ភ្នំពេញៈ រហូតទល់​ពេលនេះ​មាន​មនុស្ស​ចាស់​ជិត ៣០ ម៉ឺន​នាក់​ បាន​ចូល​ជា​សមាជិក​សមាគម​មនុស្ស​ចាស់​ដែល​ត្រូវបាន​បង្កើតឡើង​ចំនួន ១ ៦៤៦ នៅតាម​ឃុំ-សង្កាត់ ទូទាំង​ប្រទេស​ចាប់​តាំងពី​ឆ្នាំ ២០១៨ ខណៈ​ដែល​មណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​មនុស្ស​ចាស់​ទើប​សាងសង់​បាន​ ៩៥ ​គាគរយ ហើយ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​មិនទាន់​ត្រូវបាន​សាងសង់​នៅឡើយ​។


លោក គុណ ជាស៊ីន ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់​នៃ​ក្រសួង​សង្គមកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​មនុស្ស​ចាស់​កំពុង​សាងសង់​រួច​បាន ៩៥ ភាគរយ​ហើយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​មិនទាន់​បាន​សាងសង់​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​ឡើយ​ទេ ដោយ​ក្រសួង​ត្រូវការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុងការ​ថែទាំ​មនុស្ស​ចាស់​ជាមុនសិន​។

លោក​ថ្លែងថា​៖ «​មណ្ឌល​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​មនុស្ស​ចាស់ យើង​អាច​នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ​ ២០១៩ និង​ចូល​ដល់​ឆ្នាំ ២០២០ យើង​អាច​ចាប់ផ្ដើម​ដំណើរការ​។ ជំហាន​ដំបូង​នេះ ក្រសួង​សង្គមកិច្ច​មិនទាន់​មាន​គោលការណ៍​ក្នុង​ការ​ថែទាំ​មនុស្ស​ចាស់​ទេ​គឺ​ត្រូវ​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​មនុស្ស​ចាស់ និង​ធនធាន​មនុស្ស​»​។

លោក​បន្ដថា​៖ «​យើង​មិនទាន់​មាន​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទេ​។ យើង​បង្កើត​នោះ​គឺ​សមាគម​មនុស្ស​ចាស់​នៅតាម​ឃុំ សង្កាត់​ចំនួន ១៦៤៦ ទូទាំង​ប្រទេស​កម្ពុជា​ស្មើ​នឹង​ចំនួន ១៦៤៦ មណ្ឌល​ដែរ​។ រហូត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ចាស់​ជិត ៣០ ​ម៉ឺន​នាក់​បាន​ចូល​ជា​សមាជិក​»​។

បើតាម​លោក ជាស៊ីន ការបង្កើត​ជា​សមាគម​មនុស្ស​ចាស់​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច​ដោយ​មាន​មន្ទីរ​សង្គមកិច្ច​ជា​សេនាធិការ​ជា​អ្នក​អនុវត្ដ​ធ្វើជា​មួយ​ប្រជាពលរដ្ឋ​ផ្ទាល់​តាម​ឃុំ សង្កាត់​។


លោក​ថ្លែង​ថា​៖ «​សមាគម​នេះ​ក្រសួង​សង្គមកិច្ច​ជា​អ្នកសម្របសម្រួល​ជួយ​បង្កើត​ឲ្យ​ពលរដ្ឋ​នៅតាម​ឃុំ សង្កាត់​។ ប៉ុន្ដែ​សមាគម​នេះ​ស្ថិត​នៅ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ​។ សមាគម​មនុស្ស​ចាស់​នេះ ចូលរួម​ជួយ​ពលរដ្ឋ​បាន​ច្រើន ដូចជា បើ​ពួកគាត់​មាន​បញ្ហា​ទុក្ខលំបាក​នៅ​សហគមន៍​ពួកគាត់ ពួកគាត់​អាចជួយ​ដោះស្រាយ​គ្នា​បាន​តាមរយៈ​ការរួម​គ្នា​ជា​វិភាគទាន​ថវិកា​គ្នា​គាត់​»​។

