ជន​ត្រូវ​ឃាត់​ខ្លួន​នៅ​​ក្លិប​លុច្សសារីមាន ១០០ នាក់​ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន

Content image - Phnom Penh Post
ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿ​ង​ញៀន​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ នៅ​ក្លិប​លុច្ស​​សារី​​។ នគរបាល​

ភ្នំពេញៈ ជន​សង្ស័យ​ចំនួន ១៧ នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ ខណៈ​អ្នក​ញៀន​គ្រឿង​ញៀន​ជិត ១០០ នាក់ ក្នុង​ចំណោម ៤០៨ នាក់​ ដែល​ត្រូវ​​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ក្លិប​លុច្សសារី​កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​បញ្ជូន​​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន ហើយ​មួយ​ចំនួន​នៃ​ពួកគេ​ដែល​ជា​ជន​បរទេស នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជាខណៈ​ដែល​ម្ចា​ស់​ក្លិប​នេះនៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។

លោក ស ថេត អគ្គ​ស្នង​ការ​​រង​នគរបាលជាតិ និង​ជា​ស្នង​ការ​​រាជធានី​ភ្នំ​ពេញបាន​បញ្ជា​ក់​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុងចំណោម​មនុស្ស​ទាំង ៤០៨ នាក់ សមត្ថកិច្ច​បាន​សម្រេច​ចាប់បញ្ជូន​មនុស្ស ១​៧ នាក់ (ជនជាតិ​វៀតណាម ៥ នា​ក់) ​ទៅកាន់​តុលាការ ដោយ​ពួកគេ​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ការ​សម្រួល​ឲ្យ​មានការ​ចែក​ចាយ និង​ប្រើ​​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លិប។

លោក​បញ្ជាក់​ថា៖ «ជន​សង្ស័​យ​​​ចំនួន ១៧ នាក់ ស្អែក (ថ្ងៃ​អង្គារ​) គេ​បញ្ជូនទៅ​តុលាការ​ហើយ។ ១៧ នាក់​ហ្នឹង គឺ​វា​ពាក់ព័ន្ធ​នឹង​ការសម្រួល​ឲ្យ​ប្រើប្រាស់ និង​ចែក​ចាយ​នៅក្នុង​ហ្នឹង។ ចំណែ​ក​មេ​ខ្លោង (ម្ចាស់​ក្លិប​ត្រូវ​ចាប់​ខ្លួន​​) ពេលណា អាស្រ័យ​លឿន​ឬក៏​ឆាប់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​​រឿង​ហ្នឹង​គឺ​ធ្វើ​ហើយ»។

បើតាម​លោក ស ថេត ក្នុង​ចំណោម ៤០៨ នាក់ អ្នក​ញៀ​ន​​គ្រឿង​ញៀន​មាន​ចំនួន ៩៣ នា​ក់ (ស្រី​ ២៤ ​នាក់) ក្នុង​នោះជនជាតិ​ខ្មែរមាន​ចំនួន ៦២ នាក់ ជន​​​​​បរទេស​មាន ៣១ នាក់ (ស្រី​ ១៤ នាក់) ក្នុង​នោះ​មាន​ជន​ជាតិ​វៀត​ណាម ១៤ នាក់ ជន​ជាតិ​ចិន ១៤ ​នាក់ ជនជាតិ​សិង្ហ​បុរី​ម្នាក់ និង​ជន​ជាតិ​ម៉ាឡេស៊ី ២ នាក់។ ចំពោះ​គ្រឿង​ញៀ​ន ដែល​សមត្ថកិច្ច​រឹបអូស​បាន មាន​ចំនួន ១៦២,៧ ក្រាម​រួម​ទាំ​​​ង​​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត។

លោក​បញ្ជាក់​ថា៖ «យើង​បាន​អនុវត្ត​តាម​គោល​ការណ៍​ហ្នឹង​អស់ហើយ ចំពោះ​អ្នក​ដែល​មិន​ញៀនបាន​អប់រំ​ឲ្យ​ទៅផ្ទះ​វិញ ហើយ​អ្នក​ដែល​ញៀន​ជា​ជនជាតិ​ខ្មែរ យើង​បញ្ចូនទៅ​មណ្ឌល​អប់រំ​កែប្រែ។ ចំពោះ​ជន​បរទេស​ដែលមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួនគឺ​យើ​​ង​នឹង​បញ្ជូនទៅ​ប្រទេស​គាត់​វិញ។ យើង​កំពុង​ធ្វើ​សំណើ​ទៅ​អគ្គនាយក​ដ្ឋាន​អន្ដោ​ប្រវេ​​ស​ន៍ ដើម្បី​ចាត់​ប​ញ្ជូន​ពួកគេ​ទៅ​​​ប្រទេស​គេ​វិញ»។

លោក លី សុ​ផា​ណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​យ៉ា​ង​​ខ្លី​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​កំពុង​ពិនិត្យ និង​ចាត់ការ​លើ​សំណុំ​រឿង​នេះ។

កាលពី​យប់​រំលង​អ្រធាត្រ ឈាន​ចូល​ថ្ងៃទី ៨ ខែ មិថុនា កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត «លុ​ច្ស​សារី» ស្ថិត​នៅ​​តាម​បណ្ដោយ​ផ្លូវ​លេខ ២១​៤ កែង​ផ្លូវ ៦៣ ក្នុង​សង្កាត់​បឹងរាំ​ង ខណ្ឌ​ដូន​ពេញ ដោយបាន​រក​ឃើញ​ថ្នាំញៀន​មួយ​ចំនួន និង​ឃាត់​ខ្លួន​អ្នក​ចូល​លេង​កម្សាន្ត​ក្នុង​ក្លិប​នោះ​ជាង ៤០០ នាក់។ ក្រោយ​ការឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លិប​នេះ​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នកលេង​កម្សាន្ត​ជាង ៤០០ នាក់ ​ទៅ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។

