ភ្នំពេញៈ បុរសជាប់ចោទជួញដូរគ្រឿងញៀនម្នាក់ក្នុងចំណោម ២ នាក់បានទទូចសុំឲ្យតុលាការកំពូលបន្ថយទោសដល់ខ្លួនកាលពីម្សិលមិញ ខណៈពួកគេត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ១៣ ឆ្នាំ ពាក់ព័ន្ធជួញដូរគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ ១៩៨ ក្រាម។
ជនជាប់ចោទឈ្មោះ សិដ្ឋ សិត្យារី អវត្តមាននៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញ ខណៈជនជាប់ចោទឈ្មោះ ងួន បូរ៉ាមី ហៅ ម៉ូញ អាយុ ៣៧ ឆ្នាំដែលបានបង្ហាញខ្លួនក្នុងសវនាការបានឆ្លើយប្រាប់ចៅក្រមថា ពាក់ព័ន្ធនឹងសំណុំរឿងនេះគាត់មានបក្ខពួកម្នាក់ទៀតឈ្មោះ សិដ្ឋ សិត្យារី អាយុ ២៧ ឆ្នាំ ហើយអ្វីដែលពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការមកលើខ្លួនគាត់នោះ គាត់ព្រមទទួលយក។ ប៉ុន្តែមូលហេតុដែលគាត់មិនសុខចិត្ត និងប្តឹងចូលតុលាការកំពូលនោះគឺដោយសារគាត់មិនសុខចិត្តនឹងការផ្តន្ទាទោសចំនួន ១៣ ឆ្នាំរបស់សាលាឧទ្ធរណ៍។
ជនជាប់ចោទ ងួន បូរ៉ាមី ថ្លែងទៅកាន់ចៅក្រមថា៖ «ប៉ុន្តែតាំងពីនៅតុលាការទាំង ២ ថ្នាក់ខ្ញុំសារភាពថាខ្ញុំពិតជាបានជួញដូរគ្រឿងញៀនមែន ហើយខ្ញុំសុំតុលាការបន្ថយទោសដល់ខ្ញុំផង»។
ទោះយ៉ាងណាបើតាមកំណត់ហេតុរបស់តុលាការបង្ហាញថាកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ សមត្ថកិច្ចការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលផ្នែកផ្លូវច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញសមត្ថកិច្ចបានចុះបង្ក្រាបជនជួញដូរគ្រឿងញៀនបានចំនួន ២ នាក់នៅវេលាម៉ោង ៣ រសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងក្បែរវត្តនាគវ័ន សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ឈ្មោះ សិដ្ឋ សិត្យារី អាយុ ៣៧ ឆ្នាំហើយម្នាក់ទៀតឈ្មោះ ងួន បូរ៉ាមី អាយុ ២៧ ឆ្នាំ និងរឹបអូសបានវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនដែលមានទម្ងន់ ១៩៨ ក្រាម។
តាមចម្លើយរបស់ឈ្មោះ ងួន បូរ៉ាមី បានឆ្លើយប្រាប់សមត្ថកិច្ចក្រោយឃាត់ខ្លួនថា មុនសមត្ថកិច្ចឃាត់ខ្លួនគាត់មានបុរសម្នាក់ឈ្មោះ ភ័ក្រ បានណែនាំគាត់ឲ្យស្គាល់បុរសម្នាក់ឈ្មោះ ឡុង សុខនី ដើម្បីរកស៊ីជួញដូរថ្នាំញៀនជាមួយគ្នាដោយតម្រូវឲ្យគាត់ចេញដើមទុនចំនួន ២ ពាន់ដុល្លារអាមេរិកដើម្បីទិញថ្នាំញៀននៅខេត្តស្ទឹងត្រែង។ បន្ទាប់ពីនិយាយស្រុះស្រួលគ្នាហើយ គាត់ក៏យល់ព្រមហើយគាត់បានទិញថ្នាំញៀនពីឈ្មោះណាក់ពីខេត្តស្ទឹងត្រែងចំនួន ១ ខាំតម្លៃ ១៥០០ ដុល្លារ ប៉ុន្តែលុយវេរតាមវីងហើយឈ្មោះ ណាក់ បានផ្ញើគ្រឿងញៀនតាមរថយន្តតាក់ស៊ីដោយបង្កប់ក្នុងគ្រឿងសង្ហារិម។
