវ័ន

ភ្នំពេញៈ គណៈកម្មការ​ផ្សារ និង​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​ស្អែក ដើម្បី​ពិភាក្សា និង​ផ្តល់យោបល់​ក្នុង​ការត្រៀម​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ នៅ​ថ្ងៃ​ចន្ទ ទី​ ២៤ ​ខែ​ឧសភា​។

ប្រធាន​គណៈកម្មការ​ផ្សារ​អូឡាំពិក លោក​ ឡូយ ស៊ាងអាំង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី​ ២១ ​ខែ​ឧសភា​នេះ​ថា គណៈកម្មការ​ផ្សារ​អូឡាំពិក ក៏ដូចជា​គណៈកម្មការ​ផ្សារ​ដទៃទៀត​នឹង​ជួបប្រជុំ​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ នៅមុន​នឹង​បើក​ដំណើរការ​ផ្សារ​ឡើងវិញ នៅក្នុង​បរិបទ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែងថា​៖ «​ថ្ងៃ​សៅរ៍​ស្អែក​នេះ សាលា​រាជធានី​នឹង​ហៅ​គណៈកម្មការ​ផ្សារ​ទាំងអស់​ចូលរួម​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ វេលា​ម៉ោង​ ៩ [​ព្រឹក​]​។ ចឹង​ខ្ញុំ​ចាំ​ទទួល​ការណែនាំ​ផ្ទាល់​របស់​ឯកឧត្តម អភិបាល​រាជធានី​ក៏​ដូចជា​ថ្នាក់ដឹកនាំ ដើម្បី​យក​មក​អនុវត្ត​ការងារ​ឲ្យ​បាន​សមស្រប នៅក្នុង​កាលៈទេសៈ​ដែល​យើង​លក់ដូរ​កំពុង​តែ​មាន​ហានិភ័យ​»​។

លោក​ ឡូយ ស៊ាងអាំង មិនទាន់​អាច​បញ្ជាក់បាន​ពី​វិធានការ​លម្អិត​ក្នុង​ការបើក​ដំណើរការ​ផ្សារ​អូឡាំពិក​ឡើងវិញ​នោះទេ នៅ​មុនពេល​កិច្ចប្រជុំ​នោះ​។

លោក​ ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​សុក្រ​នេះ​។

ទោះយ៉ាងណា ក្នុង​អំឡុងពេល​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​អូឡាំពិក​នៅ​ថ្ងៃ​សុក្រ​នេះ លោក​ ឡូយ ស៊ាងអាំង បាន​ថ្លែងថា វិធានការ​ជា​ចាំបាច់ គឺ​តម្រូវ​ឲ្យ​អ្នកលក់ដូរ និង​អ្នក​ចូល​ផ្សារ​ពាក់​ម៉ាស់​ទាំងអស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។

ក្រៅពីនោះ​គណៈកម្មការ​ក៏កំពុងតែ​ពិចារណា​ក្នុង​ការកាត់បន្ថយ​ចំនួន​អ្នកលក់ ចំពោះ​តូប​ណា ដែល​មាន​គ្នាច្រើន​ផងដែរ​។

លោក​បាន​ឲ្យ​ដឹងថា ផ្សារ​អូឡាំពិក​មាន​តូប​លក់ដូរ​សរុប​ចំនួន ៥ ៦៨៤ ដែល​រួមទាំង​តូប​ដាក់​អីវ៉ាន់​ខ្លះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​រៀបចំ​បរិស្ថាន​នៅក្នុង​ផ្សារ បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​បន្តបន្ទាប់​… ធ្វើ​ម៉េច​ដើម្បី​កាត់បន្ថយ​ហានិភ័យ​។ បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ការងារ​ចាំបាច់ ដែល​យើង​គិតថា ពេល​ដែល​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​ចូលមក​លក់ដូរ​គាត់​មាន​ទំនុកចិត្ត​»​។

លោក​ ឡូយ ស៊ាងអាំង មិនបាន​ចាំ​ពី​តួលេខ​អ្នកលក់ដូរ ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះទេ​។ ប៉ុន្តែ​លោក​ថា នៅក្នុង​ដំណាក់កាល​ដំបូង​មាន​អ្នក​វិជ្ជមាន​នៅក្នុង​ផ្សារ​ប្រមាណ​ជា​ ៣ ​ទៅ​ ៤ ​ករណី​ប៉ុណ្ណោះ​។

សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២០ ​ឧសភា បាន​ចេញ​សេចក្ដី​សម្រេច បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់ នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ឡើងវិញ ចាប់ពី​ថ្ងៃទី​ ២៤ ​ខែ​ឧសភា​នេះ​តទៅ​។

ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ផ្សារ​មិន​រៀបរយ​ទាំងអស់ ដូចជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដីឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើមផ្លូវ​ជាដើម ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​៕

ព័ត៌មានថ្មីៗ