ភ្នំពេញៈ សាលាឧទ្ធរណ៍ថ្ងៃនេះ បានជំនុំជម្រះជនជាប់ចោទ ៦ នាក់ក្នុងចំណោម ៧ នាក់ពាក់ព័ន្ធកាប់បុរសម្នាក់ស្លាប់រឿងទំនាស់ព្រំដីនៅភូមិ កាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនៈគិរី កាលពីឆ្នាំ ២០១៤ បន្ទាប់ពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសម្នាក់ពី១០ឆ្នាំទៅ ១៣ ឆ្នាំ។
តាមកំណត់ហេតុតុលាការមានជនជាប់ចោទ៧នាក់ រួមមានទី១-ឈ្មោះម៉ៅ ចិត្ត ហៅ ម៉ៅ ជ្រឹង ភេទប្រុស អាយុ៥៧ឆ្នាំ ទី២-ជ្រុយ សម្បត្តិ ហៅ អាជ្រូក ភេទប្រុសអាយុ២៤ឆ្នាំ ទី៣-ជ្រុយ សំបូរ ហៅ អាពៅ ភេទប្រុស១៨ឆ្នាំ ទី៤-ថុង រដ្ឋា ហៅ ចេក ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៥-សឿង ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ទី៦-សោ សុគុណ ភេទប្រុស អាយុ២៦ឆ្នាំ (ត្រូវជាក្មួយ ម៉ៅ ជ្រឹង) និងទី៧-ឯម សុខុម ភេទស្រី៤៣ឆ្នាំ (ត្រូវជាដន្លង ម៉ៅ ជ្រឹង)។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តរតនគីរី បើកសវនាការនិងប្រកាសសាលក្រមនៅថ្ងៃទី ១០ មិនា ឆ្នាំ ២០១៥ ផ្តន្ទាទោសឈ្មោះជ្រុយ សម្បត្តិ ដាក់គុក ១០ ឆ្នាំ និងឈ្មោះផាត ភឿន ១៣ ឆ្នាំ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌនិងបង្គាប់សងទៅក្រុមគ្រួសារជនរងគ្រោះ២០០លានរៀល។ ចំណែកឈ្មោះម៉ៅ ជ្រឹង សម្រេចដោះលែង និងមនុស្ស៤នាក់ទៀតដាក់គុកពី១ឆ្នាំទៅ២ឆ្នាំចោទបទសមគំនិតនិងលាក់កំបាំងតម្រុយ។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញជនជាប់ចោទឈ្មោះជ្រុយ សម្បត្តិ បានឆ្លើយប្រាប់ចៅក្រមថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្មនេះដោយគ្រួសាររបស់គាត់មានព្រំប្រទល់ជាប់គ្នាមានទំហំដីរួមគ្នា៣០ហិចតាហើយក៏តែងតែឈ្លោះប្រកែកគ្នាញយដងដែរទើបក្រោយមកមានក្រុមនិស្សិតរបស់សម្តេចតេជោហ៊ុនសែនបានចុះធ្វើការវាស់វែងចែកគ្នារួចហើយដែរ ។
ជនជាប់ចោទបន្តថាប៉ុន្តែជនរងគ្រោះឈ្មោះស៊ា ស៊ាងលី ភេទប្រុសអាយុ៥០ឆ្នាំបានដាំដើមកៅស៊ូលើផ្លូវហើយត្រូវឪពុករបស់គាត់ឈ្មោះ ម៉ៅ ជ្រឹងអាយុ៥៧ឆ្នាំប្រាប់ឲ្យជនរងគ្រោះកាប់ចេញតែត្រូវភាគីជនរងគ្រោះថាបើចង់កាប់គឺ កាប់ខ្លួនឯងទៅ។
ជនជាប់ចោទបន្ថែមថាលុះដល់ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៤ ជនរងគ្រោះបានជិះម៉ូតូឌុបគ្នាជាមួយកម្មករម្នាក់មកដីចំការរបស់គាត់ហើយក៏មានការឈ្លោះគ្នាទៀត។ ពេលកំពុងឈ្លោះគ្នានោះស្រាប់តែឈ្មោះផាតភឿន អាយុ៤០ឆ្នាំបានកាន់កាំបិតផ្កាក់មកកាប់ចំកញ្ចឹងកជនរងគ្រោះដួលស្លាប់នៅកន្លែងកើតហេតុតែម្តង។
ជនជាប់ចោទជ្រុយ សម្បត្តិ និយាយថា៖«រឿងនេះខ្ញុំបានឮឈ្មោះផាត ភឿន និយាយថា អញទៅកាប់អាតាហ្នឹងម្តងប៉ុន្តែខ្ញុំមិនបានចូលរួមសម្លាប់ជនរងគ្រោះទេ សូមតុលាការដោះលែងផង»។
