តម្លៃ​សេវា​ប្រមូល​សំរាម​នឹង​កើន​ជិត ៣ ដង​ ចាប់​ពី​ខែ​មេសា​នេះ​ទៅ

Content image - Phnom Penh Post
បុគ្គលិក​ និង​រថយន្ត​របស់​ក្រុមហ៊ុនស៊ីនទ្រី​ ប្រមូល​សំរាម​តាម​ផ្ទះ​នៅក្នុង​រាជធានីភ្នំពេញ នាពេល​កន្លងមក​​​។ ហេង ជីវ័ន

ភ្នំពេញៈ ចាប់ពី​ខែមេសា​នេះ​តទៅ តម្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ឡើង​ថ្លៃ​ជិត ៣ ដង ដោយ​តម្លៃ​សម្រាប់​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី ដែល​ពីមុន​តម្លៃ ៤ ០០០ រៀល​ក្នុង​មួយ​ខែ​នឹង​ត្រូវ​ឡើង​ទៅ​ដល់ ១០ ៦០០ រៀល។ នេះ​បើតាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

យោងតាម​ការជូនដំណឹង​ចុះ​ថ្ងៃទី ២៦ ខែ កុម្ភៈ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​បាន​ឲ្យ​ដឹងថា តម្លៃ​សេវា​ថ្មី​នៃ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី ១ ខែ​មេសា នេះ​តទៅ ដោយ​តម្លៃ​សេវា​ថ្មី​មាន​ការ​កើន​ឡើង​សម្រាប់​គ្រប់​ប្រភេទ​ទីតាំង​បង្កើត​សំរាម​សំណល់​រឹង​ទាំង​អស់។ យោង​តាម​តារាង​កំណត់​តម្លៃ​ថ្មី​ដែល​បាន​ផ្សព្វផ្សាយ​បញ្ជាក់​ថា សម្រាប់​លំនៅឋាន​រស់​នៅ​ធម្មតា​គឺ​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី មាន​តម្លៃ ១០ ៦០០ រៀល ផ្ទះល្វែង​ជាន់​ទី ១ ឡើង​ទៅ​មាន​តម្លៃ ៧ ៦០០ រៀល ផ្ទះ​ដីឡូត៍ធម្មតា ១៤ ១០០​ រៀល ផ្ទះ​ភូមិ​គ្រឹះ​ផ្ទៃ​ដី​តូច​ជាង​ ៣០០​ ម៉ែត្រ​ការ៉េ មាន​​តម្លៃ ​៣១ ០០០ រៀល ចំណែក​ភូមិ​គ្រឹះ​មាន​ផ្ទៃ​ពី​ ៣០០ ​​ដល់​ ៦០០​ ម៉ែត្រ​ការ៉េ មាន​តម្លៃ​ ៤០ ៤០០ ​រៀល។

តារាង​កំណត់​តម្លៃ​​សេវា​ប្រមូលសំរាម​ថ្មី​នេះ​បាន​រៀប​រាប់​លម្អិត​​នូវ​តម្លៃ​​ស​​ម្រាប់​អគារ​គ្រប់​ប្រភេទ​រាប់​ចាប់​តាំង​ពី​លំនៅ​ឋាន​សម្រាប់​រស់​នៅ​ ក្រុម​ហ៊ុន​ សហគ្រាស រោងចក្រ និង​ទីតាំង​ប្រកប​អាជីវកម្ម​ សេវាកម្ម​គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ។

សេចក្តី​ជូន​ដំណឹង​ដែល​មាន​ហត្ថលេខា​លោក ឃួង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ពន្យ​ល់​ថា៖ «ស្រប​ពេល​ជា​មួយ​នឹង​កំណើ​ន​ផ្ទៃ​ដី កំណើ​ន​សេដ្ឋកិច្ច​ និង​កំណើន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញហើយ​បរិមា​ណ​​សំរាម​​ក៏​មាន​ការ​​​កើន​ឡើង​ខ្លាំង​ដែល​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​សម្រា​ប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោ​យ​ក្នុង​នោះ​តម្រូវ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​នូវ​ការ​ផ្ដល់​សេវា​​កម្ម​ ប្រមូល​ ដឹក​ជញ្ជូន និង​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ»។

សេចក្តី​ជូន​ដំណឹងនេះ​​បន្ត​ថា កម្រៃ​​សេវា​ថ្មី​នេះគឺ​ជា​ការ​សម្រេ​ច​របស់​អ​ន្តរក្រសួង​ដែល​រួម​មា​ន​ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​មហា​ផ្ទៃ ដែល​ធ្វើ​ឡើង​ កាល​ពី​ខែ ​មិថុនា ឆ្នាំ ២០១៨។

