ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស​ ២ ​ឆ្នាំ​ ដល់​ស្ត្រី​ជាប់ចោទ​ម្នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​គប់​ស្បែកជើង​ដាក់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រព្រឹត្ត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ខែមេសា ឆ្នាំ ២០១៧​។


លោក ចៅក្រម គង់ ស្រ៊ីម បាន​អាន​សាលដីកា​នៅក្នុង​បន្ទប់​សវនាការ​ដោយ​កំបាំងមុខ​ជនជាប់ចោទ និង​មេធាវី​ក្នុង​សំណុំ​រឿងនេះ​។ ស្ត្រី​ជាប់ចោទ​ឈ្មោះ សំ សុខា និង មាន​មេធាវី​របស់​ជនជាប់ចោទ​ឈ្មោះ ឡោ ជុនធី​។ ស្ត្រី​ជាប់ចោទ​ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ​ចោទ​ ២ បទល្មើស​ដែល​ ១ ​បទ​ចោទ​ផ្តន្ទាទោស​ ២ ​ឆ្នាំ​ និង​ពិន័យ​ប្រាក់ ៥ ​លាន​រៀល​ ដូចគ្នា​កាលពី​ខែ​មករា ឆ្នាំ​ ២០១៨​។

លោក ចៅក្រម បាន​ថ្លែងថា​៖ «​តុលាការ​យល់ថា ការដែល​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ ២ ​ឆ្នាំ​ដល់​ស្ត្រី​ជាប់ចោទ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​»​។

លោក ឡោ ជុនធី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ស្ត្រី​ជាប់ចោទ​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​ស្នើសុំ​ឲ្យ​តុលាការ​កំពូល​ស្រូប​ទោស​ និង​ពិចារណា​ទម្លាក់​ចោល​ ១ ​បទ​ចោទ​ (​បទ​ចោទ​ប្រព្រឹត្ត​នៅ​ប្រទេស​ថៃ​) ​ទៅ​ព្រោះ​បទ​ចោទ​ ១ ​មុន​គាត់​បាន​អនុវត្ត​ទោស​ ២ ​ឆ្នាំ​ផុតកំណត់​ហើយ​។


លោក មេធាវី ថ្លែង​ថា​៖ «​ថ្ងៃ​ប្រកាស​សាលដីកា​ម្សិលមិញ​នេះ​តុលាការ​លើកឡើង​ថា​គ្មាន​គោលការណ៍​ពិចារណា​ស្រូប​ទោស​បានទេ​។ ឥឡូវ​មិនដឹងថា​ម៉េច​ដែរ បើ​តុលាការ​កំពូល​តម្កល់​ហើយ​នោះ​។ សំណុំរឿង​គាត់​សរុប​ចូល​គ្នា​​គឺ​ជាប់ទោស​ ៤ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ ១០ ​លាន​រៀល​»​។


សំណុំ​រឿងនេះ​ស្ត្រី​ជាប់ចោទ​ឈ្មោះ សំ សុខា អាយុ ៣៨ ឆ្នាំ​ជា​កម្មករ​កាត់ដេរ​មាន​លំនៅ​ភូមិ​ត្រស់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​ដោយ​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៧ បាន​យក​ស្បែកជើង​គប់​ទៅលើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រព្រឹត្ត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ​ក្រោយពី​បង្កហេតុ សមត្ថកិច្ច​នគរបាល​បាន​ស្វែងរក​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ហើយ​ស្ត្រី​ជាប់ចោទ​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ប្រទេស ​ថៃ​។

អំឡុងពេល​គេច​ខ្លួន​ក្នុងប្រទេស​ ថៃ ស្ត្រី​ជាប់​ចោទ​បាន​បង្ហោះ​សារ​ដែល​មានន័យ​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ក្រោយ​មក​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៨​។ ស្ត្រី​នេះ​ជាប់ចោទ​ពី​បទ​ជេរប្រមាថ​ជា​សាធារណៈ និង​បទញុះញង់​ឲ្យ​មាន​ការរើសអើង នាង​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ដដែល​៕