ភ្នំពេញៈ មួយ​ថ្ងៃ​បន្ទាប់ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ​រិះគន់​ថា​ពលរដ្ឋ​កម្ពុជា​មួយ​ផ្នែក​ធំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​តំណាង​របស់​ខ្លួន​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ជាតិ​នោះ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​បាន​ប្រតិកម្ម​ដោយ​ថា ការចោទ​ប្រកាន់​របស់​ OHCHR​ ​គឺ​គ្មាន​មូលដ្ឋាន ខណៈ​ការបោះឆ្នោត​ជា​ «​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា​»​។


កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) លោកស្រី Ravina Shamdasani បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា ប្រជាជន​កម្ពុជា​មួយ​ផ្នែក​ធំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​តំណាង​របស់​ខ្លួន​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជាតិ​កាលពី​ចុង​ខែ​កក្កដា​។

សេចក្ដី​ថ្លែងការណ៍​ដដែល​ថា​ដំណើរការ​មុន​ការបោះឆ្នោត​មាន​ការ​បំភិតបំភ័យ ការទិញ​សន្លឹកឆ្នោត ការដាក់​កំហិត​លើ​អង្គការ​សង្គម​ស៊ីវិល ហើយ​គេហទំព័រ​ ១៧ ​ត្រូវ​បាន​បិទ​នៅ​ជុំវិញ​ថ្ងៃ​បោះឆ្នោត ហើយ​ចំណាត់ការ​ផ្លូវ​ច្បាប់​ត្រូវ​បាន​ធ្វើ​លើ​អ្នក​អំពាវនាវ​ ឬ​បង្ហាញ​ការធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​។

លោកស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​សម្រាប់​ការពិភាក្សា​នយោបាយ​ដោយ​ចំហ និង​មាន​លក្ខណៈ​រួមបញ្ចូល​ដែល​អនុញ្ញាត​ឲ្យ​សំឡេង​​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​បាន​ឮ​។

លោកស្រី​ថា​៖ «​យើង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​គូបដិបក្ខ​នយោបាយ អ្នកកាសែត អ្នក​ការពារ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយសារ​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ពួកគេ ជាពិសេស​សិទ្ធិ​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ​»​។


លោកស្រី​ថា​៖ «​ការគោរព​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​រស់រវើក​ដែល​ឲ្យ​មាន​លំហ​សម្រាប់​ពិភាក្សា​បញ្ហា​ស្មុគស្មាញ និង​ចម្រូងចម្រាស​​គឺជា​គ្រឿង​សំខាន់ ប្រសិន​បើ​ចង់​បញ្ចៀស​ជម្លោះ​ដូច​អតីតកាល​ និង​ប្រសិន​បើ​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព និង​ចីរភាព​»​។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​ ២៩ ​ខែ​កក្កដា ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាសនៈ​ទាំងអស់​ ១២៥ ​ក្នុង​រដ្ឋសភា​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដ៏ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ឈ្នះ​អាសនៈ​ ៥៥ ​ក្នុង​ចំណោម​អាសនៈ​សភា​ ១២៣ ​ក្នុង​ឆ្នាំ​ ២០១៣ ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​មុន ខណៈ​​លោក កឹម សុខា មេដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ក្បត់ជាតិ​ហើយ​សមាជិក​បក្ស​ ១១៨ ​នាក់​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​។

យ៉ាង​ណា​ក្ដី​មួយ​ថ្ងៃ​ក្រោយ​មក​ស្ថាប័ន​បេសកកម្ម​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ (UN) ​បាន​ចេញ​សេចក្ដី​ប្រកាស​ប្រតិកម្ម​ដោយ​ថ្លែង​ថា ការចោទប្រកាន់​របស់​ OHCHR ​គឺ​គ្មាន​មូលដ្ឋាន និង​ថា​ការបោះឆ្នោត​ខែ​កក្កដា​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ «​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា​»​។

សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា​៖ «​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់ ដំណើរការ​រលូន និង​ការ​មិន​មាន​ហិង្សា​មុន​ក្នុង​អំឡុងពេល និង​បន្ទាប់ពី​ថ្ងៃ​បោះឆ្នោត​បង្ហាញ​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​បាន​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ និង​រីកដុះដាល​ទូលំទូលាយ​ក្នុង​សង្គម​កម្ពុជា​ដែល OHCHR គួរតែ​អបអរ និង​សរសើរ​ ឬ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​»​។

ដោយ​សំដៅ​ទៅ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថាន​បេសកកម្ម​នេះ​ថា ការ​អវត្តមាន​គណបក្ស​តែ​មួយ OHCHR​មើល​ឃើញ​បរិយាកាស​ការបោះឆ្នោត​កម្ពុជា​តែ​ចំណុច​អាក្រក់ និង​បន្ទាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ចំនួន​ ២០ ព្រម​ទាំង​ចំណេះដឹង​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា​។

ឆ្លើយតប​នឹង​ការអំពាវនាវ​ឲ្យ​មាន​ការ​ជជែក​នយោបាយ ស្ថាន​បេសកកម្ម​នេះ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​បាន​បង្កើត​វេទិកា​សន្ទនា​សម្រាប់​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​សំដៅ​ទៅ​លើ​ការប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​មុន​ដែល​លោក​ថា​នឹង​ប្រឹក្សា​យោបល់​ជាមួយ​គណបក្ស​ទាំងអស់​។

ដោយ​ការពារ​ចំណាត់ការ​ផ្លូវច្បាប់​របស់​កម្ពុជា​ទៅលើ​អ្នកកាសែត អ្នក​នយោបាយ និង​អ្នកការពារ​សិទ្ធិមនុស្ស ស្ថាន​បេសកកម្ម​នេះ​បាន​ថ្លែង​ថា ការអំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ​ «​គឺ​មិន​ខុស​ពី​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជ្រៀតជ្រែក​ទៅ​ក្នុង​សមត្ថកិច្ច​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​»​ឡើយ​៕ PS