ភ្នំពេញៈ អង្គការ​សកម្មភាព​កំចាត់​មីន​ជប៉ុន (JMAS) បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ដើម្បី​ផ្ដល់​ជំនួយ​ឥតសំណង​ចំនួន ៤០១ ៦៥០ ​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​រយៈពេល​ ១ ​ឆ្នាំ ដើម្បី​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។


កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក SUENAGA Noriyoshi ប្រធាន​អង្គការ JMAS ប្រចាំ​កម្ពុជា និង​លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា​នេះ ​ដែល​គម្រោង​នេះ​ត្រូវអនុវត្ត​រយៈពេល​ ១២ ​ខែ​គឺ​ចាប់ពី​ថ្ងៃទី​ ៨ ខែ​ តុលា​ ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ៧ ខែ​ តុលា ​ឆ្នាំ​ ២០២០​។

លោក​ ហេង រតនា បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា មូលហេតុ​ជ្រើសរើស​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​សម្រាប់​អនុវត្ត​គម្រោង​បោសសម្អាត​មីន​នេះ​គឺ​ដោយសារ​ស្រុក​ទាំង​ ២ សម្បូរ​ទៅ​ដោយ​គ្រាប់មីន​នៅ​ក្រោម​ដី​ច្រើន និង​កំពុង​គំរាមកំហែង​ដល់​សុវត្ថិភាព​ប្រជាជន​នៅក្នុង​តំបន់​។ លោក​បន្ត​ថា ទីតាំង​ដែល​ត្រូវ​បោសសម្អាត​មីន​ឱ្យ​អស់​នោះ គឺ​ផ្នែក​ខ្លះ​គឺជា​ដី​ដែល​កំពុង​ប្រើប្រាស់ និង​គ្រប់គ្រង​ដោយ​ពលរដ្ឋ ហើយ​ខ្លះទៀត​គឺជា​ដីព្រៃ​សហគមន៍​។

លោក​ថា​៖ «​ដំបូង​ឡើយ​យើង​ខំប្រឹង​បោសសម្អាត​មីន​នៅ​តំបន់​ណា​ដែល​នៅ​កៀកៗ​ផ្លូវ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការធ្វើដំណើរ​។ ក្រោយពី​ចប់​អាហ្នឹង​មក ឥឡូវ​យើង​បាន​ទៅរក​តំបន់កសិកម្ម និង​តំបន់​បរិស្ថាន​»​។


កាលពី​ថ្ងៃទី​ ៤ ខែ​តុលា រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ​ ១ ​លាន​ដុល្លារ​ (១ ០៥២ ២៩៨) ដែលជា​ជំនួយ​អត់​សំណង​ទៅឱ្យ​អង្គការ​ជប៉ុន​ចំនួន​ ២ ​គឺ​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន​ (JMAS) ដើម្បី​អនុវត្ត​គម្រោង​លើក​កម្ពស់​ការអភិវឌ្ឍ​សហគមន៍​រួម​ជាមួយ​ការបោសសម្អាត​មីន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​ទី​ ៣ និង​អង្គការ​មូលនិធិ​ជប៉ុន​ភីអេចស៍​ (PHJ) ដើម្បី​អនុវត្ត​គម្រោងការ​ពង្រឹង​ថែទាំ​សុខភាព​សហគមន៍ និង​បណ្ដាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្ត​កំពង់ចាម​។


ចាប់​តាំងពី​ឆ្នាំ​ ២០០២ ​មក រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយ​អត់​សំណង​ជាង​ ៣៧ ​លាន​ដុល្លារ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ជប៉ុន​ប្រចាំ​កម្ពុជា​ក្នុងការ​អនុវត្ត​គម្រោង​ចំនួន​ ១២០ ដើម្បី​ជួយ​អភិវឌ្ឍន៍ និង​ស្ថាបនា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​ដូចជា​វិស័យ​អប់រំ​សុខាភិបាល កសិកម្ម និង​ការ​បោសសម្អាត​មីន​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើក​ឡើង​ថា​កន្លងមក​នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​ក៏​ធ្លាប់​ត្រូវ​បាន​ខាង​ស៊ីម៉ាក់​ចុះ​ទៅ​បោសសម្អាត​គ្រាប់មីន​ដែរ ប៉ុន្តែ​នៅ​សេសសល់​ផ្ទៃដី​ដែល​ជា​ចម្ការមីន​មួយ​ចំនួន​ទៀត​ដែល​ពុំទាន់​បាន​បោសសម្អាត ដូច្នេះ​ការអនុវត្ត​គម្រោង​ថ្មី​នេះ​គឺ​ដើម្បី​បោសសម្អាត​ចម្ការមីន​ឱ្យ​អស់​នៅក្នុង​ស្រុក​ទាំង​ ២ ​នេះ​។

លោក​បន្តថា​៖ «​វា​ (​គ្រាប់មីន​) ​អត់​ច្រើន​ហូរហៀរ​ទេ ប៉ុន្តែ​គ្រាន់តែ​នៅ​សេសសល់ និង​ត្រូវតែ​រាវរក​មីន​ឱ្យ​អស់​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កបង្កើនផល​កសិកម្ម​»​។

បើ​តាម​លោក​ រាត្រី​ កន្លង​មក​ពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ​គឺ​ពុំដែល​រងគ្រោះថ្នាក់​ដោយសារ​ផ្ទុះ​មីន​ដែល​សល់​ពី​សង្គ្រាម​នោះទេ ប៉ុន្តែ​នៅ​ស្រុក​ថ្មពួក​ស្ថិត​នៅ​ព្រំប្រទល់​ជាមួយ​ខេត្ត​ឧត្តរមានជ័យ​គឺ​កាលពី​ឆ្នាំ​ ២០១៨ ​ធ្លាប់​មាន​ការផ្ទុះ​គ្រាប់មីន​សល់​ពី​សង្គ្រាម​ចំនួន ​២ ​ករណី​។

​បើតាម​លោក ហេង រតនា គិត​មកដល់​ពេល​នេះ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ជិត​ ៤ ​លាន​គ្រាប់​ត្រូវ​បាន​បោសសម្អាត​ចេញ​ពី​ដី​ខណៈ​ផ្ទៃដី​របស់​កម្ពុជា​ដែល​ជា​តំបន់​ចម្ការមីន​គឺ​សល់​ជិត​ ៥០ ​ភាគរយ​ទៀត​មិនទាន់​បោសសម្អាត​។

លោក ហេង រតនា បញ្ជាក់​ថា ​បច្ចុប្បន្ន​សកម្មភាព​បោសសម្អាត​មីន​គឺ​កំពុង​ធ្វើ​ឡើង​នៅ​តំបន់​ខាងលិច​ភាគ​ខាងជើង​នៃ​កម្ពុជា ដែល​ស្ថិត​នៅ​តាម​ខេត្ត​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដូចជា​ខេត្ត​បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និង​ខេត្តព្រះវិហារ​ជាដើម​៕