ជនជាតិភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី មានភាពរីករាយជាមួយនឹងអគារសិក្សា និងមណ្ឌលសុខភាពថ្មី ខណៈសាលារៀន និងមណ្ឌលសុខភាពនៅក្នុងឃុំមេម៉ង់កាលពីពេលមុនធ្លាប់តែចាស់ទ្រុឌទ្រោម។
«គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ» ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសជប៉ុនបានជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ជំនួយដែលត្រូវបានគេស្គាល់ថា Kusanone ជាភាសាជប៉ុន គឺជាក្របខ័ណ្ឌជំនួយផ្តល់ដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ដូចជាស្ថាប័នសាធារណៈ និង NGO ជាដើម ដើម្បីអនុវត្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។
ដំណើរការក្នុងឆ្នាំ ១៩៩១ ជប៉ុនបានអនុវត្តគម្រោង Kusanone ចំនួនជាង ៦៤០ នៅទូទាំងប្រទេសកម្ពុជាក្នុងនោះមានគម្រោងសាងសង់សាលាបឋមសិក្សាមេម៉ង់ សាលាអនុវិទ្យាល័យមេម៉ង់ និងមណ្ឌលសុខភាពក្នុងឃុំមេម៉ង់ នៃខេត្តមណ្ឌលគិរី។
សាលាបឋមសិក្សាមេម៉ង់ដែលស្ថិតនៅក្នុងស្ថានភាពចាស់ទ្រុឌទ្រោម ត្រូវបានសាងសង់ឡើងវិញនៅខែធ្នូ ឆ្នាំ ២០១៨។ អាគារសិក្សានេះត្រូវបានជំនួសមកវិញដោយអគារ សិក្សាបេតុង ១ ខ្នងមាន ៣ បន្ទប់ បង្គន់ ២ បន្ទប់ ធុងទឹកភ្លៀង និងមានតុ កៅអីប្រកបដោយផាសុកភាព សម្រាប់សិស្សានុសិស្សចំនួន ១១១ នាក់ និងគ្រូបង្រៀនចំនួន ៧ នាក់។
នាយកសាលា លោក ហេង ដូចបានថ្លែងថា៖ «អគារសិក្សាបេតុងបានធ្វើឱ្យសិស្សមានលទ្ធភាពសិក្សាសូម្បីតែនៅរដូវវស្សា។ ជាទូទៅនៅតាមផ្ទះរបស់ជនជាតិភាគតិចព្នងពុំមានបង្គន់ទេ ហើយនៅក្នុងសាលារៀនក៏គ្មានដែរ គឺគេតែងតែចូលក្នុងគុម្ពោតព្រៃក្បែរនោះ ប៉ុន្តែការដំឡើងបង្គន់ធ្វើឱ្យប្រសើរ ឡើងនូវអនាម័យ»។
ទន្ទឹមនឹងនេះដែរ អ្នកគ្រូ ភាព ស្រីណាន ឱ្យដឹងថា៖ «អគារសិក្សាថ្មីនេះធ្វើឱ្យគ្រូបង្រៀនមានអារម្មណ៍ស្រស់ស្រាយ។ វាពុំមែនធ្វើឱ្យប្រសើរឡើងតែអគារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែយើងខ្ញុំចង់ធ្វើឱ្យប្រសើឡើងដល់បរិយាកាសនៃការបង្រៀនដែរ។ យើងខ្ញុំក៏ចង់ឱ្យមាននូវឧបករណ៍សម្រាប់កុមារលេង និងសម្ភារកីឡា ដើម្បីឱ្យសិស្សអាចលេងកម្សាន្តនៅក្នុងសាលាផងដែរ។
