ភ្នំពេញៈ តំណាងរាស្ត្រ​ម្នាក់​បាន​លើកឡើង​ពី​ផលប្រយោជន៍​នៃ​ការបង្កើត​ច្បាប់ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ​ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការការពារ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នានា ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ ពង្រឹង​ការការពារ​ធនធាន​ធម្មជាតិ ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​លឿន​យុត្តិធម៌​ និង​តម្លាភាព​។


ក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ កាលពី​ថ្ងៃទី​ ២៧ ខែតុលា លោក តាក វណ្ណថា តំណាងរាស្ត្រ​មណ្ឌល​ព្រះសីហនុ និង​ជា​សមាជិក​គណៈកម្មការ​ទី​ ៩ នៃ​រដ្ឋសភា ថ្លែង​ថា ខ្លឹមសារ​នៅក្នុង​សេចក្តីព្រាង និង​វិសោធនកម្ម​ច្បាប់​ទាំងនោះ​គឺ​បានផ្តល់​វិមជ្ឈការ និង​វិសហមជ្ឈការ​លើ​ការងារ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ លើក​កម្ពស់​ការចូលរួម​របស់​សាធារណជន ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​ថ្លែងថា​៖ «​ការលើកកម្ពស់​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ គឺ​ធ្វើ​តាមរយៈ​ការបំពេញ​តួនាទី​ភារកិច្ច​ស្នូល​សំខាន់​ ៣ ​គឺ​តួនាទី​នីតិកម្ម តួនាទី​នៃ​រដ្ឋសភា និង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត ក៏ដូចជា​តាមរយៈ​ការទទួល​ពាក្យបណ្តឹង ការចុះ​សិក្សា​ស្រាវជ្រាវ​ និង​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់​នៅតាម​បណ្តា​មូលដ្ឋាន និង​ការធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ និង​ដោះស្រាយ​»​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កត់សម្គាល់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ធ្វើ​ការងារ​សកម្ម​ក្នុង​ការឆ្លើយតប​ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ច្រើន​ប៉ុន្តែ​នៅមាន​បញ្ហា​មួយចំនួន​មិនទាន់​បាន​ដោះស្រាយ​សម្រាប់​សហគមន៍​មួយចំនួន​ដូចជា សហគមន៍​ជនជាតិដើម​ភាគតិច សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​ផងដែរ​។


«​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ស្នើឱ្យ​មាន​ការពន្លឿន​បន្ថែម និង​ពង្រីក​ឱ្យបាន​ធំ​ទាក់ទង​ការចុះបញ្ជី​ដី​សមូហភាព សហគមន៍​ជនជាតិដើម​ភាគតិច​បច្ចុប្បន្ន​មាន​ ៥០១ ​សហគមន៍ ហើយ​មាន​ ១៥០ ទទួល​ស្គាល់​អត្តសញ្ញាណ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ ១៥០ ​ទៀត​ទទួលស្គាល់​ជា​នីតិបុគ្គល​ដោយ​ក្រសួងមហាផ្ទៃ​ និង​មាន​ ៣០ ​សហគមន៍​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ជា​ផ្លូវការ​ពី​ក្រសួង​ដែនដី​»​។


បើតាម​លោក វណ្ណារ៉ា សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​ក៏​បាន​សំណូមពរ​ឱ្យមាន​ការកំណត់​ដែនដី​របស់គាត់​ឱ្យមាន​ភាពច្បាស់លាស់ ហើយ​ឱ្យមាន​ការជួយ​អន្តរាគមន៍​បន្ថែម​ទាំង​ធនធាន និង​ផ្នែក​បច្ចេកទេស​ក្នុង​ការកំណត់​ដែនដី និង​ការទទួល​ស្គាល់​សហគមន៍​ពួកគាត់ ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​កាន់តែ​ច្រើន​នៅក្នុង​ការចូលរួមចំណែក​ឱ្យបាន​សកម្ម​ក្នុង​ការការពារ​ធនធាន​ព្រៃឈើ ធនធាន​ដី និង​ជីវចម្រុះ​ក្នុង​សហគមន៍ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​រួចហើយនោះ​។

អ្នកស្រី ឈាន សាវរីយ៍ តំណាង​សហគមន៍​បាន​សង្កេតឃើញ​ថា តាមរយៈ​វេទិកា​ថ្នាក់ជាតិ​ស្តីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ​នេះ​បាន​ជួយ​ឱ្យមាន​ដំណោះស្រាយ​ច្រើន​ជា​បន្តបន្ទាប់​សម្រាប់​ពលរដ្ឋ​នៅតាម​សហគមន៍​នានា ពីព្រោះ​បើសិន​គ្មាន​កម្មវិធី​នេះ​ទេ កង្វល់​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍ មិន​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​ទូលំទូលាយ​ឡើយ​។ ​

ទោះ​យ៉ាងណា​អ្នកស្រី សាវរីយ៍ បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បន្ត​ផ្តល់​ដំណោះស្រាយ​ដោយ​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ពន្លឿន​ការផ្តល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ និង​ផ្តល់​សេវាសាធារណៈ ប្រកប​ដោយ​គុណភាព​ដល់​សហគមន៍ ចុះ​សិក្សា​ពិនិត្យ​វាយតម្លៃ​ឡើងវិញ និង​វិភាគ​ពី​ឫសគល់​នៃ​បញ្ហា​ឱ្យបាន​សមស្រប​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ទីលំនៅ​ឋាន​ថ្មី​។

អ្នកស្រី​ថា​ ស្ថាប័ន​ជំនាញ​ដែល​ទទួល​ខុសត្រូវ​ដោះស្រាយ​វិវាទ​គួរ​ចុះ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ដោយ​មាន​ការចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ រក​ឱ្យឃើញ​នូវ​ចំណុច​វិវាទ មូលហេតុ​វិវាទ​តួអង្គ​ពាក់ព័ន្ធ​នឹង​វិវាទ​និង​ការបង្កើត​ជម្រើស​ដោះស្រាយ ដោយ​ឈរលើ​ការ​ការពិត ច្បាប់ បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ ព្រមទាំង​ការសម្របសម្រួល​ឱ្យមាន​សម្បទាន​ផលប្រយោជន៍​របស់​ភាគី​វិវាទ និង​រាជរដ្ឋាភិបាល​។

លោក​ ឡោ ដាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី​មិន​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ថ្លែងថា ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ សត្វព្រៃ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ គឺមាន​ការល្អប្រសើរ​ព្រោះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ឈរជើង​នៅតាម​តាម​បន់​ការពារ​ធម្មជាតិ​នានា​នៅ​ទូទាំង​ប្រទេស ព្រមទាំង​មាន​ការចុះ​ល្បាត បង្ក្រាប និង​ទប់ស្កាត់ ដោយ​មាន​ការសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

«​តាមរយៈ​ការការពារ​បាន​នូវ​ធនធាន​ធម្មជាតិ​របស់​យើង ការកាត់បន្ថយ​បទល្មើស ហើយ​និង​ការធ្វើ​ឱ្យ​តំបន់​ការពារ​ធម្មជាតិ​កាន់តែ​មាន​សុវត្ថិភាព​ធ្វើឱ្យ​បទល្មើស​ដែលមាន​ទ្រង់ទ្រាយ​ធំ លែងកើត​មាន ប៉ុន្តែ​នៅមាន​បទល្មើស​តូចៗ​តាមរយៈ​ម៉ូតូ គោយន្ត អីហ្នឹង​ដែល​យើង​ត្រូវ​បន្ត​បង្ក្រាប​ថែមទៀត​»៕