មណ្ឌលគិរីៈ ​ឈើ​ជ្រុង​ប្រភេទ​ដើម​ស្រឡៅ​ និង​គគីរ​ជិត ​៣០ ​កំណាត់​ មាន​ប្រវែង​ប្រហែល ៣​ ម៉ែត្រ​ និង​មាន​មុខ​កាត់​ចាប់ពី ៣០ ​ទៅ​ ៤០​ សង់​ទីម៉ែត្រ​ ត្រូវ​បា​នព​​លរដ្ឋ​រស់​នៅក្នុង​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌល​គិរី ​​ប្រទះ​ឃើញគេ​កាប់​ និង​លាក់​ទុក​ក្នុង​ព្រៃ​កាល​ពី​ថ្ងៃទី​ ៧ ខែ ​​ឧសភា​ នៅ​ក្បែរ​ផ្ទះ​ពលរដ្ឋ​មាន​ចម្ងាយ​ប្រហែល ​១ ​គីឡូម៉ែត្រ។


លោក ទឺ​យ ធិ សមាជិក​សហ​គមន៍​ការពារ​ព្រៃឈើ​នៅ​ក្នុង​ភូមិ​ពូ​ត្រែង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពីម្សិល​មិញ​ថា ក្រុម​ក្មេង​ឃ្វាល​គោ​បាន​ប្រទះ​ឃើញ​ឈើ​ទាំង​នេះ និង​បាន​រាយការណ៍​មក​ប្រា​ប់លោក ​ហើយ​ក្រោយ​មក​លោក​បាន​ជិះ​ម៉ូតូ​ចុះទៅ​មើល​ក៏​បានឃើញ​ឈើ​ទាំង​នោះ ​ដែល​ត្រូវបាន​គេ​អារ​ជាជ្រុង​ៗ និង​លាក់ទុកដោយ​គ្រប​ស្លឹក​ឈើ​ និង​តង់​ចំនួន​៣​កន្លែង​ស្ថិត​នៅ​ជិតៗ​គ្នា ស្រប​ពេល​ឈើ​ចំនួន​ ២​ ទីតាំង​ទៀត​ត្រូវ​បាន​គេ​ដឹក​ចេញ​អស់។

លោក​ ទឺ​យ ធិ បាន​អះ​អាង​ថា ឈើ​ទាំងនោះ​អាច​ត្រូវគេ​កាប់​ចេញពី​ដីព្រៃ​សហគ​មន៍​ប៉ុន្តែ​លោក​មិន​ដឹង​ថា នឹងត្រូវ​ដឹកចេញទៅ​កន្លែង​ណា​ឡើយ។

លោក​ថា៖ «អត់​ឃើញ​គ្រឿង​ចក្រ​ដែល​ត្រៀម​ដឹកឈើ​ចេញ​អី​ទេ ប៉ុន្តែ​ឈើ​ហ្នឹង​កាប់​ចេញពី​ព្រៃ​សហគ​មន៍។នៅ​ព្រឹក​ថ្ងៃទី​ ៧ ក្មេង​ឃ្វាល​គោ​ក្នុងភូមិ​ពូ​ត្រែង​ហ្នឹង​បាន​ឃើញ ហើយក៏​វា​បាន​មក​ប្រាប់​ខ្ញុំ»។


លោក ទឺ​យ ធិ បាន​ទូរស័ព្ទ​ទៅប្រាប់​លោក គ្រើ​ង តុលា ដែល​តំណាង​សហគមន៍ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី អំពី​ការប្រទះ​ឃើញ​​​ឈើ​ទាំងនេះហើយ​ក្រោយ​មក លោក តុលា ក៏បាន​ទូរស័ព្ទ​ជូន​ដំណឹង​នេះ​បន្ត ទៅ​លោក ​អ៊ុំ វណ្ណ​សុភ័គ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី។


ប៉ុន្តែ​លោក គ្រើ​ង តុលា បាន​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នៅ​ថ្ងៃទី​ ៨ ខែ​ ឧសភា ​ថា ប្រធាន​រដ្ឋ​បាល​ព្រៃឈើ​បាន​ប្រាប់​លោក​ថា​មិន​មាន​លទ្ធភាព​ទៅ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​មក​រក្សាទុក​ឡើយ ​ដោយ​សារ​ពុំមាន​កម្លាំង​គ្រប់គ្រាន់។

