ភ្នំពេញៈ ក្នុង​ឆ្នាំ ២០២០ ថវិកា​អភិវឌ្ឍន៍​ឃុំ​ សង្កាត់​នីមួយៗនឹង​កើន​ឡើង​ទ្វេ​ដង​ដល់​​ជាង​ ៧ ​ម៉ឺន​ដុល្លារ ដោយ​​មិន​រាប់​បញ្ចូល​ថវិកា​ផ្នែក​រដ្ឋ​បាល​ហើយ​​ចំនួន​នេះ​នឹង​ឡើង​ជាង ​៣ ​ដង​ក្នុង​ឆ្នាំ​ ២០២៣ ​ សម្រាប់​​ឆ្លើយតប​តា​មត​ម្រូវ​ការ​អភិវឌ្ឍ​ន៍​ជា​អ្វីដែ​លសង្គ​មបាន​សាទ​រ ​​​ប៉ុន្តែ​ស្នើ​ឲ្យ​មាន​តម្លា​ភាព​ថវិកា​ទាំង​នេះ ​ខណៈ​បច្ចុប្បន្ន​ថវិកា​អភិ​វឌ្ឍន៍​ឃុំ សង្កាត់ទទួល​បាន ​ត្រឹម​តែ ៣​,៥ ​ម៉ឺន​ដុល្លារ។


លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងនៅ​ក្នុង​សន្និ​បាត​ត្រួត​ពិនិត្យ​លទ្ធ​ផល​ការងារ​​កាល​ពី​ម្សិល​មិញ​ថា ​ក្នុង​ឆ្នាំ ២០១៩​ នេះ ថវិកា​ដែល​ឃុំ សង្កាត់​នីមួយៗ​ទទួល​បាន​គឺ​ត្រឹមតែ​ ៣៥​ ០០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំពោះ​នេះ នឹង​កើនឡើង​ដល់​ ៧៣​ ០០០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០​ ហើយ​កើន​ដល់​ ៨៥​ ០០០ ​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ កើន​ដល់ ​១០ ​ម៉ឺន​ដុល្លារ​ខណៈ​ចំនួន​នេះ​នឹង​កើន​ដល់​ ១១ ​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​ ខាង​មុខ។

លោក​បន្ត​ថា ការ​សម្រេច​ដំឡើង​ថវិកា​សម្រាប់​អភិ​វឌ្ឍន៍​ឃុំ ​សង្កាត់​ទូទាំង​ប្រទេស​នេះ គឺ​ទទួល​បាន​ការ​ឯក​ភាព​រួច​ហើយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែននិង​ក្រសួង​សេដ្ឋ​កិច្ច ដែល​ទាំង​នេះគឺជា​ឆន្ទៈ​របស់​រដ្ឋាភិ​បាលក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង។

លោក​បន្ត​ថា៖ ​«នេះ​ជាម​ហិ​ច្ឆតា និង​ឆន្ទៈ​នយោ​បាយ​របស់​រដ្ឋាភិ​បាល​ដើម្បី​នឹង​ផ្តល់​លទ្ធភាព​ទៅ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ឃុំ-សង្កាត់ ​ដែល​ជា​អ្នក​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ប្រជា​ពលរដ្ឋ ​មាន​ថវិកា​ក្នុងកា​រ​អភិវឌ្ឍ​មូល​ដ្ឋាន​របស់​ខ្លួន​តាម​ការ​ចាំបាច់​​របស់​ប្រជា​ពលរដ្ឋ»។


ជា​មួយ​គ្នានេះ លោក​ ស ខេង ក៏បាន​សង្កត់​ធ្ងន់​ដែរ​ថា ចំពោះ​កំណែ​ទម្រ​ង​់ឲ្យ​មាន​ការិ​យាល័​យ​ច្រក​ចេញ​ចូល​តែ​មួយ នៅ​តាម​ឃុំ ​សង្កាត់​ ក៏​ជា​យន្ត​ការ​ដ៏មាន​ប្រ​យោជន៍​មួយសម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ ព្រោះ​ការិ​យា​ល័យ​នេះ បាន​បង្ហាញ​ពី​តម្លា​ភាព កាត់​បន្ថយ​អំពើ​ពុក​រលួយ កាត់​បន្ថយ​ការ​ចំណាយ​​ពេល​វេលា ហើយ​ចំណូល​ចូល​រដ្ឋ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។