លោក ញាញ ញ្រេន មេភូមិ ពូង៉ោល ដែលជាទីតាំងរបស់សាលារៀននេះ បានមានប្រសាសន៍ថា៖ «អគារសិក្សាឈើត្រូវជួសជុលជារៀងរាល់ឆ្នាំ ហើយការចំណាយត្រូវគ្របដណ្ដប់ដោយអំណោយពីអ្នកភូមិ និងថវិការបស់សាលារៀន ឬឃុំ។ ចាប់តាំងពីអគារថ្មីត្រូវបានសាងសង់ឡើង គ្មានចំណាយជួសជុល ដូច្នេះវាកាន់តែធូរស្រាលជាងមុន»។ រីឯនៅសាលាអនុវិទ្យាល័យមេម៉ង់ដែលទទួលសិស្សពីបឋមសិក្សាចំនួន ៨ នៅជុំវិញនោះ គិតត្រឹមខែមករា ឆ្នាំ ២០២១ មានសិស្ស ២៨៧ នាក់ និងគ្រូបង្រៀន ៨ នាក់។ ហើយភាគច្រើននៃសិស្សទាំងអស់គឺជនជាតិភាគតិចព្នង។
កាលពីមុន វិទ្យាល័យមិនទាន់មានអគារសិក្សា និងបង្គន់អនាម័យទេហើយបានជួលបន្ទប់ចំនួន ៤ ក្នុងអគារសាលាឈើចាស់មួយនៃសាលាបឋមសិក្សាអរតេនៅក្បែរនោះ។ នៅខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនបានសាងសង់អគារសិក្សាថ្មី ១ ខ្នង និងបង្គន់ ២ បន្ទប់ ព្រមទាំងផ្គត់ផ្គង់ឧបករណ៍សិក្សា។
លោក តើម ពេជ្រលី ដែលជានាយកសាលាថ្លែងថា៖ «ពីមុនពេលមេឃភ្លៀងមិនត្រឹមតែទឹកភ្លៀងចូលក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែដំបូលស័ង្កសី ប្រែជាមានសំឡេងរំខានដល់ការរៀនសូត្រ។ វាមានរយៈពេលតិចជាង ១ ខែ ចាប់តាំងពីការប្រើប្រាស់អគារសិក្សាថ្មី វាមិនគ្រាន់ត្រូវបានប្រើប្រាស់ជាថ្នាក់រៀនអនុវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានប្រើប្រាស់ជាថ្នាក់វិទ្យាល័យផងដែរ»។
ចាប់តាំងពីដើមឆ្នាំ ២០២១ សិស្សអនុវិទ្យាល័យថ្នាក់ទី ៩ នៅឆ្នាំមុនបានឡើងថ្នាក់ទី ១០ ហើយពួកគេកំពុងរៀននៅអគារសិក្សាថ្មីនោះតែម្តង។ នៅពេលដែលគ្មានអគារសិក្សាថ្មីនេះសិស្សត្រូវទៅទីក្រុងដើម្បីចូលវិទ្យាល័យ។ ក្មេងៗជាច្រើនមិនបានឡើងវិទ្យាល័យទេពីព្រោះពួកគេត្រូវស្នាក់នៅទីក្រុងដែលឃ្លាតឆ្ងាយពីឪពុក ម្តាយ។ ឥឡូវនេះ យើងសម្រេចចិត្តប្រើប្រាស់អគារថ្មីដែលជប៉ុនបានជួយសាងសង់នេះជាថ្នាក់វិទ្យាល័យដើម្បីកុំឱ្យសិស្សចាកចេញពីស្រុក។
ជំនួយ Kusanone ក៏បានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់អ្នកភូមិ បន្ទាប់ពីមណ្ឌលសុខភាពតែមួយគត់របស់ពួកគេត្រូវបានសាងសង់ឡើងវិញ ដែលធ្វើឱ្យប្រជាជននៅតំបន់ជនបទអាចទទួលបានការព្យាបាលប្រកបដោយគុណភាព។
