ភ្នំពេញៈ ទោះបីស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ ១៩ សាធារណរដ្ឋកូរ៉េនៅតែព្រមទទួលយកពលករកម្ពុជាឱ្យធ្វើការនៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្ត សមត្ថភាព និងភាពស្មោះត្រង់របស់ពលករ ខណៈបច្ចុប្បន្នពលករជិត ៥ ម៉ឺននាក់ កំពុងបម្រើការងារលើវិស័យនានាក្នុងប្រទេសនេះ។ នេះបើតាមការលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការងារកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េ។
ក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាពីម្សិលមិញនៅទីស្ដីការក្រសួងការងារ លោករដ្ឋមន្ត្រីក៏បានលើកឡើងពាក់ព័ន្ធនឹងការបញ្ជូនទទួលពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េ។ លោកថ្លែងថា កម្ពុជានឹងក្លាយជាប្រទេសអាទិភាព ១ ក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ព្រោះស្ថានភាពកូវីដ ១៩ នៅកម្ពុជាមានភាពល្អប្រសើរ និងមានជើងហោះហើរទៅប្រទេសនេះច្រើន។
លោក អ៊ិត សំហេង ថ្លែងថា៖ «ភាគីកូរ៉េកំពុងជួយកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងស្តីពីសុវត្ថិភាព និងសុខភាពការងារដែលកម្ពុជាមិនទាន់មានច្បាប់នេះនៅឡើយ។ នាពេលអនាគតកម្ពុជានឹងបង្កើតឱ្យមានក្របខ័ណ្ឌច្បាប់នេះ ដើម្បីធានាបានប្រសើរថែមទៀត ទាំងលើការការពារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ»។
បើតាមលោករដ្ឋមន្ដ្រី ភាគីកូរ៉េគ្រោងនឹងបង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធឱ្យយល់ពីប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។
លោកឯកអគ្គរដ្ឋទូតលើកឡើងថា ក្នុងឆ្នាំ ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ។ ក្នុងដំណាក់កាលជំងឺកូវីដ ១៩ ឆ្នាំ ២០២០ នេះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។
លោក ទូត បញ្ជាក់ថា៖ «មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជាមានភាពស្មោះត្រង់នឹងការងារ និងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំនេះចាប់ពីឆ្នាំ ២០០៧ កម្ពុជាបានបញ្ជូនពលករសរុប ៦៨ ២៩៤ នាក់ (ស្រី ១៤ ២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។ អាណត្តិការងាររបស់ពលករមានរយៈពេលជាង ៤ ឆ្នាំ។ បច្ចុប្បន្នពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥ ម៉ឺននាក់។
បើតាមលោករដ្ឋមន្ដ្រី កិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េបានជំរុញទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ ឈានដល់ជាង ១ ៥០០ លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីកូរ៉េនៅកម្ពុជាមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិកគិតមកដល់បច្ចុប្បន្ន។ ទំហំទុនវិនិយោគនេះធ្វើឱ្យកូរ៉េក្លាយជាប្រទេសទី ២ ក្នុងការវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថាកម្ពុជា និងកូរ៉េ កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាននាពេលឆាប់ៗខាងមុខ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើងហើយវិនិយោគិនកូរ៉េក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត៕