បាត់ដំបងៈ ​គ្រូពេទ្យ​បង្អែក​ស្រុក​​ថ្មគោល ខេត្ត​បាត់ដំបង​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ករណី​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ដួល​សន្លប់​កាលពី​ចុង​សប្ដាហ៍​​មុន​គឺ​ភាគច្រើន​បណ្ដាល​មកពី​ពួកគេ​មាន​បញ្ហា​កង្វះ​ជីវជាតិ ខណៈ​ខ្លះ​ទៀត​មាន​បញ្ហា​ជំងឺ​ពោះវៀន និង​ក្រពះ​រ៉ាំរ៉ៃ​។


លោក​វេជ្ជបណ្ឌិត គង់ ប៉ាក់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​ការធ្វើ​តេស្ដិ៍​ឈាម​ឃើញ​ថា ភាគច្រើន​នៃ​សិស្សស្រី​គឺ​បណ្ដាល​មកពី​កង្វះ​ «​ជាតិ​ស្ករ​ និង​កាល់ស្យូម​» ខណៈ​មួយ​ចំនួន​មាន​ជំងឺ​ក្រពះ និង​ពោះវៀន​រ៉ាំរ៉ៃ​។

លោក ប៉ាក់ បាន​ពន្យល់​ថា​៖ «​កង្វះ​ជាតិ​ស្ករ និង​កាល់ស្យូម​អាច​ធ្វើឲ្យ​ស្មារតី​មិន​រឹងមាំ​ឆាប់​​ភ័យ​តក់ស្លុត និង​មាន​អាការ​ល្ហិតល្ហៃ​ដៃជើង អស់​កម្លាំង ឈឺក្បាល វិលមុខ និង​ថប់ដង្ហើម​។ ​ចំណែក​ជំងឺ​ក្រពះ និង ពោះវៀន​ជាទូទៅ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការ​ឈឺ​ចុកចាប់ និង​ឆ្អល់ពោះ និង​មាន​អាការ​ចង់​ក្អួតចង្អោរ ឈឺក្បាល វិលមុខ និង​ថប់ដង្ហើម​»​។

លោក​ ប៉ាក់ បន្ត​ថា​៖ «​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ [៩ ​ខែ​ធ្នូ​] ​នេះ​គឺ​នៅ​សិស្ស​តែ​ ៤ ​នាក់​ទេ​ដែល​កំពុង​បន្ត​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​​យើង ចំណែក​ ៦០ ​នាក់​ទៀត​​បាន​វិល​ទៅ​ផ្ទះ​វិញ​ហើយ​» ។

ចំណែក​លោក គឹម វណ្ណៈ អភិបាល​ស្រុក​ថ្មគោល​ដែល​បាន​ដឹកនាំ​ចុះ​អង្កេត​លើ​ករណី​​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​​ចុះ​ពិនិត្យ​ដល់​សាលា​ និង​សួរ​សិស្ស​រងគ្រោះ នៅ​មន្ទីរពេទ្យ​បាន​រកឃើញ​ថា មកពី​កត្តា​ ៥ ​យ៉ាង​សំខាន់ៗ រួមមាន ការហូប​មិន​ទៀង​ពេល រៀន​ហួស​​កម្រិត ថ្នាក់​រៀន​តូចចង្អៀត អាកាសធាតុ​ និង​ភ័យ​តក់ស្លុត​​តាម​គ្នា​។


លោក វណ្ណៈ បញ្ជាក់​ថា​៖ «​សិស្ស​សន្លប់​ភាគច្រើន​រៀន​​ថ្នាក់​ទី​ ១២ និង​ទី​ ៩ ដែល​ឆ្នាំ​នេះ​​ត្រូវ​ប្រឡង​។ ពួកគេ​ភាគច្រើន​​ញ៉ាំ​អាហារ​មិន​ទៀង​ពេល និង​កង្វះ​ជីវជាតិ ស្រប​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ហប់ ហើយ​បន្ទប់​តូច ផ្ទុក​សិស្ស​ច្រើន​ពេក​​បណ្ដាល​ឲ្យ​ពួកគេ​មួយ​ចំនួន​ឈឺក្បាល និង​វិលមុខ ទន់​ដៃ​​ទន់​ជើង ហើយ​ដួល​សន្លប់​។ ឯ​ខ្លះ​ខ្សោយ​ស្មារតី ពេល​ឃើញ​ហេតុការណ៍​ក៏​ស្លុត ហើយ​សន្លប់​តាម​គ្នា​តែ​ម្ដង​»​។