ជនជាប់ចោទ ងួន បូរ៉ាមី ឆ្លើយក្នុងកំណត់ហេតុសមត្ថកិច្ចថា៖ «មុនសមត្ថកិច្ចចាប់ខ្ញុំគឺមានបុរសម្នាក់ឈ្មោះ ពៅ ទូរស័ព្ទឲ្យខ្ញុំយកគ្រឿងញៀនឲ្យគេហើយខ្ញុំទៅដល់ក្បែរវត្តនាគវ័ន ប៉ូលិសចាប់ខ្ញុំតែម្តង»។
ដោយឡែកតាមកំណត់ហេតុរបស់តុលាការគឺឈ្មោះ សិដ្ឋសិត្យារី បានបង្ហាញកាលពី ថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៦ ថាមានបុរសម្នាក់ឈ្មោះ ម៉ូញ (ជនជាប់ចោទខាងលើ) បានទូរស័ព្ទប្រាប់គាត់ថា មានម៉ូយចង់ទិញថ្នាំញៀនម៉ាទឹកកកចំនួន ២ ខាំហើយគាត់បានប្រាប់ឈ្មោះ ម៉ូញ ឲ្យមកទទួលយកថ្នាំញៀន និងយកលុយនៅផ្លូវត្រសក់ផ្អែមហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនគាត់តែម្តង។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៧ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៥ ឆ្នាំចោទពីបទជួញដូរគ្រឿងញៀនតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែពួកគេមិនសុខចិត្តបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ហើយត្រូវសាលាឧទ្ធរណ៍ប្រកាស សាលក្រមនៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៨ សម្រេចបន្ថយទោសម្នាក់ៗពី ១៥ ឆ្នាំមក ១៣ ឆ្នាំវិញ។
លោក យុង ផានិត ជាមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ងួន បូរ៉ាមី និងជនជាប់ចោទ សិដ្ឋ សិត្យារី បានសន្និដ្ឋានថា បើទោះជាកូនក្តីរបស់លោកសារភាពទទួលកំហុសក្តី ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកូនក្តីលោកមិនត្រឹមត្រូវទេ។ ព្រោះយោងតាមមាត្រា ៤០ នៅត្រង់កថាខណ្ឌ ២ ដែលកំណត់ពីបរិមាណនៃទម្ងន់គ្រឿងញៀនដែលក្នុងបរិមាណគ្រឿងញៀន១៩៨ក្រាមនេះគឺទោសរបស់ពួកគាត់ពី ៥ ទៅ ១០ ឆ្នាំទេ។ តែសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសកូនក្តីលោកម្នាក់ៗ ១៥ ឆ្នាំដែលមិនសមនឹងសមាមាត្រនៃគ្រឿងញៀន។
លោកថ្លែងថា៖ «ក្នុងនាមជាមេធាវី ខ្ញុំសូមតុលាការពិចារណា និងបន្ថយទោសដល់កូនក្តីខ្ញុំទាំង ២ នាក់»។
ដោយឡែកលោក អ៊ុក គឹមសិទ្ធ តំណាងមហាអយ្យការសន្និដ្ឋានថា ឆ្លងតាមការពិនិត្យអង្គហេតុបង្ហាញថា ជនជាប់ចោទឈ្មោះ ងួន បូរ៉ាមី បានឆ្លើយសារភាពនៅគ្រប់ដំណាក់កាលទាំងនៅនគរបាលយុត្តិធម៌ទាំងនៅចៅក្រមស៊ើបសួរហើយពេលជំនុំជម្រះក៏ជនជាប់ចោទរូបនេះសារភាពទៀត។
លោកថ្លែងថា៖ «ក្នុងរឿងនេះសូមក្រុមប្រឹក្សាពិចារណាហើយសាលាឧទ្ធរណ៍សម្រេចបន្ថយទោសពីម្នាក់ៗ ១៥ ឆ្នាំមក ១៣ ឆ្នាំនេះមានសំអាងហេតុត្រឹមត្រូវហើយ»។
ក្រោយជំនុំជម្រះលោក ស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះនឹងប្រកាសនៅថ្ងៃទី ៨ ខែមេសា ខាងមុខ៕