ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្អាកសវនាការជំនុំជម្រះសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» លើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិតាមការស្នើសុំរបស់ភាគីសហមេធាវីទាំងសងខាង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះកាលពីថ្ងៃអង្គារបានសម្រេចយល់ព្រមពន្យារពេលដំណើរការជំនុំជម្រះសំណុំរឿងលោក កឹម សុខា តាមការស្នើសុំរបស់សហមេធាវីតំណាងរដ្ឋាភិបាល និងសហមេធាវីការពារក្ដីលោក កឹម សុខា។ យោងតាមចំណាររបស់លោកនៅលើពាក្យស្នើសុំពន្យារពេលលោក កូយ សៅ សរសេរថា៖ «ឯកភាពតាមពាក្យសុំដោយឲ្យពន្យារពេលរហូតដល់មានការជូនដំណឹងអំពីកាលបរិច្ឆេទថ្ងៃសវនាការជាថ្មី»។
ពាក្យស្នើសុំពន្យាររបស់សហមេធាវីរដ្ឋាភិបាលបានសរសេរថា៖ «ដោយពេលបច្ចុប្បន្ននេះគឺកំពុងស្ថិតនៅក្នុងស្ថានភាពផ្ទុះជំងឺរាលដាល កូវីដ ១៩ (ជាជំងឺកាចសាហាវ និងមានភាពងាយស្រួលក្នុងការឆ្លង) រាជរដ្ឋាភិបាល និងបណ្ដាប្រទេសនៅទូទាំងសកលលោកកំពុងរួមគ្នាយ៉ាងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះដោយក្នុងនោះមានការដាក់បម្រាមហាមមិនឲ្យមានការជួបជុំគ្នាច្រើន ហើយម្យ៉ាងទៀតនៅក្នុងបន្ទប់សវនាការគឺមានភាពតូចចង្អៀតដែលមិនអាចអង្គុយក្នុងចម្ងាយ ២ ម៉ែត្រដូចតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ»។
ពាក្យស្នើសុំបន្តថា៖ «ដូច្នេះដើម្បីចៀសវាងក្នុងការឆ្លង និងដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍កូនក្ដីយើងខ្ញុំ សូមលោកប្រធានមេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការពន្យារពេលសវនាការក្នុងសំណុំរឿងខាងលើទៅថ្ងៃក្រោយសិន»។
ចំណែកលិខិតស្នើសុំរបស់សហមេធាវីលោក កឹម សុខា ក៏បានលើកឡើងពីមូលហេតុស្រដៀងគ្នានេះដែរ ដោយស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ តាមរយៈការលើកពេលសវនាការទៅថ្ងៃក្រោយ។
សំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ដែលចោទលើលោក កឹម សុខា បានដំណើរការជំនុំជម្រះអស់ជាច្រើនសប្ដាហ៍មកហើយគិតចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ មក។ នៅថ្ងៃសវនាការចុងក្រោយកាលពីថ្ងៃទី ១២ ខែមីនាសវនាការបានផ្អាកនៅពេលសួរដេញដោលបានឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិដោយតុលាការគ្រោងនឹងបន្តនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
លោក កឹម សុខា បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារ ដោយថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមានចិត្តសប្បុរសធម៌ធ្វើវិភាគទានថវិកាផ្ទាល់ខ្លួនសរុបចំនួន ៥០០០ ដុល្លារអាមេរិកតាមរយៈរូបលោក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។
លោកសរសេរថា៖ «ព្រឹកមិញនេះខ្ញុំបានប្រគល់ថវិកាសប្បុរសធម៌នេះជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ រួចហើយ។ ខ្ញុំសូមកោតសរសើរនូវសន្តានចិត្តចែករំលែក អាណិត ស្រឡាញ់ខ្មែរដូចគ្នាក្នុងគ្រាអាសន្ននេះទោះបីបងប្អូនក៏កំពុងជួបការលំបាករៀងៗខ្លួនពេលនេះផងដែរក៏ដោយ»។
កាលពីថ្ងៃចន្ទលោក កឹម សុខា ក៏បានថ្លែងតាមហ្វេសប៊ុករបស់លោកអំពីជំងឺនេះដោយលោកអំពាវនាវជាច្រើនចំណុចរួមទាំងស្នើឲ្យជួយលើកទឹកចិត្ត និងកោតសរសើរដល់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ។
លោកក៏បានស្នើដែរថា៖ «សូមកុំបំភ្លៃ កុំបំប៉ោងព័ត៌មាន និងក៏កុំលាក់បាំងព័ត៌មានពិត។ សូមកុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នាឲ្យសោះ»៕