ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៦ ខែឧសភាបានកំពុងបន្តសាកសួរបុរសជនជាតិចិនចំនួន ២ នាក់ ពាក់ព័ន្ធនឹងរឿងជួញដូរគ្រឿងញៀនជាង ៧០ គីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១២ ខែឧសភា នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់នៅថ្ងៃទី ១៦ ខែឧសភាថា ជនសង្ស័យមាន ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ ឆ្នាំ និងម្នាក់ទៀតឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ ឆ្នាំ ពួកគេជាជនជាតិចិន។
លោក សុង ថ្លែងថា ពួកគេទាំង ២ នាក់កំពុងត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តសាកសួរនៅឡើយទេ រហូតដល់ថ្ងៃទី ១៦ ឧសភា។
លោកបញ្ជាក់ថា៖ «ជនសង្ស័យទាំង ២ នាក់នេះ គឺជាបក្ខពួកតែមួយជាមួយគ្នានឹងជនជាតិខ្មែរ និងជនជាតិវៀតណាមចំនួន ៥ នាក់ ដែលតុលាការខេត្តស្វាយរៀងឃុំខ្លួនពីអាទិត្យមុន»។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៦ ខែឧសភា បានឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ៥ នាទី កម្លាំងជំនាញចម្រុះបានសហការ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោកនៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅឋានជនសង្ស័យ ដោយបានឃាត់ខ្លួនបានមេខ្លោងជាឧក្រិដ្ឋជនគ្រឿងញៀនចំនួន ២ នាក់ដែលមានឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ ឆ្នាំ និងឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ ឆ្នាំ អ្នកទាំង ២ ជាជនជាតិចិន។
កម្លាំងចម្រុះរឹបអូសបានវត្ថុតាងសារធាតុញៀនមានចំនួន ៣ ប្រភេទដូចជា អ៊ិចស្តាស៊ី ហេរ៉ូអ៊ីន និងមេតំហ្វេតាមីនប្រមាណជាង ៧០ គីឡូក្រាម។
ដោយឡែកនៅតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ១២ ខែឧសភា បានសម្រេចចេញដីកាឃុំខ្លួនបុរសជាជនជាតិខ្មែរ ២ នាក់ និងបុរសជនជាតិវៀតណាម ៣ នាក់ក្នុងពន្ធនាគារខេត្ត បន្ទាប់ពីចាប់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តស្វាយរៀង ខេត្តកណ្តាល និងនៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននេះ។
ជនសង្ស័យទាំង ៥ នាក់ ជាក្រុមតែ ១ ជាមួយជនសង្ស័យបុរសចិន ២ នាក់ ខាងលើ ។ ពួកគេទាំង ៥ នាក់នេះត្រូវរងការចោទប្រកាន់នៅក្រោមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