រតនគិរីៈ តុលាការគ្រោងកោះហៅនាយនគរបាលប៉ុស្តិ៍ការពារព្រំដែនម្នាក់ ប្រចាំប៉ុស្តិ៍ភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ មកសាកសួរនាសប្តាហ៍ក្រោយ ជុំវិញសំណុំរឿងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ ១៥ ឆ្នាំ។ នេះបើតាមមន្ត្រីនាំពាក្យតុលាការខេត្តរតនគិរីកាលពីថ្ងៃទី ១២ មករា។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យតុលាការខេត្តរតនគិរី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃចន្ទថា យោងតាមសំណុំរឿងដែលត្រូវបានកម្លាំងនគរបាលការិយាល័យបង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនមកដល់ដៃតុលាការកាលពីថ្ងៃទី ៦ មករា ជនជាប់ចោទមានឈ្មោះ ទួន មេសា មានតួនាទីនាយនគរបាលប៉ុស្តិ៍ភូមិភិៈ។
តាមការរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់កុមារីរងគ្រោះចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ គឺជនជាប់ចោទនៅព្រលប់ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២០ បានទូរស័ព្ទបបួលនាងទៅញ៉ាំអាហារពេលល្ងាចនៅហាងម្លិៈ ៧៧។ នៅពេលនោះនាង និងម្ដាយមីងរបស់នាងឈ្មោះ ស្រី នាង ក៏បានជិះម៉ូតូឌុបគ្នាទៅហាងនោះតាមការណាត់។
លុះដល់ម៉ោងជាង ៩ យប់ ក្រោយពីបរិភោគអាហារពេលល្ងាចរួច ជនជាប់ចោទក៏បបួលកុមារីរងគ្រោះទៅហូបបង្អែម ដោយប្រាប់ស្ត្រីជាម្ដាយមីងឱ្យជិះម៉ូតូត្រឡប់ផ្ទះមុន ដោយធានាដឹកក្មេងស្រីរងគ្រោះទៅផ្ទះវិញដោយសុវត្ថិភាព។ ប៉ុន្តែជនជាប់ចោទមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមនោះឡើយបែរជាដឹកក្មេងស្រីរងគ្រោះទៅកាន់ផ្ទះសំណាក់ ១ កន្លែងនៅក្រុងបានលុង ហើយធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះ ដើម្បីរួមភេទរហូតបានសម្រេចតែម្តង។
លោក ពិសុទ្ធ ថ្លែងថា៖ «នៅពេលនេះ តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី កំពុងត្រួតពិនិត្យ និងគ្រោងកោះហៅជនជាប់ចោទឱ្យចូលមកឆ្លើយបំភ្លឺជុំវិញបទចោទប្រកាន់របស់កុមារីរងគ្រោះ»។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការកោះហៅជនជាប់ចោទនោះទេ ដោយគ្រាន់តែបង្ហើបថា អាចកោះហៅមកសួរ នាសប្តាហ៍ក្រោយ។
ទោះយ៉ាងណាកាលពីម្សិលមិញលោក ទួន មេសា បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយលោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅពេលនេះលោកកំពុងជាប់បំពេញការងារការពារសន្តិសុខសុវត្ថិភាព តាមជួរបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម គ្មានពេលចាប់អារម្មណ៍ចំពោះបណ្ដឹងចោទប្រកាន់នេះទេ។
លោកថ្លែងថា៖ «ខ្ញុំគ្មានបារម្ភអ្វីនោះទេចំពោះករណីនេះ ព្រោះខ្ញុំមិនបានប្រព្រឹត្ត។ ខ្ញុំនឹងចូលទៅឆ្លើយបំភ្លឺចំពោះមុខតុលាការ ប្រសិនបើតុលាការចេញដីកាកោះហៅរូបខ្ញុំ»។
ប៉ុន្តែបើតាមមន្ត្រីនគរបាលមូលដ្ឋានម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា ករណីនេះគឺជាការពិត។ ព្រោះក្រោយពីកើតមានករណីប្ដឹងចោទប្រកាន់ពីក្មេងស្រីរងគ្រោះមានមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បានចេញមុខជួយសម្របសម្រួល រកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីជួយដល់ភាគីជនជាប់ចោទដែលជាមន្ត្រីនគរបាលដូចគ្នា។
ក្នុងការសម្របសម្រួលនោះ ភាគីជនជាប់ចោទបានសម្រេចផ្ដល់សំណងជំងឺចិត្តចំនួន ៦ លានរៀលដល់ក្រុមគ្រួសារកុមារីរងគ្រោះ ដើម្បីបញ្ចប់បញ្ហា។ ក្រោយពីទទួលលុយពីភាគីជនជាប់ចោទ កុមារីរងគ្រោះបានសម្រេចចិត្តទៅស្នើសុំដកពាក្យបណ្ដឹងពីមន្ត្រីនគរបាលជំនាញវិញ ដោយអះអាងថា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងគ្រួសាររបស់នាង។
ជាមួយគ្នានេះលោកស្រីកែវ ដាវី ស្នងការរងទទួលបន្ទុកផ្នែកបង្ក្រាបការជួញដូរមនុស្ស និង ការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា កុមារីរងគ្រោះបានព្យាយាមមកសុំដកពាក្យបណ្ដឹងវិញចំនួន ៣ លើក ប៉ុន្តែមិនបានប្រាប់ពីមូលហេតុនោះទេ។
លោកស្រីបញ្ជាក់ថា៖ «យើងមិនដឹងពីមូលហេតុដែលនាំឱ្យនាងមកទទូចសុំដកពាក្យបណ្ដឹងវិញនោះទេ។ យើងបានបញ្ជូនសំណុំរឿងទៅកាន់អយ្យការ ដើម្បីចំណាត់ការបន្តតាមនីតិវិធីរួចហើយ»។
ករណីនេះលោក យិន ចំណាន ស្នងការខេត្តរតនគិរីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ឥឡូវនេះសំណុំរឿងដល់ដៃតុលាការហើយ។ រឿងហេតុយ៉ាងណានោះ ទុកឱ្យតុលាការជាអ្នកដោះស្រាយចុះ ព្រោះវាហួសដែនសមត្ថកិច្ចរបស់ខ្ញុំហើយ»៕