ឧត្តរមានជ័យៈ ក្នុងរយៈពេលជាង ១ ខែដើមឆ្នាំ ២០១៩ នេះ អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៨ នាក់ដែលលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងតូចៗក្នុងខេត្តឧត្តរមានជ័យ បើទោះបីជាកម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជា បានពង្រឹងការល្បាត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនក៏ដោយ។
លោក វឹក ពិសី មេភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង បានឲ្យដឹងពីម្សិលមិញថា កាលពីដើមខែមករាមានអ្នកភូមិម្នាក់ ឈ្មោះរឿន សិលាត្រូវបានក្រុមទាហានព្រំដែនថៃចាប់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
ចំណែកមន្ត្រីនគរបាលទំនាក់ទំនងកិច្ចការព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកអូរស្មាច់ម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៩ មានពលរដ្ឋខ្មែរ ២ នាក់ ត្រូវបានក្រុមមន្ត្រីយោធាព្រំដែនថៃ ចាប់ខ្លួននៅចំណុចចន្លោះបង្គោលព្រំដែនលេខ ១៣ និង ១៤ ខណៈពួកគេកំពុងឆ្លងដែន ចូលទៅកាប់ឈើក្នុងទឹកដីថៃ។
ពួកគេឈ្មោះ ធី លីន អាយុ ៣៦ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ រ៉ន សារុំ អាយុ ២៨ ឆ្នាំ ជាអ្នករស់នៅស្រុកចំការលើ ខេត្ត កំពង់ចាម។ «តាមរបាយការណ៍ពីតម្រួតការពារព្រំដែនថៃ នៅពេលនេះ ពួកគេត្រូវបានតុលាការខេត្តសុរិន ចោទប្រកាន់ពីបទលួចឆ្លងដែននិងកាប់ឈើក្នុងតំបន់អភិរក្សដោយខុសច្បាប់ និង បានបង្គាប់ឲ្យកងតម្រួតនាំទៅឃុំខ្លួនក្នុងពន្ធនាគារ»។
បើតាមមន្ត្រីរូបនោះ ក្នុងរយៈពេលជាង ១ ខែដើមឆ្នាំ ២០១៩ នេះពលរដ្ឋខ្មែរ ៨ នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែននិងកាប់ឈើខុសច្បាប់។
ជុំវិញករណីនេះ លោក គង់ សុខាន់ មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ ៧០២ បានថ្លែងដោយទទួលស្គាល់ថា បទល្មើសកាប់ឈើនៅតាមជួរព្រំដែន កម្ពុជា-ថៃ ពិតជាកើតមានដោយអន្លើ។
លោក សុខាន់ បន្តថា៖ «កម្លាំងកងល្បាតរបស់យើង ចុះល្បាតការពារសន្តិសុខនិងទប់ស្កាត់រាល់បទល្មើស តាមជួរបន្ទាត់ព្រំដែនជាប្រចាំ តាមកាលវិភាគដែលបានកំណត់ ប៉ុន្តែក្រុមជនល្មើសតែងតែលួចធ្វើសកម្មភាពតាមក្រោយយើងជានិច្ច។ ម្យ៉ាងទៀតដោយសារតំបន់ដែលយើងគ្រប់គ្រង ជាតំបន់ព្រៃភ្នំនិងមានជ្រលងដងអូរច្រើន ដែលក្រុមជនល្មើសងាយនឹងលួចឆ្មក់ឱកាស»។
ស្រដៀងគ្នានេះ លោក ប៉ុក សុផល មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ ៤០២ ថ្លែងថា ជារឿយៗ កម្លាំងរបស់លោក បានទប់ស្កាត់ទាន់ពេលវេលានូវករណីពលរដ្ឋចំណាកស្រុក លួចឆ្លងដែនចូលទៅរកការងារនិងកាប់ឈើនៅថៃនិង បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសបែបនេះតទៅទៀត។ ភាគច្រើននៃជនចំណាកស្រុកទាំងនោះ មកពីខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ និង កំពង់ចាម។
លោក សុផល ថ្លែងបន្តថា៖ «ទោះជាមានការបង្ក្រាបចាប់បានជាបន្តបន្ទាប់ក្តី ក៏យើងនៅមានភាពខ្វះចន្លោះផងដែរ ខណៈពលរដ្ឋចំណាកស្រុកទាំងនោះ នៅតែបន្តលួចចូលទៅទឹកដីថៃ តាមការញុះញង់របស់ក្រុមឈ្មួញទុច្ចរិត»៕