ទោះ​យ៉ាងណា​ម្ចាស់​ក្លិប​លុ​ច្ស​សារីដែល​ទទួលបាន​អាជ្ញា​ប័​ណ្ណ​ធ្វើ​អាជីវ​កម្ម​នេះ មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​អត្ត​សញ្ញា​ណ​នៅ​ឡើយ​ទេ។ ​

លោក ម៉េ​ត មាស​ភក្តី អ្នក​​​នាំ​​​​​ពាក្យ​សាលា​រាជធានី​ភ្នំពេញបានថ្លែង​ កាលពី​ម្សិលមិញថា សមត្ថកិច្ច​កំពុងតែធ្វើការ​ស៊ើប​អង្កេត​លើ​ម្ចាស់​ក្លិប​នេះ។

លោ​ក​បញ្ជាក់ថា៖ «ដូច​បង​បាន​ជម្រា​ប យើង​កំពុងតែ​ស្រាវជ្រាវ​សិន។ យើង​ដឹងថា ខាង​បង​ប្អូន​យើង ពិតជា​ចង់ដឹងថា អ្នកណា​ម្ចាស់​ក្លិប ដូច​ករណី​នៅ​រ៉ុ​ក​អ៊ីចឹង ពួកគាត់​ពិតជា​ចង់ដឹង​ថា អ្នកណា​ជា​ម្ចាស់​ក្លិបលោក​ឧ​កញ៉ា​ គិត ធាង ឬក៏​ពី​ណា ហើយ​អាជ្ញា​ប័ណ្ណ យើ​ង​បានចេញ​ឲ្យ​ពី​ណា​គេ។ យើង​ដឹងថា បងប្អូន​យើង​ពិត​ជា​​ចង់ដឹង ប៉ុន្តែ​ឥឡូវ​យើង​កំពុង​​តែ​ធ្វើការ»។

លោក ស៊ឹង សែន​ករុណា អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកបាន​សាទរ​ចំពោះ​ប្រតិបត្តិការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ក្នុងការ​ចុះបង្ក្រាប​ក្លិប​កម្សាន្ត ដែល​​ជា​កន្លែង​មួយ​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​គ្រឿង​​ញៀន និង​ងាយ​​ធ្វើ​ឲ្យ​ពួក​គេ ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​សង្គម។

ជាមួយនឹង​ការ​សាទរ​នេះ លោក​ក៏​ចង់ឃើញ​មានការ​ឃាត់​ខ្លួន​មេខ្លោងធំៗ ដែល​នៅ​ពីក្រោយ​ការជួញដូ​រ​គ្រឿងញៀន​នេះយកមក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ ខណៈ​លោកមើល​ឃើញ​ថា ការ​បង្ក្រាបប​ទល្មើស​គ្រឿង​ញៀ​ន​​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​ក្រុម​ជួញ​ដូរ​ធំ​ៗ ​មិន​ត្រូវ​បាន​វែក​មុខ​យក​មក​ផ្តន្ទា​​ទោស​តាម​ច្បាប់់​នោះ​ឡើយ។

ជា​មួយ​នឹង​ការអំពាវ​​​​នាវ​ឲ្យ​មានការវែកមុខ​មេខ្លោង​នៅ​ពីក្រោយ​ការជួញដូរ​គ្រឿង​ញៀន​នេះ លោក ករុណា ក៏​រំពឹង​ដែរ​ថា ម្ចាស់​ក្លិប​លុច្ស​សារី ដែល​ទើប​បង្ក្រាប​បាន​ថ្មីៗ​នេះ នឹង​ត្រូវ​បាន​បង្ហាញ​អត្ត​សញ្ញា​ណ និង​ឈាន​ទៅរក​ការឃាត់​ខ្លួន យក​មក​ផ្តន្ទា​​ទោស​តាម​ច្បាប់​ផងដែរ។

លោក​បញ្ជាក់​ថា៖ «ដូច​យើង​ដឹងថា​ ជាធម្មតា​ ក្លិប​​នៅក្នុង​ប្រទេស​កម្ពុជា ​មិន​ពិបាក​ស្វែង​រកម្ចាស់​នោះទេ ព្រោះ​គេ​មាន​ឯកសារ​ស្នើសុំ ដែល​មិន​ពិបាក​ក្នុងការ​ដឹងថានរ​ណា​​​​ជា​​ម្ចាស់​ក្លិប​នោះទេ ។ ខ្ញុំ​គិតថា អាជ្ញាធរមិន​គួរ​ណា​មានការ​បិ​ទ​​បាំង​នៅក្នុង​រឿង​ហ្នឹង​ទេ គួរតែ​មាន​ការចាត់​វិធានកា​រ​ ទៅតាម​នីតិវិធី​របស់​ស​ម​ត្ថ​កិច្ច។ តែ​យើ​ង​មិន​ដឹង​ថានេះ​គឺជា​នីតិវិធី​រប​ស់​សមត្ថ​កិច្ចដែល​ធ្វើការ​លាក់បាំង​ដូច្នេះ​ ដើម្បី​ឈាន​ទៅរក​ការ​ចាប់​ខ្លួន​ជា​ក្រោយ ឬ​យ៉ាងណា?»៕