ភ្នំពេញៈ បន្ទាប់ពី​ជាប់ឃុំ​អស់​រយៈពេល​ជិត​ ៥ ​ឆ្នាំ​ លោក ថោង សារ៉ាត់ និង​បក្ខពួក​ ៣ ​នាក់​ទៀត​ ដែល​ជាប់​ចោទ​ពី​បទ​ឃាតកម្ម​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពី​អំឡុង​ឆ្នាំ​ ២០១៤ ​នោះ​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​បានដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហ្បតិ៍​។


សេចក្ដី​ប្រកាស​បាន​សរសេរថា ជនជាប់ចោទ​ឈ្មោះ ថោង សារ៉ាត់​, កួយ ចាន់ថុល​, មាស សម្បត្តិ និង​ឈ្មោះ ឃុន ចិត្រា ត្រូវបាន​ដោះលែង​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ក្រោម​លក្ខខណ្ឌ​ ៤ ​ចំណុច ​រួមមាន​ជនជាប់ចោទ​មិន​ត្រូវ​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​មាន​ការអនុញ្ញាត​ពី​តុលាការ ហាម​ផ្លាស់ប្តូរ​លំនៅឋាន​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ទី​ ១ ​រៀងរាល់ខែ និង​ត្រូវ​ចូល​បង្ហាញខ្លួន​តាម​ការ​កោះហៅ​របស់​​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​​ ៤ ​នាក់​នោះ ក៏មាន​ជនជាប់ចោទ​ដែល​មាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល​ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផងដែរ​»​។ ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែប​នេះ​ដោយ​ផ្អែក​ទៅ​លើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា​ ២០៣ មាត្រា ២០៥ មាត្រា​ ២២០ មាត្រា​ ២២៣ មាត្រា​ ២២៦ មាត្រា ​៣០៧ មាត្រា ៣៨៧ មាត្រា​ ៣៩៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាន​ពន្យល់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាន​ជំនុំជម្រះ​លើ​សំណុំ​រឿង​របស់​ពួកគេ​អស់​រយៈពេល​ ៥ ​លើក​។ តាមរយៈ​សវនាការ​ទាំង​ ៥ ​លើក​កន្លង​មក​នេះ និង​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការសួរ​តទល់​នាពេល​សវនាការ និង​ភ័ស្តុតាង​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ថា មាន​ភាពចាំបាច់​ត្រូវ​ធ្វើ​ការអង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌​នៃ​សំណុំរឿង និង​បាន​សម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុង​អំឡុងពេល​នៃ​កិច្ចស៊ើបអង្កេត​នេះ​មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ ៤ ​រូប​បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មាន​ការបញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង​។


សេចក្ដី​ប្រកាស​ដដែល​នោះ​បាន​បន្តថា​៖ «​ការបើក​ការស៊ើបសួរ​បន្ថែម​អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដោយសារ​សំណុំ​រឿងនេះ​មាន​លក្ខណៈ​ស្មុគស្មាញ ព្រម​ជាមួយ​គ្នា​នេះ​កម្រិត​នៃ​ភ័ស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បាន​ដាក់​ពាក្យសុំ​នៅ​មាន​កម្រិត ហើយ​ក្រុមប្រឹក្សា​យល់​ថា ការ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំមាន​តម្រុយ​ភ័ស្តុតាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​តាម​មាត្រា ២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទេ​»​។


សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ មាន​ជនជាប់ចោទ​ ៦ ​នាក់​ដែល​ក្នុងនោះ​លោក ថោង សារ៉ាត់ ត្រូវបាន​ជាប់​ចាទ​ពី​បទ​ «​ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា​ ២៨ មាត្រា​ ២០០ នៃ​ក្រមព្រហ្មទណ្ឌ ខណៈ​អង្គរក្ស​របស់​គាត់​ម្នាក់​ឈ្មោះ​ សៀង វាសនា ដែល​ជា​អ្នកដៃដល់​ប្រើ​កាំភ្លើង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបាន​ជាប់ចោទ​ពីបទ «​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​» ​តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​មនុស្ស​ ៤ ​នាក់​ទៀត​ ដែល​រួមមាន​ឈ្មោះ លី សៅ​, កួយ ចាន់ថុល​, មាស សម្បត្តិ និង​ឈ្មោះ ឃុន ចិត្រា ត្រូវបាន​ជាប់ចោទ​ពី​បទ​​ «​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​» តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

