ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្ស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធនេះ ដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលទទួលបានពីប្រទេសសមាជិកអង្គការសហប្រជាជាតិតាមរយៈការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្លែងថា សិក្ខាសាលានេះនឹងធ្វើឡើងរយៈពេល ១ ថ្ងៃកន្លះគឺនៅថ្ងៃពុធទី ៩ និងព្រឹកថ្ងៃទី ១០។ សិក្ខាសាលាថ្ងៃពុធនឹងផ្ដោតលើការផ្សព្វផ្សាយ និងបែងចែកអនុសាសន៍ UPR ដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តតាមការពាក់ព័ន្ធរបស់ខ្លួន។ ចំណែកព្រឹកថ្ងៃទី ១០ ផ្ដោតលើផែនការអនុវត្តន៍អនុសាសន៍ទាំង ១៧៣ ដោយមានការចូលរួមណែនាំពីអ្នកជំនាញផ្នែក UPR មកពីទីក្រុងហ្សឺណែវ។
លោកបានបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ តំណាងអង្គទូតសង្គមស៊ីវិល និងអន្តរជាតិរួមទាំងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០ នាក់ហើយការចូលរួមនេះគឺដើម្បីអនុវត្តនូវអនុសាសន៍ទាំង ១៧៣ នេះឲ្យមានប្រសិទ្ធភាព។
លោក ម៉ាលីន បានថ្លែងថា៖ «អនុសាសន៍ទាំង ១៧៣ មានពាក់ព័ន្ធស្ទើរតែគ្រប់ក្រសួងស្ថាប័នហើយគ្រប់វិស័យនៃសិទ្ធិ និងការកែទម្រង់របស់រដ្ឋាភិបាល អ៊ីចឹងគោលបំណងគឺយើងផ្សព្វផ្សាយអនុសាសន៍ទាំងអស់នោះដើម្បីអនុវត្ត ហើយទី ២ គឺផែនការនៃការអនុវត្ត ថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីអនុវត្តអនុសាសន៍ដែលទទួលយកឲ្យមានប្រសិទ្ធភាព ហើយរៀបចំយន្តការនៃការត្រួតពិនិត្យ»។
លោកបន្តថា៖ «សង្គមស៊ីវិលអាចចូលរួមតាមរយៈការផ្ដល់យោបល់ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់រដ្ឋាភិបាល ហើយក៏អាចចូលរួមអនុវត្តជាមួយរដ្ឋាភិបាលដែរ ព្រោះអនុសាសន៍មួយចំនួនអាចចូលរួមអនុវត្តរួមគ្នាបានរួមមានការអប់រំ ការផ្សព្វផ្សាយ បណ្ដុះបណ្ដាលជាដើម»។
លោកបានបញ្ជាក់ថា បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិលើកទី ១ ទៅនឹងមានសិក្ខាសាលាជាបន្តបន្ទាប់ដើម្បីរៀបចំផែនការអនុវត្តន៍ការតាមដានការអនុវត្តជាដើម។
លោកឲ្យដឹងថាក្នុងសិក្ខាសាលានេះក៏មានការពន្យល់ផងដែរអំពីថា តើមូលហេតុអ្វីបានជាកម្ពុជាធ្វើការកត់សម្គាល់ ឬមិនទទួលយកអនុសាសន៍ចំនួន ២៥ ទៀត។
កាលពីខែមករាប្រទេសចំនួន ៧៣ បានផ្ដល់អនុសាសន៍ចំនួន ១៩៨ ដល់កម្ពុជា ប៉ុន្តែកម្ពុជាទទួលយកតែ ១៧៣ ទេ ចំណែក ២៥ ទៀតត្រូវបានកត់សម្គាល់ដោយហេតុផលថា អនុសាសន៍ ២៥ មានពាក់ព័ន្ធនឹងរឿងនយោបាយ ឬមិនឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជារួមមានដូចជាការស្នើឲ្យដោះលែងលោក កឹម សុខា និងការកែប្រែច្បាប់មួយចំនួន។
លោកស្រី Claudia de La Fuente មន្ត្រីប្រចាំការនៃការិយាល័យ OHCHR ប្រចាំកម្ពុជាថ្លែងកាលពីម្សិលមិញថា ការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិនៃរបាយការណ៍ស្ដីពីការអនុវត្តនៃអនុសាសន៍ទាំងនេះដែលដាក់ជូនដោយរដ្ឋាភិបាលតាមគោលការណ៍ស្ម័គ្រចិត្តនឹងត្រូវធ្វើឡើងនៅខែកក្កដាឆ្នាំ ២០២១ ហើយកិច្ចប្រជុំ UPR បន្ទាប់នឹងធ្វើឡើងនៅឆ្នាំ ២០២៤។
លោកស្រីថ្លែងថា៖ «រដ្ឋនានាត្រូវបានលើកទឹកចិត្តឲ្យដាក់របាយការណ៍ពាក់កណ្ដាលអាណត្តិ ដើម្បីបង្ហាញការរីកចម្រើនក្នុងការអនុវត្ត ហើយវាក៏ជាឱកាសក្នុងការធ្វើឲ្យរឹងប៉ឹងនៃសម្ទុះ URP នៅកម្រិតថ្នាក់ជាតិ»។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សបានថ្លែងថា អង្គការលោកស្រីនឹងចូលរួមក្នុងសិក្ខាសាលានេះ។ លោកស្រីថ្លែងថា៖ «យើងនឹងបន្តលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាមានវិធានការជាក់លាក់ដើម្បីធានាឲ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះអនុសាសន៍ដែលទទួលយកនៅក្នុងឆ្នាំខាងមុខ ដើម្បីធានាការការពារសិទ្ធិមនុស្សទាំងអស់នៅទូទាំងប្រទេស កម្ពុជា»។
លោកស្រីបានថ្លែងបន្តថា លោកស្រីមានការខកចិត្តដែលអនុសាសន៍ ២៥ ត្រូវបានកត់សម្គាល់ តែទោះយ៉ាងណាលោកស្រីលើកទឹកចិត្តឲ្យរដ្ឋាភិបាលពិចារណាលើអនុសាសន៍ទាំងនោះហើយមានវិធានការជាក់លាក់ណាមួយ ដើម្បីស្ដារនូវលម្ហសង្គមស៊ីវិល ការគោរពសេរីភាពដើម្បីឲ្យស្ថានការណ៍សិទ្ធិមនុស្សមានភាពល្អប្រសើរនៅកម្ពុជា៕