តាម​របាយ​ការណ៍​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ ២០១៩ គិត​ត្រឹម​ឆ្នាំ ២០១៨ កម្ពុជា​មាន​ឃុំ​ចំនួន ១៤១០ សង្កាត់​ចំនួន ២៣៦ ខណៈ​រាជ​ធានី​មាន ១ ខេត្ត​ចំនួន ២៤ ក្រុង​ចំនួន​ ២៦ ស្រុក ១៥៩ ខណ្ឌ​មាន ១២ និង​ភូមិ​ទូទាំង​ប្រទេស​មាន​ចំនួន ១៤ ៣៨៣។

មេឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ​អ្នក​ស្រី ស៊ឹម ពៅ បាន​សាទរ​ចំពោះ​ការ​សម្រេច​ដំឡើង​ថវិកា ដែល​អាច​ឲ្យ​ពួកគេឆ្លើយតប​​នឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុងការ​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្នែក​អភិវឌ្ឍ​ន៍ធន​ធាន​មនុស្ស​ជាដើម​ ខណៈ​កន្លងទៅ​កញ្ចប់​ថវិកា​មិន​គ្រប់គ្រាន់ បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ការអ​ភិវឌ្ឍ​ក្នុង​ឃុំ​របស់​ខ្លួន។

ជា​មួយ​នេះ អ្នក​ស្រីក៏​រំពឹង​ដែរ​ថា ថវិកា​ដែល​កើន​ឡើង​នេះនឹង​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ប្រឈម​ធំៗរបស់​ឃុំ ដូច​ជា បញ្ហា​ផ្លូវ ​បញ្ហា​ជីក​ប្រ​ឡាយ និង​ការ​សាង​សង់​ផ្សេងៗដែល​កំពុង​បន្ត​អូស​បន្លាយ។

អ្នកស្រី​បន្តថា៖ «យើង​នឹង​បែង​ចែក​ដោះស្រាយ​ការងារ​ជា​អាទិ​ភាព​មុន មើលថា​ ការងារ​ជា​តម្រូវការ​ចាំបាច់​ជាមុន និង​មើល​តាម​ថវិកា​ហ្នឹង​សិន ថា​កន្លែង​ណា​ដែល​ត្រូវធ្វើ​មុន ដើម្បី​ឲ្យ​យើង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​របស់​យើង»។

លោក តឹក វណ្ណា​រ៉ា នាយកប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO forum) ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វា​ពិតជា​ល្អ ដែល​រដ្ឋបាល​ថ្នាក់ឃុំ សង្កាត់​ អាច​ទទួល​បាន​ថវិកា​អភិវឌ្ឍន៍​ទ្វេដង​នេះ ហើយ​ទាំងនេះ​គឺជា​អ្វីដែល​ពួក​គាត់​ស្នើ​ឡើង ដើម្បី​អាច​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​តម្រូវ​ការ​នានា។

លោក​បាន​បន្តថា ជាមួយ​នឹង​កា​រទទួល​បាន​ការ​ដំឡើង​ថវិកា​ឃុំ-សង្កាត់​ក្នុងការ​អភិវឌ្ឍ​នេះ​ជំហាន​បន្ទាប់ដែល​អាជ្ញាធរ​ថ្នាក់​ក្រោម​ត្រូវ​ត្រៀម​គឺ​គួរ​មាន​យន្ត​ការ​ច្បាស់​លាស់ ក្នុងការ​បែង​ចែក​ថវិកា​ទាំង​នេះ​ឲ្យ​មាន​តម្លាភាព។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ឲ្យ​ថវិកា​ឃុំ​ចំនួន​ជាង ៧​ ម៉ឺនមួយ​ឃុំ​ហ្នឹង​ប្រកប​ដោយប្រសិទ្ធ​ភាព ត្រូវ​កសាង​សមត្ថ​ភាព​ឃុំ-សង្កាត់ ក្នុង​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​យន្ត​ការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផែន​ការដែល​បាន​លើក​ឡើង។ បង្កើត​ឲ្យ​មាន​ការជជែក​ពិភា​ក្សា​នៅ​ថ្នាក់មូ​លដ្ឋាន​ហ្នឹង អំពី​ការធ្វើ​ថវិកា​នៅក្នុង​ឃុំ សង្កាត់​ហ្នឹង ដោយ​បើកឱ​កាស​ឲ្យ​មាន​ការ​ចូលរួម​ដោយ​ទូលាយ​ក្នុង​ថ្នាក់​ឃុំ​ហ្នឹង សម្រាប់​ធ្វើ​ផែនការ​​រួម ហើយ​ឲ្យប្រជា​ពលរដ្ឋនៅក្នុង​ឃុំ​ហ្នឹង​ បានដឹង​បាន​ឮ និង​មាន​ការ​ចូលរួម ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្តែង»៕