​រយៈពេល​ជិត​ ៣ ​ឆ្នាំ​ បន្ទាប់ពី​ជន​ជាប់ចោទ​ឈ្មោះ លី សៅ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត ដោយសារ​តែ​បញ្ហា​សុខភាព​នៅ​ថ្ងៃទី​ ២៦ ខែ​ មិនា ឆ្នាំ​ ២០១៩ កន្លង​ទៅ​នេះ​ក្រោយពី​ការបើក​សវនាការ​សួរ​ដេញដោល​ជាច្រើន​លើក​ច្រើនសា​រួចមក សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ថោង សារ៉ាត់​, សៀង វាសនា​, កួយ ចាន់ថុល​, មាស សម្បត្តិ និង​ឈ្មោះ ឃុន ចិត្រា ដាក់ពន្ធនាគារ​អស់​ ១ ​ជីវិត​។

លោក ទូច ថារិទ្ធ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ដែល​ជា​ជនដៃដល់​ក្នុង​អំពើ​បាញ់ប្រហារ​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ មិន​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នោះទេ ដោយសារ​មេធាវី​ការពារ​ជនជាប់ចោទ​ខាង​លើ​នេះ​ពុំបាន​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​លាយលក្ខណ៍អក្សរ​មក​កាន់​សាលាឧទ្ធរណ៍​។

លោក​ ថារិទ្ធ បានបញ្ជាក់​៖ «​តុលាការ​សាលាឧទ្ធរណ៍ មិន​បាន​លើកយក​ករណី​របស់​ជនជាប់ចោទ​ឈ្មោះ សៀង វាសនា មក​ពិចារណា​នោះទេ ដោយសារ​មេធាវី​ការពារ​ជនជាប់ចោទ​រូបនេះ​មិន​បាន​ដាក់​សំណើសុំ​នៅ​ក្រៅ​ឃុំ​ជា​លាយលក្ខណ៍​អក្សរ​មក​សាលាឧទ្ធរណ៍​។ ម្យ៉ាងទៀត ជន​ជាប់ចោទ​រូបនេះ​បាន​សារភាព​នៅ​ចំពោះមុខ​តុលាការ​ថា ខ្លួន​គឺ​ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ អ៊ឹង ម៉េងជឺ​ ប្រាកដ​មែន​»​។

មេធាវី​ការពារ​ជនជាប់ចោទ ថោង សារ៉ាត់ គឺ​លោក ទួត លុច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅពេល​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​កូនក្ដី​របស់​លោក​។ គាត់​គឺជា​ជនរងគ្រោះ​ដោយសារ​ការ​ទម្លាក់កំហុស​របស់​ជន​ជាប់ចោទ​ឈ្មោះ សៀង វាសនា ដែល​ជា​ជនដៃដល់​ក្នុង​អំពើ​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ​។

លោក​ លុច ថ្លែង​ថា​៖ «​ការសម្រេច​របស់​សាលាឧទ្ធរណ៍​នៅពេល​នេះ​ជា​ជំហាន​មួយ​នៃ​ការចាប់ផ្ដើម​ផ្ដល់​ភាពយុត្តិធម៌​សម្រាប់​កូនក្ដី​របស់ខ្ញុំ​»​។

នៅពេល​សួរថា តើ​ស្ថាប័ន​តុលាការ​មាន​ការប៉ះប៉ូវ​ការខូចខាត​យ៉ាង​ដូចម្ដេច នៅពេល​ដំណើរការ​ស៊ើបអង្កេត​ទៅ​ថ្ងៃមុខ​នៅ​រក​មិនឃើញ​តម្រុយ ឬ​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញថា កូនក្ដី​របស់​លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​? លោក​លុច​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖ «​យុត្តិធម៌ គឺ​តុលាការ​ត្រូវតែ​ដោះលែង​កូនក្ដី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​»​។

លោក លី ច័ន្ទតុលា មេធាវី​មកពី​ស្ថាប័ន​មេធាវី អេសវីភី បាន​ឲ្យ​ដឹងថា ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ពុំមាន​មាត្រា​ណាមួយ​ចែង​អំពី​ការ​ប៉ះប៉ូវ​មកវិញ​ចំពោះ​ជន​ត្រូវចោទ​ដែល​ត្រូវបាន​ផ្ដន្ទាទោស ដោយ​ការសម្រេច​មាន​ភាពឆ្គាំឆ្គង​របស់​ចៅក្រម​នោះទេ​៕