លោក ជាស៊ីន ថ្លែង​ថា តាម​គោលការណ៍​សមាគម​មនុស្ស​ចាស់​ដែល​រាប់​ចូល​ជា​មនុស្ស​ចាស់ គឺ​ត្រូវមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ ។ ប៉ុន្ដែ​សម្រាប់​សមាគម​នៅតាម​ឃុំ សង្កាត់ សមាគម​នីមួយៗ​អាចបង្កើត​គោលការណ៍​កំណត់​រៀងៗ​ខ្លួន​ក្នុង​ការចូល​ជា​សមាជិក​សមាគម​មនុស្ស​ចាស់​។

លោក ឡៅ វ៉េង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ផល​លាភ​សមធម៌​» នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា​ពាក់ព័ន្ធ​ការបង្កើត​សមាគម​មនុស្ស​ចាស់ ក្រសួង​បាន​ឲ្យ​បង្កើត​ទូទាំង​ប្រទេស​ដោយ​ក្នុង​ ១ ​ឃុំ​ ឬ​សង្កាត់​ត្រូវតែ​មាន​សមាគម​មួយ​។

លោក​ថ្លែង​ថា គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​ចាស់ ឆ្នាំ ២០១៧-២០៣០ ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី​ ២៥ ខែ​សីហា ឆ្នាំ​ ២០១៧ ដោយ​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ដោយ​គោលនយោបាយ​នេះ​រៀបចំ​ឡើង​ក្នុង​គោលដៅ​ធានា​ថា មនុស្ស​ចាស់​ត្រូវបាន​ជំរុញ​ឲ្យ​ចូលរួម​យ៉ាងពេញលេញ ដោយ​សេរី និង​ដោយ​សេចក្ដី​ថ្លៃថ្នូរ​តាម​ដែល​ពួកគាត់​ចង់​នៅក្នុង​សកម្មភាព​គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និង​នយោបាយ​។

លោក​ថ្លែងថា​៖ «​សមាគម​មនុស្ស​ចាស់​នេះ​គឺ​យើង​បាន​បង្កើត ហើយ​បាន​ដំណើរការ​ដោយ​រលូន​ដោយ​មាន​ការពេញចិត្ដ និង​ការចូលរួម​យ៉ាង​ផុលផុស​ពី​មនុស្ស​វ័យចាស់​នៅ​តាម​សហគមន៍​ផងដែរ​»​។

លោក វ៉ន ប៊ុនរ៉េត ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ស្វែងរក​ការគាំទ្រ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា (HelpAge Cambodia) បាន​លើកឡើង​ថា លោក​គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច​ក្នុងការ​ពិចារណា​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទាំង​នៅ​រាជធានី-ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ ដើម្បី​អាច​ឲ្យ​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង​ និង​ទីទ័លក្រ អាច​ទទួល​បាន​ការមើល​ថែ​។

លោក​ថ្លែងថា​៖ «​បើ​យើង​សាងសង់​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ កត្ដា​ចាំបាច់ គឺ​ត្រូវ​មើលទៅ​អ្នក​ដែល​មាន​តម្រូវការ​ជាក់ស្ដែង​នោះ​គឺ​ពួកគាត់​ជា​មនុស្ស​ចាស់​ក្រីក្រ កំពុង​រស់នៅ​សហគមន៍​របស់​ពួកគាត់​នៅ​តាម​បណ្ដា​ខេត្ដ​នានា ដែល​ពួកគាត់​កំពុង​ត្រូវការ​សេវាកម្ម​ថែទាំ​នេះ​»​។

លោក​ ប៊ុនរ៉េត ​ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល គួរ​គិតគូរ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដល់​ពលរដ្ឋ​ដែលជា​មនុស្ស​ចាស់ កំពុង​រស់នៅ​តាម​សហគមន៍​តាមរយៈ​សហគមន៍​របស់​ពួកគាត់​ដែល​មាន​ស្រាប់​ជាជាង​គិតគូរ​លើ​​ការវិនិយោគ​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​នោះ ព្រោះ​សមាគម​មនុស្ស​ចាស់​ដែល​មាន​ស្រាប់​ជា​ចំណុច​សំខាន់ និង​នៅ​កៀក​ជាមួយ​ពលរដ្ឋ​បំផុត​ដែល​ងាយស្រួល​ក្នុង​ការផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​»៕