តា​អាយុ ៧២ ឆ្នាំ​បដិសេធ​បទ​ចោទ​រំលោភ​ក្មេង​អាយុ ៧ ឆ្នាំ

Content image - Phnom Penh Post
តាអាយុ​ ៧២ ឆ្នាំ ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ៧ ឆ្នាំ នៅ​តុលាការ​កំពូល​កាលពី​ម្សិល​មិញ​​​។ គឹម សារុំ​

ភ្នំពេញៈ បុរស​ចំណាស់​ម្នាក់ កាលពី​ម្សិលមិញ បាន​ឆ្លើយ​បដិសេធ​នៅ​តុលាការ​កំពូល ពាក់​ព័ន្ធ​ចាប់​ក្មេង​ស្រី​ម្នាក់​ជា​អនីតិជន​រំលោភ​សេព​សន្ថវៈ ប្រព្រឹត្ត​នៅ​ភូមិ​ត្របែក ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ឆ្នាំ ២០១៣ ខណៈ​ជន​ជាប់​ចោទ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៧ ឆ្នាំ។

នៅក្នុង​បន្ទប់​សវនាការ ពី​ម្សិលមិញ ជនជាប់ចោទ​ឈ្មោះ ហែម ហៃ អាយុ ៧២ ឆ្នាំ បាន​រៀបរាប់​ប្រាប់​ចៅក្រម​ថា ផ្ទះ​របស់​គាត់ និង​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ​នោះ​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល ១០០ ម៉ែត្រ ហើយ​យាយ​តា​របស់​ក្មេង​ស្រី​រង​គ្រោះ ក៏​ជា​ដន្លង​ជាមួយ​គាត់​ដែរ។ ជា​ញឹកញាប់ ក្មេង​ស្រី​រង​គ្រោះ តែង​តែ​មក​លេង​នៅ​ផ្ទះ​របស់​គាត់​ជាមួយ​ក្មេងៗ​ដទៃ​ទៀត។

ជនជាប់ចោទ​បន្តថា នៅ​ថ្ងៃកើតហេតុ​ទី ៧ ខែសីហា ឆ្នាំ ២០១៣ នោះ​នៅ​ផ្ទះ​របស់​គាត់ មាន​ក្មេង​រង​គ្រោះ រួម​ទាំង ចៅ របស់​គាត់​កំពុង​មើល​ទូរទស្សន៍ ហើយ​ពេល​នោះ គាត់​បាន​ប្រាប់​ឲ្យ​ចៅ​របស់​គាត់ បិទ​ទូរទស្សន៍ ហើយ​គាត់​ក៏​មិន​បាន​ចាប់​ក្មេង​រង​គ្រោះ​នោះ​ដែរ។

ជនជាប់ចោទ​ប្រាប់​ចៅក្រម​ថា៖ «ខ្ញុំ​ប្តឹង​សារទុក្ខ មក​តុលាការ​កំពូល​ពេលនេះ គឺ​ខ្ញុំ​មាន​បំណង​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ចំពោះ​ចម្លើយ ដែល​ខ្ញុំ​ឆ្លើយ​នៅ​ប៉ូលិស​ថា ខ្ញុំ​បាន​ធ្វើ​អំពើ​លើ​ក្មេង​ស្រី​រង​គ្រោះ​នោះ គឺ​ដោយសារ​គេ​សម្លុត​ខ្ញុំ»។

ទោះយ៉ាងណា លោកស្រី​ចៅក្រម គិ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រាប់​ទៅ​ជន​ជាប់​ចោទ​ថា៖ «ករណី​ដែល​លោក​ឆ្លើយ​ថា លោក​សារភាព ព្រោះ​តែ​ខ្លាច​នគរបាល​យុត្តិធម៌​សម្លុត​គំរាម​នោះ ហាក់​ដូចជា​មិន​ពិត​ទេ ដោយ​ហេតុ​ថា​លោក​មាន​វ័យ​ចំណាស់​នេះ​ទៅ​ហើយ សូម្បី​តែ​ប៉ូលិស​ឃើញ​វ័យ​របស់​លោក ក៏​គេ​មិន​ហ៊ាន​ប្រើ​ពាក្យ​ធ្ងន់​ដែរ។ ដូច្នេះ​លោក​មិន​អាច​ដោះ​សា​បែប​នេះ​បាន​ទេ»។

