ព្រះវិហារៈ សាលាដំបូងខេត្តព្រះវិហារបានសម្រេចទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុងប្រឆាំងទៅនឹងជនជាតិដើមភាគតិចកួយចំនួន ៨ រូបនៅឃុំប្រមេរ ស្រុកត្បែងមានជ័យក្នុងរឿងក្តីជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសចិន ហេងហ្វូ (Hengfu) តាំងពីឆ្នាំ ២០១៤។
ការសម្រេចលើកចោលបទចោទលើជនជាតិដើមភាគតិចកួយទាំង ៨ រូបកាលពីថ្ងៃទី ៨ ខែកក្កដានេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារបានបិទបញ្ចប់នីតិវិធីស៊ើបអង្កេតកាលពីដើមឆ្នាំ ២០២០ និងបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ១០ ខែមិថុនា កន្លងទៅ។ បើតាមដីកាកោះរបស់តុលាការជនជាប់ចោទទាំង ៨ នាក់មានឈ្មោះ ប៉ាង សែវ, ផុន សុំ, ភូ ភេន, ណម ថុល, ហោ ធាន្នី, ថី ហឿម, យន់ សន និងលោក ស្រាល សុឃី ដែលត្រូវបានចោទប្រកាន់ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។
លោក សំ ទិត្យសីហា មេធាវីការពារក្តីឲ្យជនជាតិដើមភាគតិចទាំង ៨ នាក់ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការសម្រេចទម្លាក់ចោលបទចោទប្រកាន់មកលើកូនក្តីលោក គឺជារឿងត្រឹមត្រូវ ព្រោះពួកគាត់គឺជាជនរងគ្រោះ ស្អាតស្អំ គ្មានទោសអ្វីនោះទេ។
លោកបញ្ជាក់ថា៖ «ចំពោះការសម្រេចឲ្យកូនក្តីខ្ញុំ បានរួចពីការចោទប្រកាន់នេះ ខ្ញុំសាទរ និងមានការរីករាយមែនទែន ហើយស្នើសុំឲ្យខាងតុលាការ ទូទាំងរាជធានី-ខេត្តយកជាគំរូ ដើម្បីស្វែងរកការពិត ក្នុងករណីជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ និងអ្នកមានអំណាច និងក្រុមហ៊ុន»។
កាលពីឆ្នាំ ២០១៤ ប្រជាពលរដ្ឋរស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យជាច្រើននាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសចិន ហេងហ្វូបានរួមគ្នាហាមឃាត់គ្រឿងចក្រ ២ គ្រឿងរបស់ក្រុមហ៊ុនមិនឲ្យធ្វើការឈូសឆាយលើដីមានទំនាស់។ បន្ទាប់ពីហេតុការណ៍នេះ តុលាការខេត្តព្រះវិហារបានចោទប្រកាន់អ្នកភូមិចំនួន ១៦ នាក់ក្នុងនោះមានជនជាតិដើមភាគតិចកួយក្នុងឃុំប្រមេរចំនួន ១៤ នាក់ ដោយជាប់ចោទពីបទ «ចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់។ ចំណែកអតីតមន្ត្រីអង្គការពន្លកខ្មែរ ២ នាក់ ដែលជាប់ចោទពីបទ «សមគំនិត» ក្នុងសំណុំរឿងនេះតាមបណ្តឹងរបស់អ្នកបើកគ្រឿងចក្រឱ្យក្រុមហ៊ុនចិនចំនួន ២ នាក់ និង ពលរដ្ឋមួយចំនួនក៏ត្រូវបានតុលាការលើកលែងការចោទប្រកាន់។ នេះបើតាមលោក ឡោ ចាន់ មន្ត្រីសម្របសម្រួល Adhoc ប្រចាំខេត្តព្រះវិហារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញ។
លោក ឡោ ចាន់ បានថ្លែងថា វាជាដំណឹងមួយដែលល្អសម្រាប់ប្រជាសហគមន៍រួមទាំងពលរដ្ឋទាំង ៨ រូបនោះផងដែលត្រូវបានតុលាការលើកលែងការចោទប្រកាន់នូវរឿងរ៉ាវដែលអយុត្តិធម៌សម្រាប់ពួកគេ។
លោកថា៖ «យើងចាត់ទុកថាឆ្នាំ ២០២០ នេះជាលើកទី ១ ហើយដែលតុលាការខេត្តព្រះវិហារដែលលោកមានឆន្ទៈពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ជូនក្រុមពលរដ្ឋជនរងគ្រោះពិតប្រាកដ ហើយបានលើកលែងបទចោទទាំងអស់តែម្តង។ និយាយជារួមទៅ គឺពួកគាត់ជាជនរងគ្រោះដែលត្រូវតែទទួលបានការសម្រេចយ៉ាងដូច្នេះ»៕