លោក ហ៊ីង ស៊ុនថារិទ្ធ នាយក​វិទ្យាល័យ​ថ្មគោល​បាន​ទទួល​ស្គាល់​ពី​ភាព​ចង្អៀត​ក្នុង​​ថ្នាក់ ខណៈ​វិទ្យាល័យ​នេះ​មាន​ត្រឹម​តែ​ ២៥ ​បន្ទប់ និង​មាន​​សិស្ស​ដល់​ ២០៨៤ ​នាក់ ហើយ​​បែងចែក​ជា​ ៣៣ ​ថ្នាក់​ដែល​ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​ពី​ ៦០ ​ដល់​ ៧៥ នាក់​។

លោក​បញ្ជាក់​ថា​៖ «​គោលការណ៍​របស់​ក្រសួង​គឺ​ថ្នាក់​រៀន​មួយ​អាច​ផ្ទុក​សិស្ស​យ៉ាង​ច្រើន​ ៤៥ ​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​​បើ​យើង​អនុវត្ត​តាម​គោលការណ៍​ក្រសួង តើ​ឲ្យ​សិស្ស​របស់​​យើង​ទៅ​រៀន​នៅ​ឯណា​?»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ក្រសួង​ និង​មន្ទីរអប់រំ​រួម​ទាំង​ផ្នែក​ពាក់ព័ន្ធ​នានា ជាពិសេស​ខាង​វិស័យ​ឯកជន​ជួយ​សង់​អគារ​សាលារៀន​ ៣ ​ខ្នង​ស្មើ​ ១៥ ​បន្ទប់​បន្ថែម​​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស​។

បើ​តាម​លោកគ្រូ ស៊ុំ សុជាតិ ដែល​បង្រៀន​ផ្នែក​ពលរដ្ឋវិទ្យា​ការដួល​សន្លប់​នោះ​ដំបូង​គឺ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​មាន​យុវតី​​ម្នាក់​ឈ្មោះ ណាង សុខហាង រៀន​ថ្នាក់​ទី​ ១១A បន្ទាប់​មក​នៅពេល​រសៀល​មាន​សិស្ស​ស្រី​ម្នាក់​ទៀត​ឈ្មោះ ហួរ ណាថា រៀន​ថ្នាក់​ទី​ ១២ E ក៏​បាន​ដួលសន្លប់​​បន្ត​គ្នា​នៅ​ថ្ងៃ​នោះ​។

លោក សុជាតិ បាន​បន្ត​ថា​លុះ​ដល់​រសៀល​ថ្ងៃ​សៅរ៍​ស្រាប់​​តែ​មាន​សិស្សស្រី​ ៤ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​​រក​កល់​សន្លប់​។

លោក សុជាតិ បញ្ជាក់​ថា​៖ «​ក្រោយ​ពេល​ឃើញ​ហេតុការណ៍​នោះ​សិស្ស​មួយ​ចំនួន​តក់ស្លុត ហើយ​នាំ​គ្នា​យំ​រហូត​ដល់​ទន់ដៃ​ទន់ជើង​ និង​ដួល​សន្លប់​តាម ហើយ​ពេល​នោះ​លោក​នាយក​វិទ្យាល័យ​សម្រេច​ឲ្យ​សិស្ស​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង ដើម្បី​បន្ថយ​ភាព​ចលាចល ហើយ​​បាន​ទូរស័ព្ទ​សុំ​កិច្ចអន្តរាគមន៍​ពី​កម្លាំង​នគរបាល​មូលដ្ឋាន​​ និង​ខាង​មន្ទីរពេទ្យ​ឲ្យ​ចុះ​ជួយ​​អន្តរាគមន៍​នាំ​សិស្ស​ដែល​មាន​អាការ​មិន​ស្រួល និង​ដួល​សន្លប់​នោះ​ទៅ​ព្យាបាល​៕