ក្រចេះ/រតនគិរីៈ មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ និង​រតនគិរី ​បន្ត​ចុះបាញ់​ថ្នាំ​សម្លាប់​មូសខ្លា ​និងចែក​ថ្នាំ​អាបែត ​សម្លាប់​ដង្កូវ​ទឹក​ ជូនប្រជា​ពល​រដ្ឋ​ នៅតាម​មូលដ្ឋាន​ ខណៈ​អ្នកកើត​ជំងឺ​គ្រុន​ឈាម ​នៅ​ក្នុង​ខេត្ត​ទាំង​ ២ ​នេះ ​នៅបន្ត​កើតមាន​ជាបន្ត​បន្ទាប់ ​ដែល​គិត​តាំងពី​ខែ​ឧសភា ​មក​ដល់​ខែ​មិថុនានេះ ​មានអ្នក​ស្លាប់​កើនឡើង​ដល់​ ៤ នាក់ ​ដោយ​​ខេត្ត​ក្រចេះ​ស្លាប់​ ៣ នាក់ ​និង​ខេត្ត​រតនគិរីស្លាប់​ម្នាក់។


លោក​ ឈ្នាង សុវុត្ថា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃចន្ទ​ថា ​នៅក្នុង​ឆ្នាំ ២០១៩​ នេះ​ គឺ​ជា​ឆ្នាំ​​នៃ​វដ្ដ​របស់​ជំងឺ​គ្រុនឈាម​នៅ​កម្ពុជា ​ហើយគិត​ត្រឹម​ថ្ងៃទី ១០ ​ខែមិថុនានេះ ​នៅទូទាំង​ខេត្ត​ក្រចេះ ​បានផ្ទុះ​ជំងឺ​គ្រុន​ឈាម​ចំនួន​ ៤៤២ ករណី ​ក្នុង​នោះ​ស្រុក​ស្នួល ​និង​ ស្រុក​ចិត្របុរី ​មានផ្ទុះ​ករណី​ជំងឺ​គ្រុនឈាម​ច្រើន​ជាង​គេ។

លោក​បញ្ជាក់​ថា​៖ «ក្នុង​ចំណោម​អ្នកកើត​ជំងឺ​គ្រុនឈាម​ទាំង​ ៤៤២ នាក់​នោះ​ មាន​ ៣ នាក់​បានស្លាប់ ​ក្នុងនោះ​ក្មេង​ ២ នាក់​ និង​មនុស្ស​ពេញវ័យ​ម្នាក់។ មូលហេតុ​នៃការ​ស្លាប់​ បណ្ដាល​មកពី​ក្រុម​គ្រួសារ​អ្នកជំងឺ ​បាន​ព្យាយាម​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កំដៅនិង​ថ្នាំ​ផ្សះ​មួយ​ចំនួន ​ដោយគ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជំនាញ​ឲ្យបាន​ត្រឹមត្រូវ ​និងបានបញ្ជូន​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​មានភាព​យឺតយ៉ាវ ​ដែលធ្វើ​ឲ្យការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ជំនាញ​របស់​យើង ​មិនអាច​ជួយ​សង្គ្រោះ​បាន»។

លោក​ សុវុត្ថា ​បានថ្លែង​ទៀត​ថា ​នៅពេល​នេះ​បុគ្គលិក​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ​កំពុង​បន្ត​រួម​សហការ​ជាមួយ​អង្គភាព​​ពាក់​ព័ន្ធ​ និងអាជ្ញាធរ​មូលដ្ឋាន ​ចុះបាញ់​ថ្នាំ​សម្លាប់​មូសនិងចែក​ថ្នាំ​អាបែត​​ជូន​ប្រជាពលរដ្ឋ ​នៅ​ក្នុង​មូលដ្ឋាន​ដែលកំពុង​ប្រឈមនឹង​ការផ្ទុះ​ជំងឺ​គ្រុន​ឈាម​នេះ ​ព្រមទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់​រំ​អំពី​វិធាន​ការ​ ការពារ ​និងទប់​ស្កាត់​ការកើតមាន​មូស​ខ្លា​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ផងដែរ។


លោក​បានបន្តថា​៖ «ដើម្បី​ការពារ​ពីការ​វាយប្រហារ​ពី​សត្វ​មូស​ខ្លា​ញី​ខាំ ​យើង​ត្រូវគេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ ​និងត្រូវ​បើក​ពន្លឺ​ឲ្យបាន​គ្រប់​គ្រាន់ ​ហើយ​ដើម្បី​កម្ចាត់​មូស​ខ្លា ​ត្រូវ​បំបាត់​ដង្កូវ​ទឹក ​និងទីជម្រក​របស់​វា ​ពិសេស​ត្រូវកប់​ ឬដុត​បំផ្លាញ​ចោល​នូវ​សម្បក​កង់ ​ម៉ូតូ ​ឡាន ​កំប៉ុង ​និងត្រឡោក​ដូង»។


ជាមួយ​គ្នានេះ ​លោក​ អ៊ុង រតនា ​ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី ​បាននិយាយថា ​សម្បក​កង់ឡាន ​កង់ម៉ូតូ ​និងសម្បក​កំប៉ុង​ ដែលមាន​ទឹកដក់​នៅក្នុង​នោះ ​គឺជា​កន្លែង​ពេញនិយម​បំផុត​របស់​មូស​ខ្លា​រស់​នៅ​និង​ពងកូន។

លោក​បាននិយាយថា​៖ «ការលុប​បំបាត់​ជម្រក​ពង​កូន​របស់​មូស​ខ្លា ​ចាំបាច់​ត្រូវពង្រឹង​អនា​ម័យ ​និង ​បរិស្ថាន​ជុំវិញ​កន្លែង​រស់​នៅ​របស់​យើង​ឲ្យបាន​ស្អាត ​ដោយ​ធ្វើ​យ៉ាង​ណា​កុំឲ្យ​មាន​ជង្ហុក ​និង​វត្ថុ​ដែលងាយ​ដក់​ទឹក​នៅក្បែរ​ផ្ទះ​របស់​យើង ​ពិសេសត្រូវ​ពិនិត្យ​ការពារ​កុំឲ្យ​កើត​មាន​ដង្កូវ​ទឹក​ នៅ​ក្នុង​ពាង​ទឹក​ឬ​ឧបករណ៍​ដាក់​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​យើង​ផ្សេង​ទៀត»។ ​

លោក​បន្ថែមថា​៖ «គ្មាន​ដង្កូវ​ទឹក​ គឺ​គ្មាន​មូសខ្លា ​ហើយ​បើ​គ្មាន​​មូសខ្លា​ នោះ​គ្មាន​ជំងឺ​គ្រុន​ឈាម​កើត​ឡើង​នោះ​ទេ»។

លោកបាន​ឲ្យដឹងថា​ រហូត​មក​ទល់​ពេលនេះ​ ខេត្ត​រតនគិរី ​មាន​អ្នកកើតជំងឺ​គ្រុនឈាម​ ២៥៦​ នាក់​ ក្នុង​នោះ​មាន​កុមារី​អាយុ ​១២ ​ឆ្នាំ​ម្នាក់​បានស្លាប់​ ខណៈ​ដែល​អ្នកជំងឺ​ប្រមាណ ​៧៥ ​ភាគរយ​ទៀត ​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ៕