ភ្នំពេញៈ គិត​ចាប់​តាំងពី​ឆ្នាំ ២០១៤ ដល់​ខែ​ កក្កដា ឆ្នាំ​ ២០១៩ អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញចេញ​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ជាង​​ ២ ៧០០ ​នាក់​ ដោយ​ធ្វើ​ឡើង​ផ្អែក​តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ ២ និង​ស្រប​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​របស់​កម្ពុជា​។ នេះ​បើតាម​ក្រសួង​មហាផ្ទៃ​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​ធ្វើឡើង​ដើម្បី​បំភ្លឺ និង​បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​ជុំវិញ​ការចាប់​ខ្លួន​ជនជាតិ​ចិន​កាលពី​ចុង​សប្តាហ៍​មុន​បាន​លើកឡើង​ថា ការចាប់ខ្លួន​ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស និង​ការបណ្តេញ​ជនជាតិ​ចិន​ទាំងនេះ​ចេញ​ពី​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​ផ្អែក​តាម​ស្មារតី​នៃ​អនុស្សរណៈ និង​ច្បាប់​។

ក្រសួង​បន្តថា​៖ «​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ចេញ​ពី​កម្ពុជា គឺជា​ជន​ដែល​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ចិន​ដែល​នឹងត្រូវ​យក​ទៅ​អនុវត្ត​នីតិវិធី​បន្ត​តាមផ្លូវ​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​ប្រទេស​ ចិន​ ពោល​គឺ​មិន​ដោះលែង​ឲ្យ​រួចខ្លួន​នោះ​ទេ​»​។

ក្រសួង​បញ្ជាក់​ថា រាល់​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស និង​ចាប់ខ្លួន​ជនល្មើស ទោះបី​ជា​ជនល្មើស​នោះ​ជា​ពលរដ្ឋ​ខ្មែរ ឬ​ជា​ជនបរទេស​ក្តី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​កម្ពុជា​តែងតែ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រមូល​ភ័ស្តុតាង​ឲ្យ​បាន​គ្រប់​តាម​ផ្លូវច្បាប់​ជាមុន ហើយ​ប្រសិន​បើ​ជន​ទាំងនេះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ប្រទេស​ កម្ពុជា វា​អាច​ជា​​អម្រែក​ដ៏ធ្ងន់​មួយ​នៃ​ថវិកាជាតិ​។


ក្រសួង​បញ្ជាក់​ថា​៖ «​ជនល្មើស​បរទេស​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​បណ្តេញ​ចេញ​ពី​កម្ពុជា​ស្រប​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នឹង​ត្រូវ​ដាក់បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ (Black List) នៃ​ប្រព័ន្ធគ្រប់គ្រង​អន្តោប្រវេសន៍ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចូល​មក​កម្ពុជា​ជាថ្មី​ទៀត​ឡើយ​»​។


កន្លង​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ធ្លាប់​បាន​ចាប់បញ្ជូន​ខ្លួន​ជនបរទេស​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​របស់​ពួកគេ ឲ្យ​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​ផងដែរ​ស្របតាម​ស្មារតី​នៃ​អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ ២​។

ក្រសួងមហាផ្ទៃ​ចាត់ទុក​ការលើកឡើង​របស់​អ្នកវិភាគ​មួយចំនួន​ថា ខ្វះ​មូលដ្ឋាន​ព័ត៌មាន និង​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់ ដែល​អាច​បណ្តាល​ឲ្យ​សាធារណ​មតិ​ជាតិ-អន្តរជាតិ មាន​ការភ័ន្តច្រឡំ​ចំពោះ​វិធានការ​ និង​ដំណើរការ​នីតិវិធី​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​កម្ពុជា​។

ការចេញ​សេចក្តី​បំភ្លឺ​យ៉ាង​ដូច្នេះ​ធ្វើឡើង បន្ទាប់ពី​មាន​ការរិះគន់​ពី​អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន​ជុំវិញ​ការធ្វើ​បត្យាប័ន​ជនល្មើស​ជនជាតិ​ចិន ក្រោយពី​កម្ពុជា​បាន​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ពួកគេ​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​លើ​ទឹកដី​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​បទល្មើស​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា ការធ្វើ​ទារុណកម្ម និង​បទល្មើស​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណែត​។

កាលពី​សប្តាហ៍​មុន​សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ជាង​ ១០០ ​នាក់ ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាក់ទង​នឹង​បទល្មើស​ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (VOIP)​។

លោក​ ឌី ថេហូយ៉ា ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស​ហៅថា សង់ត្រាល់ និយាយ​ថា​លោក​មិន​ហ៊ាន​សន្និដ្ឋាន​នោះទេ ចំពោះ​ការបកស្រាយ​របស់​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​លោក​យល់ថា បើសិន​ជា​ប្រទេស​កម្ពុជា​ពិតជា​មាន​ការគ្រប់គ្រង​ល្អ​មែន នោះ​ជនជាតិ​ចិន​ទាំងនោះ​នឹង​ទទួលទោស​ចំពោះមុខ​ច្បាប់​កម្ពុជា ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ដូច​ពេលនេះ​នោះដែរ​។

យ៉ាងណា​លោក​នៅ​តែ​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ក្នុង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​ដោយ​លោក​ថ្លែងថា​៖ «(​ត្រូវ​) ​គ្រប់គ្រង​ជនជាតិ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ខុស​គឺ​ខុសត្រូវ​គឺ​ត្រូវ​។ ដូច​សព្វថ្ងៃ​នេះ​មាន​ការរិះគន់​ជនជាតិ​ចិន​មាន​សិទ្ធិ​ប្រើប្រាស់​ឡាន​របស់​រដ្ឋ ស្លាក​លេខ ខ.ម ន.ប ពាសពេញ​អ៊ីចឹង​។ កាលណា​យើង​គ្រប់គ្រង​មិន​មាន​ប្រសិទ្ធភាព ហើយ​ពួកគេ​ចង់​ធ្វើអី​ក៏បាន​ឲ្យ​តែ​មាន​លុយ បង្ក​អនាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ថា អ្នកណា​មាន​លុយ គេ​ចង់​ធ្វើ​អ្វី​ក៏បាន​ដែរ​។ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ឲ្យ​យើង​ពិនិត្យ​ចំណុច​ទាំងអស់​នេះ បើ​អាច​កែប្រែ​បាន​»​។

តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​ដកស្រង់​សម្តី​លោក​ សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ក្នុង​ចំណោម​ជនជាតិ​ចិន​ប្រមាណ​ ២០ ​ម៉ឺន​នាក់​ ដែល​កំពុង​ស្នាក់នៅ​កម្ពុជា​មាន​ជាង ៧៨ ០០០ ​នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​ពួកគេ​ទាំងនោះ​មាន​ត្រឹមតែ​ជាង​​ ២ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ​ដែល​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​៕