ភ្នំពេញៈ មន្ត្រី​នគរបាល​បាន​​អះអាងថា ក្រុម​ជនជាតិ​ចិន​ ១០៥ ​នាក់​ក្នុង​នោះ​មាន​ស្ដ្រី​ ១០ ​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ៩ កញ្ញា​នៅក្នុង​អគារ​ជួល​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​នោះ​គឺ​ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​ករណី ហើយ​មាន​អ្នកខ្លះ​កំពុង​ស្ថិត​ក្រោម​ការ​តាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​ចិន​ទៀតផង​។


លោក ឆាយ គឹមខឿន មន្ត្រី​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​ចាប់​ និង​បញ្ជូន​ខ្លួន​មកកាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​សាកសួរ​បន្ថែម​។

លោក​បន្តថា ជនសង្ស័យ​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​ចម្រុះ​គ្នា​ដូចជា ករណី​ជំរិត​ទារប្រាក់ ការស្នាក់នៅ​ខុសច្បាប់ ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ពាណិជ្ជកម្ម និង​ខ្លះ​កំពុង​ត្រូវបាន​អាជ្ញាធរ​ចិន​តាម​ចាប់ខ្លួន​ជាដើម​។

លោក​ថា​៖ «​ដោយសារ​ឥឡូវ​យើង​កំពុង​សាកសួរ អ៊ីចឹង​!​ខ្ញុំ​មិនអាច​ប្រាប់​ឱ្យអស់​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អី​ខ្លះ​ទេ​។

ពួក​ហ្នឹង​! ប្រាកដ​ជា​ត្រូវបញ្ជូន​ចេញ​ (​ទៅ​ចិន​) ​ហើយ​នៅពេល​យើង​ហើយ​នីតិវិធី​»​។


បើ​យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជនជាតិ​ចិន​ទាំង​ ១០៥ ​នាក់​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅក្នុង​អគារ​ពាណិជ្ជកម្ម SUNTOWN នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ក្នុង​ប្រតិបត្តិការ​ដឹកនាំ​ដោយ លោក វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ដោយ​លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយ​ចំនួន​ដូចជា ទូរស័ព្ទដៃ​ ១៩១ ​គ្រឿង កុំព្យូទ័រ​យួរដៃ​ (Laptop) ៤ ​គ្រឿង​,iPad២ ​គ្រឿង​,​កាមេរ៉ា ២ ​គ្រឿង រថយន្ត​ម៉ាក​ឡិចស៊ីស​ចំនួន​ ១ ​គ្រឿង​ពាក់​សា្លកលេខ​ភ្នំពេញ 2-J9168, Moniter ចំនួន​ ៩៥ គ្រឿង លិខិត​ឆ្លងដែន​ចំនួន​ ៤៧ ​ក្បាល និង Case ចំនួន ៨០ (​ចាស់​) ហើយ​បាន​រកឃើញ​ថា ពួកគេ​​រស់នៅ​ខុសច្បាប់ និង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ល្បែង​អនឡាញ​ដែល​ពាក់ព័ន្ធ​នឹង​ការជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត (VOIP) ។

លោក អាត់ ប៊ុននី មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឱ្យ​ដឹងថា លោក​មិន​ទាន់​ទទួលបាន​របាយការណ៍​អំពី​ករណី​ចាប់​ខ្លួន​ក្រុម​ជនជាតិ​ចិន​ទាំងនេះ​ទេ ដោយសារ​ជា​សំណុំរឿង​ដែល​ដឹកនាំ​អនុវត្ត​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។

កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា​កន្លង​ទៅ ប៉ូលិស​នៃ​ក្រសួង​សន្ដិសុខ​សាធារណៈ​របស់​ចិន​បាន​បញ្ជូន​យន្តហោះ​ចំនួន​ ២ ​គ្រឿង​មក​ដឹក​ពលរដ្ឋ​ខ្លួន​ចំនួន​ ១៥០ ​នាក់ ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (VOIP)​។

លោក សន ជ័យ នាយកប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​​ថ្លែងថា អាជ្ញាធរ​គួរតែ​បើក​ការស៊ើបអង្កេត​អំពី​របៀប​ដែល​ជនជាតិ​ចិន​មួយ​ចំនួន​អាច​ឆ្លងដែន​ចូល​មក​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​ដើម្បី​បញ្ជាក់​ថា តើ​ពួកគេ​ចូល​មក​តាម​វិធី​ណា ឬ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​។

លោក​ថា​៖ «​ហើយ​មួយ​ទៀត​​ការកើត​មាន​បទល្មើស​ប្រព្រឹត្ត​ឡើង​ជា​ក្រុម​​ (​ជនជាតិ​ចិន​)​ ​នេះ​គឺ​ដោយសារ​ភាព​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​នៅក្នុង​ការត្រួតពិនិត្យ​ទៅលើ​ការរស់នៅ និង​ការ​ស្នាក់នៅ​របស់​ជនជាតិ​ចិន​​ហើយ​យើង​ឃើញ​ហើយ​ថា ពួក​ឧក្រិដ្ឋជន​ (​ចិន​) ​ហ្នឹង​ច្រើន​ប្រើ​មធ្យោបាយ​ទំនើបៗ​ជាច្រើន​ដើម្បី​បាំង​ភ្នែក​មហាជន និង​អាជ្ញាធរ​ដូចជា​ការជួល​នៅក្នុង​ខុនដូ និង​វីឡា​ជា​ក្រុមៗ​ដែល​​ខុស​ពី​ជនជាតិ​បរទេស​ផ្សេងៗ​ទៀត​»៕