លោក ម៉េត មាស​ភក្តី អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​​ថ្លែង​ថា សាលា​រាជ​ធានី​​​មិន​​ដឹង​ពី​ហេតុ​ផល​ពីការ​សម្រេច​លើ​ការ​ឡើង​ថ្លៃ​ការ​ប្រមូល​សំរាម​នេះ​ទេ ព្រោះ​វា​ជា​ការ​សម្រេច​របស់​អន្តរ​ក្រសួង។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថានលោក នេត្រ ភក្រ្តា និ​ង​អ្នក​នាំពាក្យ​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​លោក មាស សុខ​សេនសាន បាន​បដិសេធ​ធ្វើ​អធិ​​ប្បាយ​បន្ថែម​ដោយ​​ថ្លែង​ថា ការ​ជូន​ដំណឹង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​មាន​ខ្លឹម​សារ​គ្រប់គ្រាន់​ហើយ។​

លោក អិុត ចាន់ដា អ្នក​ចាត់​ការ​​ក្រុម​ហ៊ុន​ស៊ិនទ្រី​ ដែលជា​ក្រុម​ហ៊ុន​​ចុះ​កុង​ត្រា​ ប្រមូល​សំរា​ម​នៅ​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​ថា ការ​កំណត់​​តម្លៃ​ថ្មី​នៃ​សេវា​ប្រមូល​សំរាម​ គឺ​ជា​​ការ​សម្រេ​ច​របស់​អន្តរ​ក្រសួង។

Content image - Phnom Penh Post
​សំរាម​នៅ​ចិញ្ចើម​ផ្លូវ​ ​ក្នុង​ខណ្ឌដូន​ពេញ​ រាជធានី​​ភ្នំពេញ នាពេល​កន្លង​មក​។ ភ្នំពេញ ប៉ុសិ៍្ត

ប៉ុន្តែ​លោក​​បញ្ជាក់ថា៖ «តម្លៃ​ ១ ​ដុល្លារ​នោះ យើង​ចេញ​តាំង​ពី​ឆ្នាំ​ ១៩៩៦។ អ៊ីចឹង​បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប ១ ដុល្លារ ឬ​ ៤០០០ រៀល ទៅ​នឹង​ការ​ចាយ​ ១ ថ្ងៃ គឺ​តិច​មែន​ទែន។ អ៊ីចឹង​ហើយ​បាន​ខាង​អន្តរក្រសួង​ រួម​មាន​ក្រសួង​មហា​ផ្ទៃ ក្រសួង​បរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​តារាង​អតិ​បរមា​មួយ​ ដើម្បី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ​​យក​មក​ធ្វើ​យ៉ាង​ម៉េច ​កុំ​ឲ្យ​លើស​ពី​តារាង​អតិ​បរមា​ហ្នឹង។ អ៊ីចឹង​ហើយ​បា​ន​​ជា​​យើង​កែ​​សម្រួល​​សម្រា​ប់​ផ្ទះ​ស្នាក់​នៅ​ធម្មតា ​ដែល​ពី​មុន ​​១ ​ដុល្លារ​ឥឡូវ ២ ​ដុល្លារ​លើស»។

បើ​ទោះ​ជា​តម្លៃ​សេវា​ថ្មី​នេះ​ មិន​​ទាន់​អនុវត្ត​ក៏​ដោយ​ ពលរដ្ឋ​ដែល​​ប្រើ​ប្រាស់​បណ្ដាញ​​ហ្វេ​ស​ប៊ុក​មួយ​ចំនួន​បាន​បង្ហាញ​ប្រតិ​​កម្ម​ទៅ​លើ​តម្លៃ​នេះ​ភ្ជាប់​ទៅ​នឹង​គុណភាព​នៃ​ការ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុនស៊ិន​ទ្រី ដោយ​អ្នក​ខ្លះ​ថា​ ជា​តម្លៃ​ថ្លៃ ប៉ុន្តែ​អ្នក​ខ្លះ​ថា​ ទទួល​យក​បាន​ឲ្យ​តែ​ការ​​ប្រមូល​សំរាម​មាន​ប្រសិទ្ធភាព​​ជាង​មុន។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ​ថា ​Phan Phearith បាន​បញ្ចេញ​មតិ​នៅ​លើ​ការ​ផ្សព្វ​​ផ្សាយរបស់​សាលា​រាជធា​នី​ថា៖ «ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​បង់​ថ្លៃ​សេវា​កម្ម​សម្រាប់​ប្រមូល​សំរាម​ទៀង​​ទាត់ ប៉ុន្តែ​សេវាកម្ម​ប្រមូល​សំរា​ម​វិញ​មិន​ទៀង​​ទាត់ ៣ ថ្ងៃ​ជួន​កាល ​១ ​សប្ដាហ៍​ ឬ​ក៏​ឈាន​ដល់​ ២ សប្ដាហ៍​ក៏​មាន។ ចុះ​ដល់​តម្លៃ​សេវាកម្ម​ប្រមូល​សំរាម​ថ្លៃ​ជាង​មុន តើ​ការ​ប្រមូល​សំរាម​ល្អ​ជាង​មុន​ឬ​ទេ? ប៉ុន្មាន​ថ្ងៃ​មក​ប្រមូល​ម្ដង? ពល​រដ្ឋ​នៅ​សង្កា​ត់​​អូរបែក​ក្អម»។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ Nou Sovann បាន​សរសេរ​ថា៖ «មិន​គួរ​ដំឡើង​ថ្លៃ​ខ្ពស់​ដូច្នេះ​ទេ ឧទាហរណ៍​វីឡា​ភ្លោះ​ បច្ចុប្បន្ន​ ១២ ០០០​ រៀល តម្លៃ​ថ្មី​ក្នុង​តារាង​ ២៥ ០០០​ រៀល បាន​ន័យ​ថា​ ដំឡើង​លើស ១០០ ភាគ​រយ ហើយ ​បើ​យក​កំណើន​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​ ក៏​រឹត​តែ​មិន​ត្រូវ​ព្រោះ​ GDP កើន​ច្រើន​បំផុត​ ៧ ភាគរយ​តែ​ប៉ុណ្ណោះ»។

