ភ្នំពេញៈ សាលា​ឧទ្ធរណ៍​ពី​ម្សិល​មិញ​បាន​ប្រកាស​សាល​ដីកា​ផ្តន្ទាទោស​បុរស ​២ ​នាក់​ ដាក់ពន្ធនាគារ​ម្នាក់​ៗ​ ១០ ​ឆ្នាំ​ដ​ដែល ​បន្ទាប់​ពី​ជំនុំ​ជម្រះ​កាល​​ពី​ថ្ងៃ​ទី​ ២​៥​ ខែ កុម្ភៈ ​ក្រោយពី​ជន​ជាប់​ចោទ​ទាំង​ ២​ នាក់​ត្រូវ​តុលាការ​ខេត្ត​កោះកុង​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​ម្នាក់​ៗ ​១០ ​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​ការជួញ​ដូរ​គ្រឿង​ញៀន​មេតំហ្វេ​តាមីន ៩ ថង់​តូច ​និង​ទោស​មិន​រាង​ចាល។


ដោយ​អវត្ត​​មាន​ជន​ជាប់​ចោទ​នៅ​ក្នុង​បន្ទប់​សវនាការ​ ពី​ម្សិល​មិញ ​លោក​ស្រី​ចៅ​ក្រម ​គឹម ​ដា​នី​ បាន​អាន​សាល​​ដី​កា​ថា​ សំ​ណុំរឿ​ងគ្រឿ​ង​ញៀ​ន​ដែល​មាន​ជនជាប់​ចោទ​ឈ្មោះ​សំ​ ភា​រម្យ​ អាយុ​​ ២៥ ​ឆ្នាំ​ ឈ្មោះ​ពោធិ ​វ៉ាន់​វិ​ធូ​ អាយុ ​៣៣ ​ឆ្នាំ​គឺ​ជា​សំណុំរឿង​ដែល​បាន​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី​ ២​៥​ ខែ កុម្ភៈ​ ឆ្នាំ ២០១៩។

លោក​ស្រី​ចៅ​ក្រម​ថ្លែង​ថា​៖​ «​ប៉ុន្តែ​ពេល​នេះ​ក្រុម​ប្រឹក្សា​អាន​តែ​សេចក្តី​សម្រេច​ទេ​ហើយ​ក្រុម​ប្រឹក្សា​តម្កល់​សាល​​ក្រម​និង​សាល​ដី​កា​របស់​​ជន​ជាប់់ចោទ​ឲ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ ១​០ ​ឆ្នាំ​ដដែល»។

បើ​តាម​កំណត់​ហេតុ​របស់​តុលាការ​បង្ហាញ​ថា ​សំ​ណុំ​រឿង​នេះ​ត្រូវ​បាន​សា​លា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ម្តង​រួច​មក​ហើយ​។ ​ក្រោយ​ពី​ជំ​នុំ​ជម្រះ​សា​លា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​របស់​សា​លា​ដំបូង​ខេត្ត​កោះ​កុង​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ ២ ​នាក់​ជាប់​ពន្ធនាគារ ១០ ឆ្នាំ​ម្នាក់​ដដែល។​


ប៉ុន្តែ​ជន​ជាប់ចោទ​ទាំង ​២ ​នាក់​មិន​សុខ​ចិត្ត​ក៏​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ហើយ​ត្រូវ​បាន​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​​ ២​៧ ​ខែ​ មេ​សា​ ឆ្នាំ​ ២០១៦ ​ប្រ​កាស​សាល​ដី​កា​តម្កល់​ទោស​ដល់​ជន​ជាប់​ចោទ​ទៀត​។​ ប៉ុន្តែ​តុលាការ​កំពូល​បង្វិល​សំ​ណុំរឿង​នេះ​មក​ឲ្យ​សា​លា​ឧទ្ធរណ៍​ពិនិត្យ​ និង​ពិ​ចារ​ណា​ម្តង​ទៀត​នៅ​ត្រង់​មាត្រា​ ៨​៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ (ទោស​ពាក់​ព័ន្ធ​ការមិន​រាង​ចាល)​ ពី​ព្រោះ​តុលាការ​កំ​ពូល​យល់​ថា​ សាលា​ឧទ្ធរណ៍​បក​ស្រាយ​ត្រង់​មាត្រា​នេះ​មាន​ការ​ភាន់​ច្រឡំ។​


ជន​ជាប់​ចោទ​ សំ ភារម្យ​ ធ្លាប់​ជាប់​ពន្ធនាគារ ២ ដង ​កាល​​ពី​ឆ្នាំ ២០១០ ​ដែល​ក្នុង ១ បទល្មើស​ជាប់​ ១ ឆ្នាំ​ទាក់​ទង​នឹង​បទ​លួច​និង ១ ឆ្នាំ​កន្លះ​ពី​បទ​ទទួល​ផល​ចោរកម្ម។ រីឯ​ឈ្មោះ ​ពោធិ វ៉ាន់វិធូ ​ក៏​ធ្លាប់​ជាប់​ពន្ធនា​គារ​រយៈពេល​ ១ ឆ្នាំ​ពី​បទ​ឆ​បោក ​និង​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​បទ​ប្លន់​ផង​ដែរ។​​

កំណត់​ហេតុ​តុលាការ​ដដែល​​បង្ហាញ​ថា​ កាល​ពី​ថ្ងៃ​ទី ​១៥ ​មិ​ថុ​នា ​ឆ្នាំ ​២០១៥​ មុន​ពេល​កើត​ហេតុ​ជន​ជាប់​ចោទ​ឈ្មោះ​សំ ​ភារម្យ​ អា​យុ ​២៥ ​ឆ្នាំ ​រស់​នៅ​ភូមិ​ ៣​ សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរ​ភូមិន្ទ​ ខេត្ត​កោះកុង​ បាន​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់​ឈ្មោះ​ លឿន​ មុំ ​ដើម្បី​ទាក់​ទង​បន្ត​រក​ទិញ​ថ្នាំ​ញៀន​​ពី​បុរស​ឈ្មោះ​ពោធិ​វ៉ាន់​វិធូ ​អា​យុ ​៣៣ ឆ្នាំ​ក្នុង​តម្លៃ ៨០ ម៉ឺន​រៀល។

បន្ទាប់​មក​ឈ្មោះ​ ពោធិ វ៉ាន់​វិធូ បាន​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ ៩ កញ្ចប់​តូច​មក​ឲ្យ​ឈ្មោះ ​សំ ភារម្យ ​តាម​ការ​ប្រាប់​របស់​ឈ្មោះ ​លឿន មុំ ​នៅ​ចំណុច​ភូមិ-សង្កាត់​ វាល​វែង ​ក្រុង​ ខេមរ​ភូមិន្ទ​ ខេត្ត​ កោះកុង ​តែ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ២ នាក់​តែ​ម្ដង៕