កំពង់ឆ្នាំងៈ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកំពុងសាកសួរអតីតចៅអធិការវត្តស្តីទី ១ អង្គកាលពីម្សិលមិញ បន្ទាប់ពីចាប់បញ្ជូនពីខេត្តស្វាយរៀងពាក់ព័ន្ធការរំលោភសេពសន្ថវៈកូននេន ៤ អង្គប្រព្រឹត្តនៅវត្តអង្គសិរីសុវណ្ណក្នុងឃុំ-ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងអំឡុងខែធ្នូ ឆ្នាំមុនរួចគេចខ្លួនទៅទីនោះ។
លោក ស្រី សុដា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំងបានប្រាប់ពីម្សិលមិញថា ជនសង្ស័យជាអតីតចៅអធិការវត្តស្តីទីឈ្មោះ អ៊ន ឆៃរ៉ាក់ អាយុ ២៨ ឆ្នាំ ត្រូវបានមន្ត្រីជំនាញរបស់លោកបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងពីម្សិលមិញ ហើយបន្ទាប់មកព្រះរាជអាជ្ញាសាកសួរបន្ត។
លោកថា ជនសង្ស័យត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងចេញដីកាបង្គាប់ឱ្យចូលខ្លួនថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ដើម្បីសាកសួរជុំវិញអំពើរំលោភសេពសន្ថវៈតាមបណ្តឹងរបស់ឪពុកម្តាយរបស់កូននេនៗ។ ប៉ុន្តែប្រហែលជាជនសង្ស័យដឹងខ្លួនក៏រត់ចេញពីវត្តទាំងនៅជាសង្ឃ។ ការចាប់ខ្លួនជនសង្ស័យនេះគឺសមត្ថកិច្ចលោកគ្រាន់តែអនុវត្តតាមដីការបស់តុលាការប៉ុណ្ណោះ។
លោកថ្លែងថា៖ «ករណីជនសង្ស័យម្នាក់នេះខាងខ្ញុំមិនបានសាកសួរអីវែងឆ្ងាយទេព្រោះអីខ្ញុំចាប់តាមដីកាតុលាការ។ ដូច្នេះក្រោយចាប់បានជនសង្ស័យភ្លាមគឺខ្ញុំប្រគល់ជនសង្ស័យទៅឱ្យតុលាការតែម្តង»។
យ៉ាងណាក្ដី លោក ស្រី សុដា បានប្រាប់ពីដំណើររឿងថា ជនសង្ស័យមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែជនសង្ស័យបានបួសរៀនសូត្រនៅវត្តអង្គសិរីសុវណ្ណក្នុងឃុំ-ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរហូតបានក្លាយជាចៅអធិការវត្តស្តីទី។
លោកបន្តថា ការអាស្រ័យនៅក្នុងវត្តខណៈខ្លួនត្រូវបានមេគណស្រុករលាប្អៀរក៏ដូចជា មេគណខេត្តកំពង់ឆ្នាំងប្រគល់តួនាទីជាចៅអធិការវត្តស្តីទីគឺជនសង្ស័យបានរំលោភសេពសន្ថវៈកូននេនពី ៤ ទៅ ៥ អង្គ។ ចំពោះកូននេនដែលត្រូវជនសង្ស័យរំលោភនោះគឺមានអាយុចាប់ពី ១៣ រហូតដល់ ១៧ ឆ្នាំ ហើយសុទ្ធតែត្រូវជនសង្ស័យប្រព្រឹត្តតាមរន្ធគូទ។
លោកបន្តទៀតថា បន្ទាប់ពីដឹងថាត្រូវឪពុកម្តាយនេនៗប្តឹងជនសង្ស័យបានលួចសឹកហើយរត់ចេញពីវត្តទៅខេត្តបន្ទាយមានជ័យ។ បន្ទាប់មកបានបន្តទៅបួសនៅវត្តខ្លូតហៅវត្តច្រេសក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀងវិញ។
ក៏ប៉ុន្តែបើតាមលោកស្រី សុដា ជនសង្ស័យត្រូវបាននគរបាលឃុំច្រេសស្រុកចន្ទ្រាឃាត់ខ្លួននៅថ្ងៃទី ១១ មករា ឆ្នាំ ២០២១ ហើយត្រូវបានមេគណស្រុកចន្ទ្រាចាប់ផ្សឹកនៅថ្ងៃដដែលនោះ។
បន្ទាប់ពីផ្សឹករួច នគរបាលខេត្តស្វាយរៀងសាកសួរ និងបញ្ជូនមកឱ្យសមត្ថកិច្ចលោកតែម្តង។
ចំណែកលោក ប្រាក់ ចិត្ត នាយនគរបាលប៉ុស្តិ៍រដ្ឋបាលច្រេស ប្រាប់ថា ការឃាត់ខ្លួននេះគឺបន្ទាប់ពីលោកបានទទួលបញ្ជាពីស្នងការនគរបាលខេត្តស្វាយរៀង។
លោកថា៖ «ជុំវិញព័ត៌មានលម្អិតពាក់ព័ន្ធជនសង្ស័យយ៉ាងណានោះគឺខ្ញុំមិនដឹងអីទេ ព្រោះខ្ញុំអនុវត្ត និងសហការក្នុងនាមសមត្ថកិច្ចមូលដ្ឋានប៉ុណ្ណោះ»៕