លោក​ថា៖ «គឺ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត គាត់​ថា​គ្មាន​អ្នក​ជួយ​លើកដាក់​ឡាន។ ចុះ​កម្លាំង​ទៅ​ណា​អស់​ហើយឬមួយ​ចាំ​ខ្ញុំ​រាយ​ការណ៍​ទៅ​ឯក​ឧត្តម​គណៈ​នៃ​គណៈ​អភិ​បាល​ខេត្ត​គ្រប់​រឿង ទើប​មាន​អ្នក​លើក​ឈើ​ដាក់​ឡាន»។

ទោះជា​យ៉ាង​ណា លោក ​អ៊ុំ វណ្ណ​សុភ័គ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា លោក គ្រើ​ង តុលា ពុំបាន​ហៅ​ទូរស័ព្ទ​ទៅប្រាប់លោក​ពី​ករណីនេះ​ឡើយ ហើយ​ខាង​រដ្ឋបាល​ព្រៃ​ឈើក៏​ពុំ​ខ្វះ​កម្លាំង​ដើម្បី​ដឹក​ឈើ​មក​រក្សា​ទុក​ដែរ។

លោក​ វណ្ណ​សុភ័គ បន្តថា លោក​ទើបដឹង​រឿងនេះនៅ​ព្រឹក​ថ្ងៃទី ៩ ​ខែ ​ឧសភា ​នេះ​ប៉ុណ្ណោះ ហើយ​ការ​លើក​ឡើង​របស់​លោក គ្រើ​ង តុលា គឺជា​ការ​បំផ្លើស និង​មិន​មែន​សហការ​គ្នា​ឡើយ។

លោក​ថា៖​ «ខ្ញុំ​កំពុងតែ​ខឹងថា​តេ​មក​ខ្ញុំ​ហើយ​ថា​ខ្ញុំ​អត់​មាន​កម្លាំង​អី​ណា គាត់​តេ​មក​ខ្ញុំ​ពី​អង្កាល់ បើ​ខ្ញុំ​អត់​ដឹងរឿង​អី​ផង ហើយ​គាត់​មក​ចុះ​អ៊ីចឹង។ គាត់​មាន​តេ​មក​ខ្ញុំ​ពី​អង្កាល់ ពី​ម្សិល​មិញ​ខ្ញុំ​ចូល​ព្រៃ​តាំង​ពីព្រឹក​ដល់​ម៉ោង ៧-៨ យប់​បាន​ចេញ​មក​វិញ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គ្រាន់តែ​ដឹងថា (ឈើ) នៅ​ក្បែរៗ​ភូមិ​ពូ​ត្រែង ប៉ុ​ន្តែបើ​ចង់​ដឹង យើង​ត្រូវ​សហ​ការគ្នា​ចុះទៅ​មើល និង​ចង្អុល​បង្ហាញ ហើយ​បើ​ត្រឹមតែ​រាយការ​ណ៍​តាម​មាត់ និង​ឱ្យ​ពួក​ខ្ញុំ​ទៅរក គឺ​រក​មិន​ឃើញ​ទេ»។

ប្រធាន​រដ្ឋបាល​ព្រៃឈើ​រូបនេះ​បញ្ជាក់​ថា ខាង​លោក​មាន​កម្លាំង​គ្រប់​គ្រាន់​ និង​មាន​លទ្ធភាព​ជួល​រថ​យន្ត​ទៅ​ដឹកយក​ឈើ​ទាំង​នោះ​នៅ​ពេល​ណា​ដឹង​ទីតាំង​ច្បាស់ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់ថា តើ​ឈើ​នោះ​ខុស​ច្បាប់​ឬ​យ៉ាង​ណា​ឡើយ។

ចំណែក​មេឃុំ​ដាក់​ដាំ​លោក ចាស់ ណា បាន​លើក​ឡើង​ដែរ​ថា លោក​ក៏​ពុំបាន​ដឹង​ពីការ​លាក់ទុក​ឈើ​នៅក្បែរ​ភូមិ​ពូ​ត្រែង​ដែរ ប៉ុន្តែ​លោក​អះអាង​ថា ម្ដុំ​ឃុំ​របស់​លោក​ពុំមាន​សកម្មភាព​កាប់​ទ្រង់ទ្រាយ​ធំឡើយ។

ប៉ុន្តែ​លោក ទឺ​យ ធិ សមា​ជិក​សហគ​មន៍​ការពារ​ព្រៃឈើ​នៅ​ក្នុង​ភូមិ​ពូ​ត្រែង​បាន​អះអាងថា កន្លងមក​នៅពេល​រក​ឃើញ​មានការ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ឃុំ​ លោក​តែងតែបាន​រាយការណ៍​ប្រាប់ទៅ​អាជ្ញាធរ​ឃុំ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​ចុះទៅ​មើល​ឡើយ៕