សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ​នឹង​បន្ត​បិទ​ការ​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សម្រាប់​រយៈពេល ០៨ (ប្រាំបី) ថ្ងៃ​ទៀត គិត​ចាប់​ពី​ថ្ងៃទី ២១ រហូត​ដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។


យោង​តាម​សេចក្តី​ជូន​ដំណឹង​រួម​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ​បាន​បញ្ជាក់​ថា នឹង​បន្ត​បិទ​ការ​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់​ថា អនុលោម​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​លេខ ៥១ សសរ ចុះថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០២១ ស្តីពី​ការ​បន្ត​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ អាជ្ញាធរជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ នឹង​បន្ត​ពន្យារ​ពេល​បិទ​ការ​ចូល​ទស្សនា​ប្រាសាទ​នានា និង​ផ្អាក​ការ​លក់​សំបុត្រ​ចូល​ទស្សនា ក្នុង​រមណីយដ្ឋាន​អង្គរ​សម្រាប់​រយៈពេល ០៨ (ប្រាំបី) ថ្ងៃ​ទៀត គិត​ចាប់​ពី​ថ្ងៃទី ២១ រហូត​ដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១៕