លោក ទិ​ត្យ ឡាយ មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ បាន​សន្និដ្ឋានថា តុលាការ​ជាន់​ទាប តែង​តែ​ដាក់​បន្ទុក​កូន​ក្តី​លោក​ដោយ​សំអាង​លើ​ចម្លើយ​សារ​ភាព​របស់​គាត់។ ក្មេង​រង​គ្រោះ​ម្តង​ថា កូន​ក្តី​លោក​បាន​រំលោភ​ទៅ​លើ​នាង ម្តង​ថា ទើប​តែ​បាន​ម្តង​ទេ ដែល​ចម្លើយ​នេះ គ្មាន​ភាព​ស៊ី​ចង្វាក់​គ្នា​បន្តិច​ឡើយ។ ម្យ៉ាង​លិខិត​កោសល្យ​វិច័យ គ្មាន​បញ្ជាក់​ថា ប្រដាប់​ភេទ​ក្មេង​រង​គ្រោះ​មាន​ស្នាម​រលាត់​ផង​ទេ។

លោក​ប្រាប់​ចៅក្រម​ថា ក្មេងរងគ្រោះ​ម្តង​ឆ្លើយថា កូនក្តី​លោក​រំលោភ​នាង​បាន ៥ ដង ម្តង​ឆ្លើយ​ថា ទើប​តែ​បាន​ម្តង​ទេ។ គាត់​ចាប់​រំលោភ​យ៉ាង​ម៉េច​កើត បើ​ពេល​នោះ ប្រពន្ធ​របស់​គាត់​នៅ​ក្នុង​ផ្ទះ​ដែរ​នោះ​ ហើយ​គាត់​មាន​វ័យ​ចំណាស់​នេះ​ទៅ​ហើយ​តើ​ប្រដាប់​ភេទ​របស់​គាត់​អាច​មាន​សមត្ថភាព​ទៅ​រួច​ទេ? សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឲ្យ​គាត់​រួច​ផុត​ពី​បទ​ចោទ និង​ដោះ​លែង​គាត់​វិញ​ផង»។

លោក​បាន​បន្តថា៖ «កូនក្តី​ខ្ញុំ អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ដល់ពេលនេះ បាន​ជាង ៥ ឆ្នាំ ហើយ ហើយ​វា​ក៏​ជិត​ផុត​ទណ្ឌកម្ម​ទោស ៧ ឆ្នាំ​ផង​ដែរ។ បើ​គាត់​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ គាត់​មិន​ប្តឹង​មក​តុលាការ​កំពូល​ទេ ប៉ុន្តែ​ដោយ​គាត់​ចង់​បាន​ភាព​ស្អាត​ស្អំ​របស់​គាត់ ទើប​គាត់​ប្តឹង​មក​តុលាការ​កំពូល​ដែល​យ៉ាង​ហោច​ណាស់ ក៏​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​របស់​គាត់​វិញ​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ភូមិ​គេ​យល់​ថា គាត់​ជា​មនុស្ស​អាក្រក់»។

លោក​ព្រះរាជអាជ្ញា ជុំ សំបាន តំណាង​មហាអយ្យការ សន្និដ្ឋានថា តាម​ការ​ពិនិត្យ​លើ​សំណុំ​រឿង​លោក​យល់​ឃើញ​ថា​ប្រការ​ដែល​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​នោះ គឺ​ឧទ្ធរណ៍​សំអាង​លើ​ការ​ឆ្លើយ​សារភាព​របស់​ជន​ជាប់​ចោទ នៅ​នគរបាល និង​នៅ​ចៅក្រម​ស៊ើបសួរ។

លោក​ថ្លែងថា៖ «ជនជាប់ចោទ បាន​ឆ្លើយថា ត្រូវ​ប៉ូលិស​សម្លុត គំរាម​គាត់ ចុះ​នៅ​ចៅក្រម​ស៊ើបសួរ ហេតុ​អ្វី​បាន​ជា​ជន​ជាប់​ចោទ​សារភាព​ទៀត។ ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល»។

ក្រោយ​ជំនុំជម្រះ​លោកស្រី ចៅក្រម គិ​ម ស​ត្ថា​វី បាន​ថ្លែង​នៅក្នុង​សវនាការ​ថា សាល​ដីកា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ៣០ មករា ខាង​មុខ៕