ប៉ុន្តែ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ទៀត​ បាន​សរសេរ​ថា តម្លៃ​ឡើង​ពី​ ៤​ ០០០ រៀល​ទៅ​ ១០​ ៦​​០​០​ រៀល គឺកំណើន ២៦៥​ ភាគរយ ហើយ​បាន​ចោទ​ជា​សំណួរ​ថា ​«តើ​មាន​សេវាអ្វី​បន្ថែម ​ឬ​គ្រាន់​តែ​ឡើង​ថ្លៃ​ហើយ​ប្រមូល​ដូច​ពី​មុន»។

លោក​ ចាន់ដា នៃ​ក្រុម​ហ៊ុន​ស៊ិនទ្រី​ថ្លែង​ថា ក្រុម​ហ៊ុននឹង​ពង្រឹង​គុណភាពប្រមូល​សំរាម​​របស់​ខ្លួនដូច​ដែល​សាលា​រាជ​​​​​​​​ធានី​បាន​ជំរុញ ដោយ​ថ្លែង​ថា៖​ «យើង​ពង្រឹង​លើ​ការ​ប្រមូល​​សំរាម នៅ​ពេល​ដែល​វិធានការ​ប្រមូល​ប្រាក់​មាន​និរន្តរភាព​ជាង​បច្ចុប្បន្ន​។ កន្លង​មក​និរន្តរភាព​នៃ​ការ​ប្រមូល​ក្នុង​តម្លៃ​ ១​ ដុល្លារ គឺ​ជា​តម្លៃ​មួយ​ដែល​ទាប​បំផុត​។ វា​ពិបាក​នឹង​ទ្រ​ទ្រង់​សម្រាប់​ប្រតិបត្តិការ បាន​ន័យ​ថា​ បើ​យើង​ប្រមូល​បាន​ ១ ​ដុល្លារ សេវា​របស់​យើង​ក៏​វា​មិន​បាន​ប្រសើ​រដែរ ហើយ​នៅ​ពេល​ដែល​មាន​ការ​កំណត់ដំឡើង​ថ្លៃ នៅ​ពេល​ដែល​កំណត់​តម្លៃ​ថ្មី សាលា​រាជធានី​ភ្នំពេញ​​ បាន​ជំរុញ​ឲ្យ​​ស៊ិនទ្រី​ពង្រឹង​នូវ​គុណ​ភាព​របស់​ខ្លួន​ដែរ»។

លោក​បញ្ជាក់​ថា តម្លៃ​ថ្មី​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​​វិក្កយបត្រ​ នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​សម្រាប់​ខែ​មេសា​នេះ។

លោក Issac Daniels ទីប្រឹក្សា​របស់​អង្គការ​សមាគម​ធាង​ត្នោតថ្លែង​ថា តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​​ធាងត្នោត​បាន​រក​ឃើញ​ថា សហ​​​គមន៍ក្រីក្រ​​នៅ​ភ្នំពេញ​មាន​ទំនា​​​​​​​​ក់​ទំនង​តិច​តួច​បំផុត ​ជាមួយក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ឬ​ជាមួយ​អាជ្ញាធរ។ ដូច្នេះ​ការដំឡើង​ថ្លៃ​សេវា​ប្រមូល​សំរាម​ដែល​ពួក​គេ​មាន​ការ​ពិបាក​ស្រាប់​ហើយ​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ស្រងាក​ចិត្ត​កាន់​តែ​ខ្លាំង​សម្រាប់​ពួកគេ។

លោក​ថ្លែង​​ថា៖ «ក្រុម​ហ៊ុន​ស៊ិនទ្រី និង​រដ្ឋា​ភិបាល​ គួរ​តែ​បង្ហាញ​ពីការទទួ​ល​ខុស​ត្រូវ​ឲ្យ​បាន​ច្បាស់​រវាងក្រុម​ហ៊ុន​ស៊ិនទ្រី ​រដ្ឋា​ភិបាល និង​ពលរដ្ឋនៅ​ភ្នំពេញ។ មនុស្ស​គ្រប់​គ្នា​ចង់​ឲ្យ​បញ្ហា​សំរាម​ត្រូវ​បាន​ដោះ​ស្រា​យ​ ប៉ុន្តែ​មែន​ទែន​ទៅ​ វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដឹកនាំ​ដំណើរ​ការ​ដោះស្រាយ»៕