ភ្នំពេញៈ រាជរដ្ឋាភិបាល​នឹង​លើកលែង​ការតម្រូវ​ឱ្យមាន​ប្រាក់​ធានារ៉ាប់រង​សុខភាព​​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ និង​ប្រាក់​តម្កល់​ ៣ ​ពាន់​ដុល្លារ​ សម្រាប់​អ្នកដំណើរ​ដែល​ជា​ជនបរទេស​ជា​អ្នកវិនិយោគ​ និង​អ្នកជំនាញ​ដែល​ត្រូវ​មក​បំពេញ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏​នឹង​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​ ៥ ​ថ្ងៃ​នៅ​ចុងខែ​នេះ ឬ​ដើម​ខែក្រោយ​ដែរ​។


លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​​ទី​ ១០ កក្កដា​ នេះ ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ តាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​អំពី​ការផ្ដល់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ និង​លើកលែង​វិធានការ​ចំពោះ​អ្នកដំណើរ​ជនបរទេស​ជា​វិនិយោគិន និង​អ្នក​មក​បំពេញ​ការងារ​នៅ​កម្ពុជា​។ ​លោក សុខសេនសាន ថ្លែង​ថា​៖ «(​ថ្ងៃទី​ ១០ កក្កដា​) ​ឯកឧត្តម​ឧប​នឹង​ដឹកនាំ​កិច្ចប្រជុំ ហើយ​ខ្ញុំ​ក៏​ចូលរួម​កិច្ចប្រជុំ​នេះដែរ​។ កិច្ចការ​ទាំងអស់​យើង​ពិនិត្យមើល ហើយ​កន្លែង​ណា​ដែល​យើង​អាច​បន្ធូរបន្ថយ​បាន​ទៀត យើង​នឹង​បន្ធូរបន្ថយ​ទៀត​»​។

យោងតាម​សំឡេង​បែកធ្លាយ​មួយ​តាម​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹងថា លោក ហ៊ុន សែន បាន​ណែនាំ​លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​ ៥ កក្កដា ឱ្យ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការផ្ដល់​ថ្ងៃ​ឈប់សម្រាក​សង​ចំនួន​ ៥ ​ថ្ងៃ​នៅ​ស្រប​ពេល​កម្ពុជា​កំពុង​ត្រួតត្រា​បាន​ជំងឺឆ្លង​កូវីដ​១៩​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ចំណុច​នេះ​គឺ​ក្រសួង​អប់រំ​ក៏​ខ្ញុំ​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​នៅ​តាម​សាលារៀន​ឯកជន ហើយ​ប្រឡង​គ្រូ និង​ប្រឡង​មួយ​ចំនួន ហើយ​ក៏​ត្រូវ​ដល់ពេល​ដែល​យើង​ត្រូវ​សង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កម្មករ បុគ្គលិក និង​មន្ត្រីរាជការ​ដែល​យើង​មិន​បាន​ឱ្យចូល​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ខ្ញុំ​គិតថា គឺ​ប្រហែល​នៅ​ចុងខែ​ ៧ ​ឬ​ដើម​ខែ​ ៨ ​នេះ​»​។


លោក ហ៊ុន សែន ក៏បាន​ណែនាំ​ផងដែរ​ឱ្យ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិភាក្សា​គ្នា ដើម្បី​បន្ធូរបន្ថយ​វិធានការ​តម្រូវ​ឱ្យ​មាន​ប្រាក់​ធានារ៉ាប់រង​សុខភាព​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ និង​ប្រាក់​តម្កល់​ ៣ ​ពាន់​ដុល្លារ​សម្រាប់​អ្នកដំណើរ​បរទេស​ជា​អ្នកវិនិយោគ និង​អ្នកជំនាញ​ធ្វើ​ផ្លូវ ឬ ស្ពាន​នៅ​កម្ពុជា​។


លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ចំណុច​នេះ​គឺ​ខ្ញុំ​បាន​មើលឃើញ​ថា មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​ស្រុក​យើង​តែម្ដង ដែល​វា​ធ្វើ​ប៉ះពាល់​អ្នកវិនិយោគ និង​អ្នក​ដែល​ធ្វើការ​នៅ​កម្ពុជា​។ អ្នកវិនិយោគ​នឹង​មិន​អាច​វិល​ត្រឡប់មក​ស្រុក​យើង ហើយ​គេ​ក៏​មិន​ចាកចេញ​ពី​ស្រុក​យើង ហើយ​បើ​ចាកចេញ​គឺ​ចាកចេញ​ទៅ​តែម្ដង ហើយ​អ្នកជំនាញ​បច្ចេកទេស​នានា​ដែល​ធ្វើការ​នៅ​នេះ​ (​កម្ពុជា​) ដែល​បាន​ទៅ​លេង​ស្រុក​គឺ​គ្នា​មក​មិន​បានទេ ហើយ​ថៅកែ​ក៏​ធានា​មិន​បាន​ដែរ ហើយ​យើង​មាន​កុងត្រា​ធ្វើការ​ជាមួយ​បរទេស​ច្រើនណាស់​ដូចជា​ជប៉ុន​ធ្វើ​ផ្លូវ ចិន​ធ្វើ​ផ្លូវ និង​ស្ពាន​»​។

លោក ហ៊ុន សែន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការបន្ធូរបន្ថយ​វិធានការ​នាពេល​ខាង​មុននេះ​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី ហើយ​រក្សា​អ្នកវិនិយោគ​ចាស់ ប៉ុន្តែ​ប្រសិន​បើ​អ្នកដំណើរ​ជនបរទេស​ទាំង​ ២ ​ប្រភេទ​នេះ​ត្រូវ​បាន​រកឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ គឺ​ពួកគេ​នៅតែ​ចេញថ្លៃ​ព្យាបាល​ដោយ​ខ្លួនឯង​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ ប៉ុស្ដិ៍ មិនអាច​សុំ​ការធ្វើ​អត្ថាធិប្បាយ​លម្អិត​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល និង​លោក ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​បាន​ទេ ដោយ​លោក​ទាំងអស់​មិន​លើក​ទូរស័ព្ទ​។

កាលពី​ថ្ងៃទី​ ១៦ ​មិថុនា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​មិន​តម្រូវ​ឱ្យ​អ្នកដំណើរ​ជនបរទេស​ដែល​ជា​មន្ត្រី​ការទូត​មាន​ប្រាក់​តម្កល់ និង​ប្រាក់​សម្រាប់​ធានារ៉ាប់រង​សុខភាព​យ៉ាងតិច​ចំនួន ៥ ម៉ឺន​ដុល្លារ​នេះដែរ ហើយ​មន្ត្រី​ការទូត​ទាំងនោះ​ក៏​នឹង​ទទួល​បាន​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​ក្នុង​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​។

កាលពី​ថ្ងៃទី​ ៣ ខែ​កក្កដា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​បញ្ជាក់ថា ក្រសួង​ទទួល​បាន​ប្រាក់​តម្កល់​ចំនួន​ ៩ ​លាន​ដុល្លារ​ពី​អ្នកដំណើរ​ជនជាតិ​បរទេស​ចំនួន​ ៣ ​ពាន់​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​ចូល​កម្ពុជា​ពីថ្ងៃ​ទី​ ១៥ ដល់​ថ្ងៃទី​ ៣០ មិថុនា ប៉ុន្តែ​ប្រាក់​ទាំងនោះ​ដែល​សេសសល់​ពី​ការទូទាត់​ថ្លៃ​សណ្ឋាគារ ថ្លៃ​ធ្វើតេស្ដ និង​ថ្លៃ​ធ្វើដំណើរ​ជាដើម​គឺ​បាន​ប្រគល់​ជូន​វិញ ក្រោយពី​ពួកគេ​បញ្ចប់​ការធ្វើ​ចត្តាឡី​ស័ក​ ១៤ ​ថ្ងៃ​៕