ព្រះសីហនុៈ ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយឥទ្ធិពលព្យុះមង្ឃុត និង ព្យុះបារីចាត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កឲ្យមានការជន់លិចជាថ្មីនៅក្នុងប្រទេសកម្ពុជា ខណៈផ្លូវជាច្រើនកំពុងរងការខូចខាតយ៉ាងដំណំ និងនៅមិនទាន់ត្រូវបានជួសជុលកែលម្អនៅឡើយ។
កាលពីរសៀលនេះ ជំនន់ទឹកភ្លៀងបានកាត់ផ្ដាច់ការធ្វើចរាចរជាបណ្ដោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើតាមការអះអាងរបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោកស្នងការបញ្ជាក់ថា៖«ជំនន់ទឹកភ្លៀង បានជន់លិចពីលើទ្រូងផ្លូវ នៅចំណុចស្ពានស្ទឹងសំរោង រហូតដល់ ០,៦ ម៉ែត្រ គិតត្រឹមម៉ោង ៤:៣ ០នាទីរសៀលថ្ងៃចន្ទនេះ ដែលការលិចនោះមានប្រវែងប្រមាណចន្លោះពី ៦០០ ម៉ែត្រ ទៅ ៧០០ ម៉ែត្រហេតុដូច្នេះហើយទើបសមត្ថកិច្ចយើងសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចររថយន្តតូចធំឆ្លងកាត់តំបន់ខាងលើនេះ»។
ដោយឡែកលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កការជន់លិចទីប្រជុំជនមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ហើយផ្លូវជាច្រើននៅក្នុងក្រុងនេះ បានជនលិចនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដែលធ្វើឲ្យអាជ្ញាធរ សម្រេចធ្វើការហាមឃាត់រថយន្តដឹកទំនិញធន់ធ្ងន់ធ្វើចរាចរកាត់តាមដងផ្លូវសំខាន់ៗនៅក្នុងទីក្រុង ពិសេសផ្លូវជាតិលេខ៥៨ ដែលទើបសង់ថ្មី ជាបណ្ដោះអាសន្នសិន ដើម្បីកាត់បន្ថយការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរថែមទៀត។
រីឯប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរទៅខេត្តកោះកុង បាននិយាយថា កំណាត់ផ្លូវជាតិលេខ៤៨ ចេញពីផ្លូវបំបែកស្រុកស្រែអំបិលឆ្ពោះទៅទីប្រជុំជនខេត្តកោះកុង ក៏មានការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃកន្លងមកនេះ។
លោកឆាំ សាខន អ្នករត់តាក់ស៊ីពីស្រុកស្រែអំបិល ទៅក្រុងខេមរភូមិន្ទខេត្តកោះកុង បានថ្លែងថា ស្ថានភាពផ្លូវមានការលំបាកខ្លាំង ដោយសារតែផ្លូវបែកភក់ រអិល ដែលបណ្តាលអោយមានរថយន្តជាប់ផុង និងបើកក្រឡាប់លើផ្លូវជាដើម។
លោក បានបន្តថា៖«ការខូចខាតផ្លូវជាតិ៤៨នេះគឺបណ្ដាលមកពី គ្មានការហាមឃាត់ ឬ ត្រួតពិនិត្យរថយន្តដឹកទំនិញធំៗបើកបរ ដោយមានការផ្ទុកលើសទម្ងន់»។
ទោះជាបែបណាក្ដី លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម កាលពីម្សិលមិញ អះអាងថា ឥទ្ធិពលព្យុះមង្ឃុត នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តទៀតនៅក្នុងតំបន់ជួរភ្នំនឹងខ្ពង់រាប និង តំបន់ទំនាបកណ្ដាលភាគខាងកើតនៃប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖«នៅពេលនេះ កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី ប្រព័ន្ធសម្ពាធទាប និង ឥទ្ធិពលព្យុះមង្ឃុត ឥទ្ធិពលទាំងបីនេះ នឹង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ចុងខែកញ្ញានេះ ពិសេសនៅក្នុងតំបន់ជួរភ្នំនិងខ្ពង់រាប និង តំបន់ទំនាបកណ្ដាលភាគខាងកើត ជាប់ព្រំប្រទល់ប្រទេសវៀតណាម»៕