ភ្នំពេញៈ មកដល់ត្រឹមខែវិច្ឆិកាឆ្នាំនេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបានពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ១៥៤ ទីតាំង ដោយរកឃើញ ១០១ ទីតាំង មិនអនុលោមតាមច្បាប់កំណត់ ហើយបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤ ករណី។
យោងរបាយការណ៍ស្ថិតិស្ដីពីលទ្ធផលត្រួតពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេសក្នុងឆ្នាំ ២០១៩ និង ២០២០ របស់អគ្គនាយកដ្ឋាន ក.ប.ប. ផ្ដល់ឱ្យ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ មន្ដ្រីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះពិនិត្យក្នុងខេត្ដចំនួន ១២។
ពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ១៥៤ ទីតាំង ក្នុងនោះ ៥១ ទីតាំង បានអនុលោមតាមច្បាប់ និង ១០១ ទីតាំង មិនអនុលោមតាមច្បាប់កំណត់។ ផាកពិន័យចំនួន ៧ ទីតាំង ដោះស្រាយតាមការចរចា ១ ទីតាំង និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤ ករណី។
ដោយឡែកការត្រួតពិនិត្យទូទាំងប្រទេសកាលពីឆ្នាំ ២០១៩ រយៈពេល ១ ឆ្នាំ ពិនិត្យបាន ២៣៨ ទីតាំង ក្នុងនោះអនុលោមតាមច្បាប់ចំនួន ១២១ ទីតាំង មិនអនុលោមតាមច្បាប់ចំនួន ១១៧ ទីតាំង និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤ ទីតាំងផងដែរ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា តាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា។ ក្រៅពីនេះផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតដល់អាជីវករម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈតាមបណ្តារាជធានីខេត្ដទូទាំងប្រទេស។
លោកថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងធ្វើការផ្សព្វផ្សាយបានចំនួន ១២ រាជធានី-ខេត្ដហើយ។ ដូច្នេះផែនការសកម្មភាពបន្តគឺត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ ២៥ រាជធានី-ខេត្ដ»។
បើតាមលោក ផាន អូន នៅក្នុងខែធ្នូ ឆ្នាំនេះតាមរយៈបរិបទនៃការអនុវត្ដច្បាប់ស្ដីពី ការការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនឹងចាប់ផ្ដើមអនុវត្ដនូវការផាកពិន័យចំពោះស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈដែលមិនអនុលោមតាមច្បាប់។ ការផាកពិន័យអន្តរកាលដល់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនេះគឺនឹងធ្វើឡើងនៅពេលដែលប្រកាសរួមអន្តរក្រសួងដែលអាចនឹងត្រូវអនុម័តក្នុងខែធ្នូ ឆ្នាំនេះ។
លោកថ្លែងថា៖ «យើងអាចយកប្រកាសអន្តរក្រសួងមកអនុវត្ដបាននៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ ២០២១ ទៅតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ យើងរង់ចាំមើលនូវការណែនាំ និងការចង្អុលបង្ហាញរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់»។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលសហការជាមួយអាជ្ញាធរមូលដ្ឋានបាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង។ នៅតាមបណ្តោយផ្លូវលេខ ២១ ចំនួន ២៥ ស្ថានីយ និងដេប៉ូស្ថិតនៅសង្កាត់រកាខ្ពស់ និងសង្កាត់ព្រែកគយ ស្រុកស្អាង ចំនួន ៤ ទីតាំង និងនៅស្រុកកៀនស្វាយចំនួន ៦ ទីតាំង។
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលបានឱ្យដឹងថា ជាលទ្ធផលបានរកឃើញស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៥ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ ស្ថានីយ និងដេប៉ូចំនួន ៣ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ ហើយស្ថានីយ និងដេប៉ូចំនួន ១ ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព។
មន្ត្រីរូបនេះបានបញ្ជាក់ថា៖ «ដោយសារករណីកំហុសនេះ រកឃើញជាលើកទី១ មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ និងដេប៉ូខាងលើធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើរបស់ខ្លួន។ បើរកឃើញកំហុសលើកទី ២ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប. ការត្រួតពិនិត្យនេះបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ និងដេប៉ូចែកចាយទាំងអស់ផងដែរ៕
វីដេអូ៖