ចាងហ្វាង និង អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក លី តៃសេង៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអ្នកបង្កើតឱកាស ដើម្បីកសាងភាពជឿទុកចិត្តគ្នាក្នុងការបង្រួបបង្រួមកូរ៉េទាំងពីរ

ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអ្នកបង្កើតឱកាសដើម្បីកសាងភាពជឿទុកចិត្តគ្នាក្នុងការបង្រួបបង្រួមកូរ៉េទាំងពីរ។ នេះជាការលើកឡើងរបស់លោកលី តៃសេង ចាងហ្វាង និង ជាអគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ក្នុងឱកាសលោកចូលរួមជាវាគ្មិនក្នុងសន្និសីទ ភាពជាអ្នកដឹកនាំពិភពលោក ២០២១ រៀបចំឡើងនៅថ្ងៃទី៣០ មេសា នេះ តាមរយៈអនឡាញ។
សន្និសីទនេះរៀបចំឡើងដោយគំនិតផ្ដួចផ្ដើមសន្តិភាពឦសានដែលគាំទ្រដោយសហព័ន្ធសន្តិភាពសកលហៅកាត់ថា UPFក្រោមប្រធានបទ «ដំណើរឆ្ពោះទៅការបង្រួបបង្រួមដោយសន្តិភាពនៃឧបទ្វីបកូរ៉េ, ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ពិភពលោកដែលមានការបង្រួបបង្រួម»។
លោក លី តៃសេង បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកសង្កេតការឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គោលការណ៍ ៣យ៉ាង គឺផ្ដល់ព័ត៌មាន អប់រំនិងកម្សាន្ត។ វាអាចលើកកម្ពស់ការតស៊ូមតិនិងបង្កើតរបៀបវារៈនានា រួមទាំងតួនាទីក្នុងការស្វែងរកដំណោះស្រាយនៃជម្លោះផងដែរដូចដែលធ្លាប់កើតមានក្នុងការបញ្ចប់សង្គ្រាមវៀតណាមក្នុងទសវត្សរ៍ ១៩៧០ ជាឧទាហរណ៍។
លោកថ្លែងដូច្នេះថា៖ «ដូចគ្នាដែរ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាអាចជួយក្នុងការពន្លឿនដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េតាមរយៈការផ្សព្វផ្សាយពន្យល់ពីប្រវត្តិសាស្ត្រ និងទិដ្ឋភាពបច្ចុប្បន្ននៃប្រជាជាតិទាំងពីរនេះ ក៏ដូចជារៀបរាប់ពីសារៈសំខាន់នៃសន្តិភាពសកល និងតំបន់»។
បើតាមការអង្កេតរបស់លោកការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មានលោកខាងលិចអំពីកូរ៉េខាងជើង ឬ អំពីដំណើរការបង្រួបបង្រួមកូរ៉េទាំងពីរធ្វើឡើងដោយបង្ហាញនូវទស្សនៈរបស់ពួកគេលើព្រឹត្តិការណ៍ទាំងនោះ។
លោកមានប្រសាសន៍ថា៖ «វាជាឱកាសល្អសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ក្នុងការនាំមុខស្វែងយល់ពីបញ្ហាភូមិសាស្ត្រនយោបាយនៃតំបន់អាស៊ីខាងកើតនិងឧបទ្វីបកូរ៉េព្រមទាំងបង្ហាញទស្សនៈរបស់ខ្លួនលើបរិបទតំបន់ ដោយបង្ហាញពីវិធីតាមបែបអាស៊ីក្នុងការទប់ស្កាត់និងគ្រប់គ្រងជម្លោះ»។
បើតាមលោក លី តៃសេង ប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីសំខាន់មួយទៀតដែរក្នុងការកសាងទំនុកចិត្តគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធនានាក្នុងការតស៊ូមតិនិងដំណើរការបង្រួបបង្រួមកូរ៉េទាំងពីរ។
លោកសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍យ៉ាងសកម្មអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែពួកគេបានចាប់អារម្មណ៍តិចតួចលើវប្បធម៌ កំណើនសេដ្ឋកិច្ចការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ បន្ថែមពីលើនេះរឿងរ៉ាវជោគជ័យផ្សេងៗដូចជាពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ កីឡា និងការកម្សាន្តក៏កម្រត្រូវបានប្រព័ន្ធផ្សព្វផ្សាយទាំងនោះរាយការណ៍ណាស់។
លោក លី តៃសេង មានប្រសាសន៍ដូច្នេះថា៖ «ក្នុងបរិបទនេះ ប្រព័ន្ធផ្សព្វផ្សាយអាចដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនានយោបាយដែលចាំបាច់បំផុត និងការជួបប្រស្រ័យទាក់ទងគ្នារវាងមនុស្សនិងមនុស្សដើម្បីកសាងឡើងវិញនូវទំនុកចិត្ត ដែលកំពុងខ្វះខាត ហើយដែលជាបញ្ហាក្នុងកិច្ចប្រឹងប្រែងឲ្យមានការបង្រួបបង្រួម»។
លោកសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សហគមអន្តរជាតិ និងដោយសារកូរ៉េទាំងពីរមានវប្បធម៌ និងអត្តសញ្ញាណដូចគ្នា និងចំណងមនោសញ្ចេតនាជាមួយគ្នា ពួកគេនឹងអាចស្វែងរកចំនុចរួមគ្នាក្នុងការប្រស្រ័យទាក់ទងគ្នា ឆ្ពោះទៅរកការបង្រួបបង្រួមគ្នាដោយសន្តិវិធី។
លោកបញ្ជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍តែងរាយការណ៍លើបញ្ហារសើបនានានៅលើពិភពលោកក្នុងតំបន់ និងនៅឧបទ្វីបកូរ៉េដោយឈរលើគោលការណ៍សត្យានុម័តមិនលម្អៀងដោយព័ត៌មានទាំងនោះយកចេញពីបណ្ដាញព័ត៌មានអាស៊ាននិងទីភ្នាក់ងារព័ត៌មានអន្តរជាតិផ្សេងទៀត។ បន្ថែមពីលើនេះភ្នំពេញប៉ុស្តិ៍ក៏មានទំព័រសម្រាប់បញ្ចេញមតិយោបល់ដែលជាវេទិកាបង្ហាញពីការអភិវឌ្ឍនៅកម្ពុជា អាស៊ាន និងឧបទ្វីបកូរ៉េផងដែរ។
លោកថ្លែងថា៖ «យើងជឿជាក់ថា ភ្នំពេញប៉ុស្តិ៍អាចដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់របៀបវារៈបង្រួបបង្រួមឧបទ្វីបកូរ៉េ ជាពិសេសនៅក្នុងឆ្នាំខាងមុខនេះដែលកម្ពុជាធ្វើជាប្រធានអាស៊ាន»៕