ដោយឡែក ជនជាប់ចោទឈ្មោះផាត ភឿន និយាយប្រាប់ចៅក្រមថា គាត់ជាក្មួយជីដូនមួយ របស់ឈ្មោះស៊ា ស៊ាងលី ហើយមកធ្វើការមើលដំណាំកៅស៊ូឲ្យគាត់ទើបបាន៣ខែទេ។ មុនកើតហេតុគាត់បានផឹកស្រាសអស់១លីត្រជាមួយមនុស្សពី៤ទៅ៥នាក់ពេលនោះគាត់ឮសំឡេងឈ្មោះគ្នាក៏ទៅមើល។
ជនជាប់ចោទថា៖«ពេលខ្ញុំទៅដល់ឃើញឪពុកមាខ្ញុំកំពុងអង្គុយបែរខ្នងជួសជុលម៉ាស៊ីនហើយជនរងគ្រោះឈរនៅពីក្រោយ ឪពុកមាខ្ញុំយាកាំបិតផ្កាក់បម្រុងកាប់គាត់ខ្ញុំក៏កាប់ជនរងគ្រោះមុនទៅ។ ខ្ញុំមិនបានប៉ងកាប់ជនរងគ្រោះទេតែ វាតក់ក្រហល់ពេក ខ្ញុំសុំតុលាការបន្ថយទោសដល់ខ្ញុំផង » ។
អ្នកស្រី គឹម ចាន់ ជាប្រពន្ធជនរងគ្រោះប្រាប់ចៅក្រមថា៖«រឿងនេះខ្ញុំមិនបានឃើញផ្ទាល់ទេ តែយ៉ាងណាខ្ញុំបាត់បង់ប្តីហើយខ្ញុំជំពាក់លុយគេច្រើនណាស់ ។ ខ្ញុំសុំទារសំណង១៥ម៉ឺនដុល្លារពីជនទាំង ២ នាក់»។
លោកអគ្គព្រះរាជអាជ្ញារងហ៊ាន រិទ្ធ ជាតំណាងមហាអយ្យការសន្និដ្ឋានថា រឿងនេះជនជាប់ចោទជ្រុយ សម្បត្តិទេដែលប្តឹងទាស់ព្រោះមិនសុខចិត្តទោស ១០ ឆ្នាំ ប៉ុន្តែឈ្មោះផាត ភឿនត្រូវអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ប្តឹងមិនសុខចិត្តត្រង់ថាទណ្ឌកម្មទោស១៣ឆ្នាំតិចពេក ។
លោកថ្លែងថា៖«កាលណាអគ្គព្រះរាជអាជ្ញាប្តឹងជនជាប់ចោទអាចនឹងត្រូវតម្លើងទោសថែមទៀត។ ឯជនជាប់ចោទក៏សារភាពដែរ ប៉ុន្តែចំពោះអ្នក៥នាក់ទៀតទុកជូនក្រុមប្រឹក្សាជំនុំជម្រះពិចារណាចុះ»។
លោក សុក សំអឿន មេធាវីការពារសិទ្ធិឲ្យជនរងគ្រោះសន្និដ្ឋានថា ករណីនេះ ឈ្មោះ ផាត ភឿនបានសារភាពហើយ ប៉ុន្តែតុលាការថ្នាក់ក្រោមមិនត្រូវចោទត្រឹមបទមនុស្សឃាតធម្មតាតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌទេ គួរតែចោទតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌវិញ ដែលត្រូវដាក់ទោសមួយជីវិត។ ចំណែកឈ្មោះជ្រុយ សម្បត្តិ ក៏តុលាការមិនគួរដាក់គុក១០ឆ្នាំដែរព្រោះគាត់បានឮឈ្មោះផាត ភឿន និយាយប្រាប់ពីការប៉ងសម្លាប់កូនក្តីលោកមុនកើតហេតុ ។
លោកថ្លែងថា៖ «ចំពោះឈ្មោះម៉ៅ ជ្រឹង តុលាការមិនគួដោះលែងទេព្រោះគាត់ជាអ្នកផ្តើមឲ្យមានអំពើឃាតកម្មនេះ ហើយក្រុមប្រឹក្សាគួសើរើជន៥នាក់ទៀតមិនគួរអ្នកខ្លះដាក់ទោសត្រឹមតែ១ឆ្នាំទៅ២ឆ្នាំនោះទេព្រោះសុទ្ធតែជាអ្នករួមគំនិត» ។
ទោះយ៉ាងណា លោកខៀវ សុផល មេធាវីមួយរូប ក្នុងចំណោមមេធាវី៥រូបដែលការពារសិទ្ធិឲ្យជនជាប់ចោទទាំង៧នាក់បានសន្និដ្ឋានដូចគ្នាថាកូនក្តីលោកឈ្មោះផាត ភឿន ពិតជាបានកាប់លើជនរងគ្រោះមែនតែគាត់ថាព្រោះឃើញជនរងគ្រោះយាកាំបិតប្រុងកាប់ពូរបស់គាត់។
ចំណែកឈ្មោះជ្រុយ សម្បត្តិ គាត់មិនបានប្រព្រឹត្តទេតែត្រូវតុលាការថ្នាក់ក្រោមដាក់ទោសគាត់១០ឆ្នាំដែរ។ ដូច្នេះកូនក្តីលោកទាំង ៦ នាក់ទៀតដែលតុលាការចោទបទសមគំនិត ខ្លះចោទពីបទលាក់កំបាំងតម្រុយនោះសូមតុលាការដោះលែងឲ្យមានសេរីភាពវិញផង ។ ក្រោយជំនុំជម្រះលោកស្រីចៅក្រម ចាន់ ម៉ាឌីណា ឲ្យដឹងថាសំណុំរឿងនេះប្រកាសសាលដីកានៅថ្ងៃទី ៤ ខែតុលា៕