មណ្ឌលសុខភាពមណ្ឌលគិរីត្រូវបានបង្កើតឡើងនៅក្នុងឃុំមេម៉ង់នៅឆ្នាំ ១៩៨៦។ វាមានចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រទៅកាន់ទីប្រជុំជនខេត្ត ដែលមានមន្ទីរពេទ្យខេត្ត ប៉ុន្តែស្ថានភាពផ្លូវមិនសូវល្អធ្វើឱ្យពិបាកធ្វើដំណើរ។ ពីមុនមណ្ឌលសុខភាពផ្តល់សេវាសុខភាពមូលដ្ឋាន (ពិគ្រោះជំងឺការចាក់វ៉ាក់សាំង ឱសថដ្ឋាន សម្រាលកូន ការត្រួតពិនិត្យស្ត្រីមានផ្ទៃពោះ ការថែទាំមុន និងក្រោយពេលសម្រាលកូន ការងារស្មៀន) នៅក្នុងអគារកណ្តាលតែ ១ គត់។
នៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីកែលម្អបរិស្ថាន និងបង្កើនគុណភាពសេវាវេជ្ជសាស្ត្រសាធារណៈ រដ្ឋាភិបាលជប៉ុនបានសាងសង់អគារសម្រាលកូនដែលមាន ៨ បន្ទប់ (បន្ទប់រង់ចាំមុន និងក្រោយពេលសម្រាល បន្ទប់សម្រាលកូន ផ្ទះបាយ បន្ទប់ទឹក បង្គន់ ២) និងកន្លែងរង់ចាំត្រូវបានសាងសង់ដល់មណ្ឌលសុខភាព។ គិតត្រឹមខែមករា ឆ្នាំ ២០២១ មានបុគ្គលិកសរុបចំនួន ៨ នាក់។ ៥ នាក់ក្នុងចំណោមពួកគេគឺជាឆ្មប។ បច្ចុប្បន្ននៅមណ្ឌលសុខភាពផ្តល់កំណើតទារកប្រហែល ១០០ នាក់ក្នុង ១ ឆ្នាំ។
នាយិកាមជ្ឈមណ្ឌលលោកស្រី ថាច ស៊ីថាត ថ្លែងថា ស្ត្រីនៅតំបន់នោះសម្រាលកូននៅផ្ទះ មុនពេលមានការគាំទ្រពីជប៉ុន។ ទោះយ៉ាងណាចំនួនមនុស្សដែលសម្រាលកូននៅមណ្ឌលសុខភាពកំពុងកើនឡើង បន្ទាប់ពីអគារសម្រាលកូន និងអគារសម្រាកគេងពេទ្យថ្មីត្រូវបានសាងសង់។
បុគ្គលិកមជ្ឈមណ្ឌល អ្នកស្រី ចន្ថា សុណា ជាឆ្មបមកពីជនជាតិភាគតិច ព្នង ថ្លែងថា៖ «ដោយមានការគាំទ្រពីប្រទេសជប៉ុន វាអាចជួយក្នុងការសម្រាលកូននៅក្នុងបន្ទប់ដាច់ដោយឡែក ហើយមានការព្យាបាលអ្នកជំងឺដោយបរិក្ខារពេទ្យដែលសមស្របនៅក្នុងអគារថ្មី។ កត្តាទាំងនេះបាននាំឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងស្មារតីរបស់ប្រជាជនក្នុងតំបន់ដែលភាគច្រើនជាជនជាតិភាគតិច»។
គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង KUSANONE ផ្តល់នូវការគាំទ្រផ្ទាល់ដល់វិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាមូលដ្ឋានក្នុងដំណើរការនៃការកើត និងការលូតលាស់របស់មនុស្ស។ ទោះបីទំហំជំនួយនេះតូចក្តី ប៉ុន្តែជំនួយនេះបានចាក់ឫសនៅក្នុងទឹកដីកម្ពុជា និងបានចូលរួមក្នុងការអភិវឌ្ឍមួយដែលមានចីរភាព សម្រាប់ប្រជាជនរស់នៅក្នុងតំបន់៕