ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ.ប.ផ.ក​) ​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្រសួង​​មហាផ្ទៃ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្ដិការ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការនាំ​ចូល ការផលិត​ និង​ការចែកចាយ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​។


លោក លីវ សុផាណារិទ្ធ ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា អនុស្សរណៈ​នេះ​គឺជា​ការរួម​សហការ​គ្នា​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដើម្បី​រឹតបន្តឹង​ច្បាប់​ចំពោះ​ក្រុមហ៊ុន​នាំចូល​ផលិតផល​ក្លែងក្លាយ និង​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នានា​ដែល​នាំ​ចូលមក​កម្ពុជា​។

រាល់​ក្រុមហ៊ុន​ទាំងឡាយ​ដែលជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា បើ​សិន​ជា​មាន​បញ្ហា​ណាមួយ​ទាក់ទង​នឹង​ផលិតផល​ដែល​កំពុង​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការក្លែងបន្លំ​លើ​ផលិតផល ការរំលោភសិទ្ធិ​បញ្ញា និង​ការនាំចូល​ផលិតផល​ស្រប​គ្នា​រំលោភសិទ្ធិ​ណាមួយ​នោះ​សមត្ថកិច្ច​នឹង​ចូលរួម​ជួយ​អនុវត្ដ​វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នឹង​ជួយ​ការពារ​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិផ្ដាច់មុខ​លើ​ផលិតផល​ណាមួយ​នៅ​កម្ពុជា បើ​មាន​អ្នកណា​មួយ​ទៅ​លក់​ផលិតផល​រំលោភ​លើ​កម្មសិទ្ធិបញ្ញារ​បស់​គាត់​។ ជំហាន​ដំបូង​នេះ យើង​ចាប់ផ្ដើម​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​សិន​។ ប៉ុន្ដែ​ជំហាន​បន្ដ​ទៀត​យើង​នឹងធ្វើ​ជាមួយ​សមាគម និង​សភាពាណិជ្ជកម្ម​តាម​បណ្ដា​ប្រទេស​ដទៃទៀត​»​។


លោក សុផាណារិទ្ធ បញ្ជាក់ថា​៖ «​វា​ជាការ​សំខាន់​ណាស់​សម្រាប់​ក្រុមការងារ​យើង​ក្នុង​ការប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ផលិតផល​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ការប្រមូល​ព័ត៌មាន​ពី​ផលិតផល​ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា​តែម្ដង​។ ដូច្នេះ​កិច្ចសហប្រតិបត្ដិការ​នេះ​ក៏​ជា​ការផ្ដោះប្ដូរ​ព័ត៌មាន​ជាច្រើន​ដើម្បី​ការពារ​ផលិតផល​នៅក្នុង​ទីផ្សារ​»​។


លោក​បាន​ឲ្យ​ដឹងថា ផលិតផល​ចរាចរណ៍​នៅក្នុង​ទីផ្សារ​នៅ​ប្រទេស កម្ពុជា​ មាន​ច្រើន​ប្រភេទ ទើប​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​ស្ថាប័ន​​ពាក់ព័ន្ធ​ផ្សេង​ទៀត​បន្ដ​អនុវត្ដ​ការងារ​ជាប្រចាំ​នៅ​តាម​គោលដៅ​។ ប៉ុន្ដែ​ផលិតផល​ក្លែងក្លាយ​នៅ​តែ​កើត​មាន​នៅក្នុង​​ប្រទេស​កម្ពុជា​។ ផលិតផល​ក្លែងក្លាយ​មាន​ចរាចរណ៍​នៅលើ​ទីផ្សារ​គ្រប់​រូបភាព​រួមមាន​ទាំង​គ្រឿងឧបភោគ​បរិភោគ ឱសថ និង​គ្រឿងសម្អាង​ជាដើម​។

លោក សុផាណារិទ្ធ ថ្លែងថា​៖ «​យើង​សង្កេត​នៅក្នុង​ទីផ្សារ ផលិតផល​ក្លែងក្លាយ​គឺជា​ផលិតផល​មួយ​ចំនួន​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅតាម​ក្រសួង​ពាក់ព័ន្ធ​ដែល​នាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​មិនមាន​សំណាក​ដើម្បី​ស្រាវជ្រាវ​លើ​ផលិតផល​នោះ​ថា តើ​ជា​របស់​ក្លែងក្លាយ​ ឬ​របស់​ពិត​។ រឿងនេះ​បាន​កើតឡើង​ជា​ទម្លាប់​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការទិញ​ផលិតផល​លើទីផ្សារ​ដោយ​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​ផលិតផល​នោះ​ថា​បាន​ចុះបញ្ជី​នៅ​ក្រសួង​ឬ​អត់​ទេ​»​។

លោក សុផាណារិទ្ធ បាន​បញ្ជាក់ថា នាពេល​កន្លងមក​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្លាប់​បាន​រឹបអូស​ឱសថ​ក្លែងក្លាយ​ជាច្រើន​តោន​យក​ទៅ​បំផ្លាញចោល មាន​ទាំង​ប្រភេទ​ឱសថ គ្រឿងសម្អាង និង​គ្រឿងឧបភោគ​បរិភោគ​ជាដើម​។

លោក Arnaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​មិនអាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​មិន​ឆ្លើយតប​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​៕